adverise with khmeread 0

បាញ់រះដោយកាំភ្លើងស្វ័យប្រវត្តិក្នុងក្លឹបហូលីដេរបួស២នាក់

    ភ្នំពេញ ៖ អំពើ​បាញ់ប្រហារ​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​លើ​ហ្វូងមនុស្ស​ក្នុង​ក្លឹប​កម្សាន្ត​មេន​ហាត​ធេ​ន​ហូ​លី​ដេ​(HOLIDAY)​បណ្តាល​ឲ្យ​សន្តិសុខ​២​នាក់​រងរបួស ហើយ​ជនដៃដល់​ត្រូវបាន​អាវុធហត្ថ​ចាប់ខ្លួន ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្លោងទ្វារ​ចូល​ក្លឹប​កំសាន្ត មេន​ហាត​ធេ​ន​ហូ​លី​ដេ ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពី​បុរស​ម្នាក់នេះ បាន​បាញ់​ជាច្រើន​គ្រាប់​ចូលក្នុង​ក្លឹប​បណ្តាលឱ្យ​របួស​សន្តិសុខ​យាមកាម​២​នាក់ ។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បានចេញ​អន្តរាគមន៍ ចាប់ខ្លួន​បុរស​ម្នាក់ ឈ្មោះ ចៅ រង្សី អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១១E0 សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

     បន្ទាប់មក​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ពិ​និត្យនៅ​កន្លែងកើតហេតុ​និង​សាកសួរ​ទៅលើ​សាក្សី​ថា ដំបូង​ឡើយ ជនសង្ស័យ​បាន​ដឹក​ប្រពន្ធ​ទៅ​រាំលេង​នៅ​ក្លឹប​ហូ​លី​ដេ ដោយមាន​គ្នា​៧​នាក់ ក្នុងនោះ​មាន​បងថ្លៃ​និង​មិត្ត​ភ័ក្ត្រ​ផងដែរ​។​

    ពេល​កំពុង​រាំលេង ក៏មាន​ក្រុម​ផ្សេង​មក​ប៉ះ​ចង្កេះ​ប្រពន្ធ ហើយ​ជនសង្ស័យ​ជា​ប្តី​បាន​ខឹង​បាន​ឈ្លោះ​គ្នា​ក្នុង​ក្លឹប​ហើយ​សន្តិសុខ​ក៏បាន​ដេញ​ចេញមកក្រៅ ។​រំពេច​នោះ​ប្រពន្ធ​ក៏បាន​ទៅជា​មួយ​បងថ្លៃ​បាត់​ហើយ​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ ទៅយក​កាំភ្លើង​នៅផ្ទះ ។​

    ក្រោយមក​ក៏​ជិះ​ត្រឡប់មកវិញ​ឈប់​នៅមុខ​ក្លឹប ហើយ​បាន​ទាញ​កាំភ្លើង​ចេញពី​កែបម៉ូតូ រួច​ស្រែ​ករក​ឈ្មោះ​"៧៩​ជា​ប្រធាន​សន្តិសុខ​" ឲ្យ​ហៅ​ក្រុម​ដែល​ប៉ះ​ចង្កេះ​ប្រពន្ធ​របស់គាត់​នោះ ចេញមកក្រៅ​ដើម្បី​ដោះស្រាយ​គ្នា​។​ប៉ុន្តែ​សន្តិសុខ​បាន​និយាយ​សម្រួល​ចរចា មិន​ឲ្យ​ចូលក្នុង​ក្លឹប​ខ្លាច​មានរឿង​ធំ ព្រោះ​ជនសង្ស័យ​មាន​កាន់​កាំភ្លើង​ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ទៀតផង​។​

    ពេលនោះ​ឈ្មោះ ដុំ ធី ហៅ​២៩ បាន​ព្យាយាម​សម្រួល​ឲ្យ​ជនសង្ស័យ​ត្រឡប់​ទៅវិញ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ក៏បាន​ដក​កាំភ្លើង​បាញ់រះ​មកលើ​ក្រុម​សន្តិ សុខ​ហូ​លី​ដេ​តែម្តង​បណ្តាល​ឲ្យ​របួស​២​នាក់​បញ្ជូនទៅ​ពេទ្យ​កាល់ម៉ែត​។​

    ក្រៅពីនោះ​សមត្ថកិច្ច​បាន​ដកហូត​អាវុធ​វែង​១​ដើម​ម៉ាក AR15 លេខ​5677 គ្រាប់​ក្នុង​បង់​៦​គ្រាប់ និង​សំបក​គ្រាប់​បាញ់​ហើយ​ចំនួន​៦​គ្រាប់​និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​PCX​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-9233 ។​

    ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​កាំភ្លើង​នោះ​រូបគាត់​បាន​ទិញ​ពី​ទាហាន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​។​

    មន្ត្រី​ងា​វុ​ធ​ហត្ថ​បន្តថា ជនរងគ្រោះ​ទី​១-​ឈ្មោះ កង ចិ​ត្រា អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​សន្តិសុខ និង ទី​២ -​ឈ្មោះ ដុំ ធី អាយុ​៤២​ឆ្នាំ ជា​សន្តិសុខ ហើយ​ពេលនេះ​ជនរងគ្រោះ​កំពុង​ត្រូវ​សង្គ្រោះ បន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត បន្ទាប់ពី​ម្នាក់​ត្រូវចំ ពោះ​និង​ម្នាក់ទៀត​ត្រូវចំ​ដៃ​ខាងស្តាំ ៕​

adverise with khmeread

មតិយោបល់