ក្រុមមន្ត្រីឥណ្ឌូនេស៊ីនិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអាកាសឥណ្ឌូនេស៊ីបានកំពុងរៀបចំធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួនក្នុងសប្តាហ៍នេះក្បែរកោះមួយចំនួនក្នុងសមុទ្រចិនខាងត្បូង ក្នុងការបង្ហាញអធិបតេយ្យភាពជុំវិញតំបន់សម្បូរប្រេងនិងឧស្ម័ន (សមុទ្រចិនខាងត្បូង) ដែលស្ថិតក្បែរទឹកដី ដែលចិនកំពុងអះអាងសិទ្ធិកាន់កាប់។
ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កាលពីខែមិថុនាបានបើកយុទ្ធនាការមិនរំពឹងទុកមួយដើម្បីពង្រឹងការនេសាទ ការរុករកប្រេង និងទីតាំងការពារជាតិនៅជុំវិញប្រជុំកោះ Natuna ក្រោយពីមានការប្រឈមមុខគ្នាជាច្រើនលើករវាងកងទ័ពជើងទឹកឥណ្ឌូនេស៊ី និង ទូកនេសាទចិន។
ទោះបីពុំមានជម្លោះទាមទារទឹកដីកោះ Natuna ជាមួយឥណ្ឌូនេស៊ីក្តី ក៏ប៉ុន្តែចិនបានធ្វើឱ្យឥណ្ឌូនេស៊ីខឹងដោយនិយាយថា ប្រទេសទាំងពីរ "មានការអះអាងកាន់កាប់ត្រួតស៊ីគ្នា" លើដែនទឹកក្បែរប្រជុំកោះ Natuna ដែលសមុទ្រនោះ ឥណ្ឌូនេស៊ីហៅថា Natuna Sea។
លោក Jemi Trisonjaya អ្នកនាំពាក្យឱ្យកងកម្លាំងទ័ពអាកាសឥណ្ឌូនេស៊ីបាននិយាយថា "យើងចង់បង្ហាញវត្តមានរបស់យើងក្នុងតំបន់នេះ។ យើងមានកងកម្លាំងអាកាសល្អគ្រប់គ្រាន់ដើម្បីការពារខ្លួន"។
កងទ័ពអាកាសចំនួនជាង ២.០០០ នាក់បានកំពុងចូលរួមក្នុងសមយុទ្ធរយៈពេលពីរសប្តាហ៍នេះ ក្នុងនោះមានការហោះហើរយន្តហោះជាច្រើនគ្រឿង មានម៉ាក Sukhoi របស់រុស្ស៊ី និង F-16 របស់អាមេរិក៕
ប្រភព៖ channelnewsasia
