Music therapy

អត្ថប្រយោជន៍មិនគួរឲ្យជឿទាំង ៧ នៃការព្យាបាលដោយតន្ត្រី

តន្ត្រី​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​លើ​រាងកាយ​និង​គំនិត​របស់​មនុស្ស​។ ការព្យាបាលមនុស្សដោយប្រើតន្ត្រីក៏កំពុងមាននិន្នាការកើនឡើងផងដែរក្នុងវិស័យថែទាំសុខភាព។ គួរឲ្យស្តាយ មនុស្សជាច្រើនមិនដឹងសូម្បីថាតើអំណាចនៃការព្យាបាលដោយតន្ត្រីមានប្រសិទ្ធភាព និងមានប្រយោជន៍កម្រិតណានោះឡើយ។ ជាការពិត តន្ត្រីជាញឹកញយត្រូវបានគេប្រើដើម្បីទប់ស្កាត់ពីជំងឺបាក់ទឹកចិត្ត និងធ្វើឲ្យមានអារម្មណ៍ស្ងប់ និងបន្ធូរបន្ថយភាពតឹងណែនរបស់សាច់ដុំ។ ការព្យាយបាលដោយតន្ត្រីអាចនាំមកនូវអត្ថប្រយោជន៍ច្រើនរាប់មិនអស់។ សូមអានបន្តដើម្បីស្វែងរកមើលអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ នៃការព្យាបាលដោយតន្ត្រី។ 

១- វាមានប្រសិទ្ធភាពព្យាបាលរោគសំខាន់ៗជាច្រើន
វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេដែលការព្យាបាលដោយតន្ត្រីកំពុងមានការពេញនិយម។ មន្ទីរពេទ្យជាច្រើនបានកំពុងប្រើប្រាស់ការព្យាបាលដោយតន្ត្រីសម្រាប់គ្រប់គ្រងការឈឺចាប់ និងការប្រើប្រាស់ផ្សេងៗទៀត។ ជាងនេះទៅទៀត តន្ត្រីពីបណ្តាវប្បធម៌អស្ចារ្យជាច្រើនគឺមានប្រសិទ្ធភាពព្យាបាលរោគខុសៗគ្នា ប៉ុន្តែមនុស្សជាច្រើនពេញចិត្តស្តាប់តន្ត្រីនៃវប្បធម៌ផ្ទាល់របស់ពួកគេជាង ព្រោះពួកគេមើលឃើញថាវាមានប្រសិទ្ធភាពជាងក្នុងការព្យាបាល និងធ្វើឲ្យអារម្មណ៍ធូរស្បើយ។ ជាងនេះទៀត តន្ត្រីសម្រាប់ការតាំងសមាធិអាចធ្វើឲ្យអ្នកស្ងប់អារម្មណ៍បានយ៉ាងងាយស្រួល។ ចូរកំណត់ពេលមួយដាច់ដោយឡែករៀងរាល់ថ្ងៃដើម្បីធ្វើសមាធិជាមួយនឹងការចាក់តន្ត្រីបែបស្រទន់អារម្មណ៍ ដូចជាប្រភេទតន្ត្រីពីដើម (Classic) តន្ត្រីរ៉ុកបែបស្រទន់ និងសូរខ្យល់បក់ព្រមទាំងសម្លេងសត្វយំដ៏រណ្តំចិត្តផ្សេងៗ។  

២- តន្ត្រី​ទាក់ទាញ​រំញោច​ប្រព័ន្ធ​ប្រសាទ
មនុស្សនីមួយៗយល់ឃើញផ្សេងគ្នាអំពីប្រភេទតន្ត្រីខុសៗគ្នាតាមវិធីខុសៗគ្នា។ ប្រសិនបើធ្វើការប្រៀបធៀបតន្ត្រីពីដើម និងតន្ត្រីបែបញាក់កន្ត្រាក់អារម្មណ៍ យើងអាចចង្អុលបង្ហាញថា តន្ត្រីពីដើមធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ និងធូរចិត្ត ខណៈតន្ត្រីបែបញាក់កន្ត្រាក់អារម្មណ៍ជាធម្មតាធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកលោតញាប់។ នៅទីបំផុត ចង្វាក់បេះដូងដែលលោតញាប់នឹងចាប់ផ្តើមផលិតចេញនូវការព្រួយបារម្ភដ៏ស្មុគ្រស្មាញមកកាន់ខួរក្បាលរបស់អ្នក។ តន្ត្រីអាចផ្លាស់ប្តូរថាមពលរបស់អ្នកពីខឹងមកសប្បាយរីករាយជាមួយនឹងការជួយពីប្រភេទនៃតន្ត្រីផ្សេងៗគ្នា។ ដូច្នេះត្រូវព្យាយាមស្តាប់តន្ត្រីណា ដែលធ្វើឲ្យអារម្មណ៍របស់អ្នកអស្ចារ្យ។ 

៣- តន្ត្រីអាចធ្វើឲ្យអារម្មណ៍របស់អ្នកល្អប្រសើរឡើង
វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលថាតន្ត្រីត្រូវបានផ្សារភ្ជាប់ទៅនឹងអារម្មណ៍របស់មនុស្ស។ គ្រប់គ្នាដឹងថា ការស្តាប់តន្ត្រីខណៈកំពុងមានអារម្មណ៍មួហ្មង ឬអារម្មណ៍មិនល្អអាចធ្វើឲ្យមានអារម្មណ៍ធូរស្បើយឡើងវិញ។ អ្វីដែលមនុស្សភាគច្រើនមិនដឹងនោះគឺថា តន្ត្រីអាចនាំមកនូវអារម្មណ៍កាន់តែវិជ្ជមាន ដោយជួយទប់កុំឲ្យកើតជំងឺបាក់ទឹកចិត្ត និងព្រួយបារម្ភ។ តន្ត្រីក៏អាចជួយមនុស្សឲ្យជម្នះនូវការលំបាកក្នុងជីវិតផងដែរ។ អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា មនុស្សអាចធ្វើឲ្យអារម្មណ៍របស់ខ្លួនបានប្រសើរឡើងដោយគ្រាន់តែស្តាប់នូវតន្ត្រីដែលខ្លួនពេញចិត្ត។ តន្ត្រីមានអំណាចធ្វើឲ្យអ្នកញញឹម រាំ និងជួនកាលវាអាចនាំមកនូវទឹកភ្នែកដល់អ្នកទៀតផង ជាពិសេសប្រសិនបើអ្នកជាមនុស្សដែលឆាប់រំភើប និងងាយបង្ហាញនូវអារម្មណ៍មនោសញ្ចេតនា។ 

៤- តន្ត្រីមានឥទ្ធិពលលើភាពវ័យឆ្លាតរបស់ខួរក្បាល
យោងតាមការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ តន្ត្រីផលិតនូវរំញ័រសម្លេង ដែលអាចបង្កើនភាពវ័យឆ្លាតរបស់ខួរក្បាល។ ភាគច្រើនគឺវាអាស្រ័យលើល្បឿននៃការញាក់ញ័ររបស់តន្ត្រីប៉ុណ្ណោះ។ តន្ត្រីអាចធ្វើឲ្យអ្នកមានការប្រុងប្រយ័ត្នស្មារតីខ្ពស់ ធ្វើឲ្យធូរស្បើយ និងស្ងប់ក្នុងចិត្តផងដែរ។ អារម្មណ៍ស្ងប់អាចជួយអ្នកឲ្យគិតវិជ្ជមាន និងមានភាពស្វាហាប់ក្នុងខួរក្បាល។  

៥- តន្ត្រីព្យាបាលអាការៈផ្លូវកាយ និងផ្លូវចិត្ត
តន្ត្រីជួយព្យាបាលអាការៈផ្លូវកាយ និងផ្លូវចិត្តខុសៗគ្នាជាច្រើន។ វាត្រូវបានគេសបញ្ជាក់ថាមានប្រសិទ្ធភាព ព្រោះមនុស្សមានប្រតិកម្មដែលអាចវាស់វែងបានច្បាស់លាស់ចំពោះភ្លេង និងសម្លេងជាក់លាក់។ ប្រភេទតន្ត្រីព្យាបាលអារម្មណ៍បានបង្ហាញប្រសិទ្ធភាពក្នុងការនាំមកនូវអារម្មណ៍កាន់តែមានសុខភាពល្អ និងអារម្មណ៍ធូរស្បើយឡើងៗ។ ការព្យាបាលដោយតន្ត្រីអាចធ្វើឲ្យធូរស្បើយនូវជំងឺវង្វេង ជំងឺដេកមិនលក់ និងជំងឺខ្វះស្មារតីផ្ចង់។ អ្នកដែលកើតជំងឺបាក់ទឹកចិត្តគួរតែស្តាប់តន្ត្រីដែលខ្លួនចូលចិត្តឲ្យបានច្រើន។ អ្នកអនុវត្តជាច្រើននាក់ជឿជាក់ថា តន្ត្រីអាចធ្វើឲ្យទាំងរាងកាយ និងអារម្មណ៍ទទួលបាននូវការធូរស្បើយកាន់តែច្រើន។

៦- តន្ត្រីបង្ហាញឲ្យឃើញពីអារម្មណ៍ពិតចេញមកក្រៅ
សព្វថ្ងៃគ្រូពេទ្យព្យាបាលជាច្រើនបានព្យាយាមព្យាបាលមនុស្សជាមួយនឹងការជួយពីតន្ត្រី និងរូបភាពណែនាំ។ ពួកគេជឿថាវាអាចជួយឲ្យពួកគេដឹងអំពីចិត្តខាងក្នុងរបស់អ្នកជំងឺ រកឃើញ និងកំចាត់មូលហេតុដើមដែលនាំឲ្យកើតអារម្មណ៍ព្រួយចិត្ត និងបាក់ទឹកចិត្ត។ តន្ត្រីអាចជាគន្លឹះចំពោះដំណោះស្រាយនៃបញ្ហាសុខភាពរបស់អ្នក។ លើសពីនេះទៀត អ្នកក៏អាចបញ្ចេញនូវអារម្មណ៍ដែលលាក់បាំងរបស់អ្នកចេញមកក្រៅតាមរយៈតន្ត្រីបានផងដែរ បើអ្នកស្តាប់តន្ត្រីបែបមនោសញ្ចេតនា និងអន្លង់អន្លោច នោះបង្ហាញថាអ្នកកំពុងខូចចិត្តជាដើម។ 

៧- តន្ត្រីគឺជាមធ្យោបាយនៃការសម្តែងអារម្មណ៍ខ្លួនឯង
មនុស្សទាំងអស់គ្នាមិនអាចរស់នៅដោយគ្មានការសម្តែងអារម្មណ៍ខ្លួនឯងនោះទេ។ មនុស្សខ្លះចូលចិត្តស្តាប់តន្ត្រី ខណៈអ្នកផ្សេងទៀតស្រឡាញ់ការបង្កើត និងលេងភ្លេង និងចម្រៀង។ មិត្តខ្ញុំគឺជាអ្នកស្រឡាញ់ខាងលេងឧបករណ៍វីយូឡុង។ នាងពូកែខាងការនិពន្ធចម្រៀងដោយខ្លួនឯង។ វាហាក់បីដូចជានាងស្លុងទាំងស្រុងទៅក្នុងដំណើរការបង្កើតតន្ត្រី និងមានការពេញចិត្តផ្ទាល់ខ្លួនខ្លាំងណាស់ខណៈពេលលេងវីយូឡុង។ ខ្ញុំគិតថាតន្ត្រីគឺជាវិធីល្អបំផុតដើម្បីសម្តែងចេញនូវបុគ្គលិកលក្ខណៈរបស់អ្នក។ តន្ត្រីនិពន្ធដោយខ្លួនអ្នកផ្ទាល់អាចមានប្រសិទ្ធភាពព្យាបាលដ៏សក្តិសិទ្ធលើខ្លួនអ្នក និងអ្នកដទៃផងដែរ។ 

តន្ត្រីគឺជារបស់មួយដ៏ស្រស់ស្អាតបំផុតដែលបង្កើតឡើងដោយមនុស្ស។ ខ្ញុំមិនអាចស្រមៃឃើញពីពិភពលោកនេះទេប្រសិនបើគ្មានតន្ត្រី។ ខ្ញុំសង្ឃឹមថាមនុស្សនឹងឆាប់ចេះរៀនពីរបៀបប្រើប្រាស់តន្ត្រីឲ្យឆ្លាតវៃ។ តើអ្នកធ្លាប់ប្រើតន្ត្រីក្នុងគោលបំណងព្យាបាលជំងឺទេ? តើអ្នកគាំទ្រការព្យាបាលដោយតន្ត្រីសម្រាប់ជាមធ្យោបាយមួយដើម្បីព្យាបាលមនុស្សដែរឬទេ? 

មតិយោបល់