adverise with khmeread Unnamed %281%29

អត្ត​ព​លិ​ក​ឆ្នេរ​ខ្សាច់​កម្ពុជា​ទទួលបាន​មេដាយ​៤១​គ្រឿង​និង​ចំណាត់ថ្នាក់​លេខ​៦

    វៀតណាម ៖ ក្រុម​អត្ត​ព​លិ​ក​ឆ្នេរ​ខ្សាច់​កម្ពុជា ៤​ ប្រភេទ​កីឡា ដែល​បាន​ទៅ​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី លើក​ទី​៥ ឆ្នាំ​២០១៦ នៅ​ប្រទេស​វៀតណាម​នោះ បាន​វិលត្រឡប់​មកដល់​មាតុភូមិ​របស់ខ្លួន​វិញ​អស់ហើយ កាលពី​ល្ងាច ម្សិលមិញ ដោយ​ក្រុមកីឡា​ល្បុក្កតោ​ធ្វើដំណើរ​តាម​រថយន្តក្រុង និង​១​ក្រុម​ទៀត​វិលត្រឡប់​តាម​ជើងហោះហើរ ដែលមាន​អត្ត​ព​លិ​ក​វ៉ូ​វី​ណា​ម​, បាល់ទះ​ឆ្នេរ​ខ្សាច់ និង​ចំបាប់​។​

    ក្រោយពី​បញ្ចប់​កម្មវិធី​បិទ​នៃ​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់ លើក​ទី​៥ ឆ្នាំ​២០១៦ នៅ​ប្រទេស​វៀតណាម​ជា លទ្ធផល​កម្ពុជា​ទទួល​បាន​មេដាយមាស​៦​វិញ្ញាសា​,​ប្រាក់​៦​វិញ្ញាសា និង​សំរឹទ្ធ​៩​វិញ្ញាសា សរុប​ចំនួន​២១​វិញ្ញាសា​ស្មើនឹង​៤១​គ្រឿង។​

    នេះ​ជា​ជោគជ័យ​យ៉ាង​ធំធេង និង​ជា​កំណត់ត្រា​ថ្មី​របស់​កម្ពុជា ដែល​កម្ពុជា​អាច​ឈរលើ​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​៤៥​ប្រទេស បើ​ប្រៀបធៀប​ទៅនឹង​កា​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​៤ កាលពី​ឆ្នាំ​២០១៤ នៅ ប្រទេស​ថៃ ដែល​កម្ពុជា​ទទួលបាន​តែ​មេដាយ​សំរឹទ្ធ​១​ប៉ុណ្ណោះ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣៦​ឯណោះ​។​

    ក្នុងចំណោម​៥​ប្រភេទ​កីឡា​របស់​កម្ពុជា​ដែល​បាន​បញ្ជូនទៅ​ចូលរួម​ប្រកួត​នោះ គឺមាន​តែ​៣​ប្រភេទ​កីឡា ប៉ុណ្ណោះ​ដែល​ឈ្នះ​មេដាយ គឺ​ប្រភេទ​កីឡា​ប៉េតង់​ឆ្នេរ​ខ្សាច់ មេដាយមាស​៣​វិញ្ញាសា​, ប្រាក់​១ និង​សំរិទ្ធ​ចំនួន​៣ វិញ្ញាសា​។ 

    កីឡា​វ៉ូ​វី​ណា​ម មេដាយមាស​២, ប្រាក់​១ សំរិទ្ធ​៤ និង​ល្បុកតោ មេដាយមាស​១, ប្រាក់​៤ និង​សំរិទ្ធ​២ វិញ្ញាសា​។ បើ​គិត​ជា​គ្រឿង គឺ​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ចំនួន​៤១​គ្រឿង​។​

    ថ្លែងប្រាប់​ក្រុម​អ្នក​សារពត៌មាន​កីឡា​ជាតិ​, លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា កីឡា​ប៉េតង់ និង​វ៉ូ​វី​ណា​ម​របស់​កម្ពុ​ជាមាន​កម្រិត​បច្ចេកទេស​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​។
 
    ប្រភេទ​កីឡា​របស់​កម្ពុ​ជាមាន​ស​ម​ត្ថ​ភាព​ក្នុង​កម្រិត​ថ្នាក់​អាស៊ី​ប៉ុណ្ណោះ ប៉ុន្តែ​កម្ពុជា​នឹង​ជំរុញ​ឱ្យ​ឈានដល់​កម្រិត​អូឡាំពិក និង​លំដាប់ថ្នាក់​ពិភពលោក​ជា​បន្តទៀត នាពេលខាងមុខ​។ 

    លោក​បន្ថែមថា ដោយឡែក​កីឡា​តេ​ក្វាន់​ដូ​កម្ពុ​ជាមាន​សមត្ថភាព​ក្នុង​កម្រិត​អាស៊ី​រួចហើយ​។ កម្ពុជា​នឹង​ជំរុញ​លើកទឹកចិត្ត​ហើយ​ជួយ​អភិវឌ្ឍ​បន្ថែម​លើ​ប្រភេទ​កីឡា​ទាំងនេះ​ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ចូល​រួប​ប្រកួតប្រជែង​យក​មេដាយ​ជូន​ជាតិ​៕

adverise with khmeread

មតិយោបល់