adverise with khmeread Untitled 1

មិន​នឹកស្មាន​! ទាហាន​រ៉ូ​ម៉ាំង​បុរាណ​ប្រើតែ​សត្វ​ជ្រូក​អាច​កម្ចាត់ទ័ព​ដំរី​របស់​សត្រូវ​បាន​

    ​នរណា​ក៏​ដឹង​ដែរ​ថា មនុស្ស​សម័យបុរាណ​ប្រើប្រាស់​សត្វពាហនៈ​ក្នុង​សឹកសង្គ្រាម​។ មនុស្ស​សម័យ​នោះ​ប្រើ​សត្វ​សេះ ដំរី ឆ្មា ឆ្កែ ស្វា និង​សូម្បី​រមាស​ក្នុង​សមរភូមិ​។ ប៉ុន្តែ​មាន​នរណា​នឹកស្មាន​ដល់​ថា សូម្បី​សត្វ​ជ្រូក​ដែលជា​អាហារ​ឆ្ងាញ់​របស់​មនុស្ស ក៏​អាច​ប្រើ​ធ្វើជា​អាវុធ​ក្នុង​សម័យបុរាណ​នោះ​? 

​    ​ប្រហែល​អំឡុង​ឆ្នាំ ២៤០ មុន​ឝ​.​ស​. សត្វ​ជ្រូក​ត្រូវគេ​ជឿថា​ជា​អាវុធ​ពេញនិយម​សម្រាប់​សឹកសង្គ្រាម​នៅក្នុង​សម័យ​រ៉ូ​ម៉ាំង​។ គេ​ប្រើ​ជ្រូក​ភាគច្រើន​គឺ​ដើម្បី​ទប់ទល់​នឹង​ទ័ព​ដំរី​របស់​សត្រូវ​។ 

​    ​ពួក​រ៉ូ​ម៉ាំង​បាន​រកឃើញថា សត្វ​ជ្រូក​មាន​សមត្ថភាព​បំភ័យ​ដំរី​បាន​។ មនុស្ស​សម័យ​រ៉ូ​ម៉ាំង​បាន​ប៉ាត​ចន្លុះ​លើ​ខ្នង​ជ្រូក ហើយ​នៅពេល​ជ្រូក​ចូល​កៀក​ដំរី ទាហាន​រ៉ូ​ម៉ាំង​នឹង​ចាប់ផ្តើម​ដុត​ចន្លុះ​លើ​ខ្នង​ជ្រូក​ភ្លាម​ដើម្បី​បណ្តេញ​ទ័ព​ដំរី​របស់​សត្រូវ​។ 

​     យោងតាម​ឯកសារ​របស់​អ្នកនិពន្ធ​រ៉ូ​ម៉ាំង​ឈ្មោះ Gaius Plinius Secundus ឬ​ហៅថា លោក Pliny the Elder "​សត្វ​ដំរី​ខ្លាច​បំផុត​គឺ​សំឡេង​ស្រែក​របស់​ជ្រូក​"​។ ទាហាន​រ៉ូ​ម៉ាំង​ដុត​ជ្រូក​ដើម្បីឱ្យ​វា​ឈឺចាប់​ស្រែក​ខ្លាំងៗ រួច​រត់​សំដៅទៅ​ហ្វូង​ទ័ព​ដំរី ដោយ​ធ្វើឱ្យ​ដំរី​ភ័យ​ស្លន់ស្លោ រត់​បែក​ហ្វូង ជាហេតុ​ធ្វើឱ្យ​ទ័ព​សត្រូវ​ចាញ់​ច្រាប​បាក់ទ័ព​៕

adverise with khmeread
ប្រភព៖ historyisnowmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់