adverise with khmeread Unnamed

អាវុធហត្ថ​ខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង​មួយចំនួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ចែកចាយ​នៅតាម​ដងផ្លូវ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​ថ្លូ​វ ខណ្ឌចំការមន។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត មុខសញ្ញា​ខាងលើ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​នៅ​ថ្ងៃកើតហេតុ​កម្លាំង​បានឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន។​

    ពេលនោះ​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ភ្លាមៗ​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ស្ថិត​ក្នុងភូមិ​១២ សង្កាត់​ទន្លេបាសាក់ ដោយ​រកឃើញ​ថ្នាំញៀន​២​កញ្ចប់។ បន្ទាប់ពី​ធ្វើការ​សួរនាំ​រួចមក ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​បាន​ទិញ​ពី​គេ​យកមក​លក់​បន្ត​នៅក្រោយ​ក្រុមហ៊ុន ​QB ពេលនោះ​កម្លាំង​បាន​ចុះទៅ​ទីតាំង​នោះ​ភ្លាមៗ និង​ឃាត់ខ្លួន​បាន​២​នាក់​ទៀត ដោយ​រកឃើញ​ថ្នាំញៀន​៩​កញ្ចប់ និង​វត្ថុតាង​មួយចំនួនទៀត។​

    ក្រោយមក​កម្លាំង​អាវុធហត្ថ​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ​បញ្ចូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់