adverise with khmeread 2

កីឡាករ​ជម្រើស​សូ​ហ្វ​តិ​ន្នី​សមាន​ជំងឺគ្រុនឈាម ទទួល​បានជា​លើកទឹកចិត្ត​រដ្ឋមន្ត្រីក្រសួង​អប់រំ​

​    ​ភ្នំពេញ ៖ កីឡាករ​ជម្រើសជាតិ​កម្ពុជា ឯក ចំរើន ដែល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នោះ ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​១​លាន​រៀល ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កីឡាករ​រូបនេះ​តាមរយៈ​លោក​អគ្គនាយក​កីឡា អ៊ុក សិទ្ធិ​ជាតិ និង​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​    ​លោក​អគ្គនាយក​កីឡា និង​លោក ប៉ុន សុខ ដែល​បាន​អញ្ជើញ​ទៅសួរសុខទុក្ខ និង​ប្រគល់ជូន​ថវិកា​ដល់​ក្រុមគ្រួសារ​របស់​កីឡាករ​ជម្រើសជាតិ មានប្រសាសន៍ថា  នេះ​ជា​ថវិកា​ផ្ទាល់​របស់លោក​ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ថវិកា​នេះ​នឹង​ជួយ​សម្រួល​ថ្លៃ​ព្យាបាល​បាន​ខ្លះៗ​។ 

​    ​លោក ប៉ុន សុខ បានបញ្ជាក់​ឱ្យដឹងថា ខាង​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ក៏បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការព្យាបាល​កីឡាករ​រូបនេះ​ដែរ​។​

​    ​លោក​បញ្ជាក់ថា កីឡាករ ឯក ចំរើន បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ប៉ុន្តែ​ស្ថានភាព​កីឡាករ​រូបនេះ​មាន​សភាព​ធ្ងន់ធ្ងរ ទើប​បញ្ជូនមក​ព្យាបាល​នៅ​កាល់​ម៉ែត្រ​ដែលមាន​រយៈពេល​៣​ថ្ងៃ​ហើយ​។​

​    ​បើតាម​ការ​ឱ្យដឹងពី​ក្រុមគ្រួសារ​បាន​អះអាងថា នៅថ្ងៃនេះ​ស្ថានភាព​ជំងឺគ្រុនឈាម​របស់ ឯក ចំរើន មាន​សភាព​ធូរស្រាល​មកវិញ​បន្តិច​ហើយ បន្ទាប់ពី​ទទួលបាន​ការពិនិត្យ​តាមដាន​ជំងឺ និង​ព្យាបាល​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​នោះ​។​

​    ​សូមបញ្ជាក់ថា កីឡាករ​សូ​ហ្វ​តិ​ន្នី​ស ឯក ចំរើន ធ្លាប់​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​អន្តរជាតិ​៣​ព្រឹត្តិការណ៍​ធំៗ​កាលពីពេល​កន្លងទៅ​៕​

adverise with khmeread

មតិយោបល់