Unnamed

ឃាត់​បុរស​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​បឹងកក់​២

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​០៥​ ខែតុលា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១០ ​និង​៤០​នាទី​យប់​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្រុម​១០៦ ​ភូមិ​២៣​ សង្កាត់​បឹងកក់​២​ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​អធិការដ្ឋាន​សហការ​ជាមួយ​កម្លាំង​កា​រិ​យា​ល​យ័​ជំនាញ​មានកា​សង្ស័យ​ក៏បាន​ឃាត់​ជនសង្ស័យ​០២​នាក់​ធ្វើការ​ត្រួតពិនិត្យ​នៅ​ចំណុច​គោលដៅ​ខាងលើ​រកឃើញ​ក្រាម​ស​ថ្លា​សង្ស័យ​គ្រឿងញៀន​មួយកញ្ចប់​តូច។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ​ ស៊ីម ណាក់ ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​មុខរបរ​ត់​តុ​នៅ​ភោជនីយដ្ឋាន ​AWJ​ ស្នាក់នៅ​ក្នុង​ហាង​ផ្លូវលំ ​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ និង​២-​ឈ្មោះ​ ភឿន សុភ័​ក្រ ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន ​AWJ​ ផ្លូវលំ​ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក​រួមមាន ក្រាម​ស​ថ្លា​សង្ស័យ​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​តូច​,​ ម៉ូ​តូ​០១ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ព​ណ៌​ខ្មៅ​ឆ្នាំ​២០០៧​ឡើង​តែម​២០១៥ ​ពាក់​ស្លាក​លេខ​ 1AP7619 ​ភ្នំពេញ​មាន​លេខ​តួ​នឹង​ម៉ាស៊ីន ​៨២០១៦៥៣​ និង​​វិទ្យុទាក់ទង​ចំនួន​មួយ​ម៉ាក ​Motorola។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​រួម​នឹង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

មតិយោបល់