Unnamed %286%29

កុមារា​អាយុ​៩​ឆ្នាំ យក​បាយ​ឱ្យ​ឪពុក​នៅ​បឹង​ធំ​លង់ទឹក​ស្លាប់​

    កណ្តាល ៖ មាន​ករណី​កុមារា​អាយុ​៩​ឆ្នាំ​ម្នាក់​រងគ្រោះ​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​០៥​ តុលា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៤​ និង​៥០​នាទី​ល្ងាច​នៅ​ចំណុច​ប្រឡាយទឹក​បឹង​ធំ​ក្នុង ភូមិ​តារា​បដូ​នស​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ខណៈ​យក​បាយ​ទៅឱ្យ​ឪពុក​របស់ខ្លួន​នៅ​បឹង​ធំ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ ឈួន ប៊ុន​ថា​ត​ ហៅ​ក្រឹប ​ភេទ​ប្រុស ​អាយុ​០៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ទីលំនៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​ និង​ពេលវេលា​កើតហេតុ ជនរងគ្រោះ​ និង​បងប្រុស​ឈ្មោះ ​ឈួន ប៊ុន​ថា ​បាន​ជិះ​ម៉ូតូ​យក​បាយ​ទៅ​ឱ្យ​ឪពុក​របស់ខ្លួន​ដែល​ដេកចាំ​ដាក់មង​នៅក្នុង​បឹង​ធំ ពេលទៅដល់​បឹង​ទាំងពីរ​នាក់​បងប្អូន​បាន​ដើរ​លុយ​ទឹក​ជម្រៅ​ត្រឹម​ភ្លៅ​យក​បាយ​ទៅឱ្យ​ឪពុក។​

    ពេលនោះ​មេឃ​មាន​ភ្លៀង​យ៉ាងខ្លាំង បងប្រុស​បាន​ដេញ​ឱ្យ​ជនរងគ្រោះ​ដើរមក​លើគោក​មុន។ ​ចំណែក​ខ្លួន​នៅ​ឈរ​ចាំ​ឪពុក​អុំទូក​មក​យក​បាយ ពេល​ឱ្យបាយ​ឪពុក​រួច ក៏​ដើរ​ឡើងមក​វិញ ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​លង់ទឹក​ប្រឡាយ រួច​ក៏បាន​ស្រែកប្រាប់​ឪពុក​ថា​ "ពុក​អើយ​អា​ក្រឹប​លង់ទឹក​ហើយ "​។​

    ឮដូចនេះ​ឪពុក​ជនរងគ្រោះ​បានមក​លើក​ជនរងគ្រោះ​ពី​ទឹក​យកមក​ផ្ទះ។ លុះដល់​ម៉ោង​៨​ និង​៣០​នាទី​យប់​ទើប​លោក​មេភូមិ​បាន​រាយការណ៍​មក​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​។​

    ក្រោយ​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ ភូមិ ឃុំ​និង​គ្រូ​ពេទ្យ​ឃុំ បាន​ចុះ​ពិនិត្យ​សព​ក្មេងរងគ្រោះ​និង​បាន​បញ្ជាក់ថា​៖ ​នៅលើ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ។​

    តាម​ការសន្និដ្ឋាន​រប​ស់​ប៉ូលិស​គឺ​ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក សព​បាន​ប្រគល់ជូន​ឪពុកម្តាយ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់