adverise with khmeread Unnamed %283%29

ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ចាញ់​ក្រុម​ភ្ញៀវ​ហុងកុង ០-២ ​ក្នុងជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ លើក​ទី​២

    ភ្នំពេញ ៖ ក្រុម​ម្ចាស់​ម្ចាស់ផ្ទះ ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ មកពី​ហុងកុង ដោយ​លទ្ធផល ០​ទល់ ២ នៅក្នុង​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ លើក​ទី​២ កាលពី​យប់មិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ បន្ទាប់ពី​ជំនួប​លើក​ទី​១ កាលពីដើម​ខែកញ្ញា កម្ពុជា​ចាញ់ ហុងកុង ២​ទល់​៤​។​

    ខ្សែបម្រើ​ស្លាប​ដើមកំណើត​ហ្គា​ណា Godfred Karikari បាន​ទាត់​បាល់​បញ្ចូល​ទី នៅ​នាទី ទី​៧ ហើយ​ខ្សែប្រយុទ្ធ​ដើមកំណើត​នី​ហ្សេ​រី​យ៉ា Alexander Oluwatayo Akande បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​៣២ ដើម្បី​នាំ​ឱ្យ​ក្រុម​​ហុងកុង​ទទួល​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ២​ទល់​០​។​

    ឈានដល់​វគ្គ​ទី​ពីរ កម្ពុជា​មានការ​ប្រកួត​កាន់តែ​ប្រសើរ តែ​ពួកគេ​នៅតែ​មិនអាច​ទម្លាយ​សំណាញ់​លើ​ក្រុម​ហុងកុង​វិញ​បានឡើយ​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​ពីរ​របស់​ហុងកុង​ក្រោម​ការដឹកនាំ លោក Kim Pangon ដោយ​កាលពី​ការប្រកួត​លើកទីមួយ​នៅលើ​ទឹកដី​ហុងកុង​។​

    លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានចាត់ទុក​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង គឺជា​ការប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ដកស្រង់​បទពិសោធន៍​ក៏ដូចជា​បច្ចេកទេស​ល្អៗ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជម្រុះ​បឋម ពានរង្វាន់ AFF Suzuki Cup ប្រចាំឆ្នាំ​២០១៦​។​

    គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​រំពឹងថា កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​មិត្តភាព​៣​លើក និង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​នៅ​សិង្ហ​បុរី​អស់​រយៈ​១០​ថ្ងៃ​កន្លងមក​។ 

    លោក​រំពឹងថា ក្រោយ​ចប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ សមត្ថភាព​របស់​កម្ពុ​ជា​នឹងមាន​ការវិវត្ត​មួយកម្រិត​ថែមទៀត​។ 

    ដោយឡែក​នៅ ល្ងាច​ថ្ងៃអាទិត្យ ទី​៩ តុលា ចុង​សប្តាហ៍​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ប្រកួត​មិត្តភាព​មួយ​ប្រកួត​ទៀត ជាមួយ​ក្រុម​ជម្រើសជាតិ​ស្រីលង្កា នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦ និង​៣០​នាទី​ល្ងាច​ដូចគ្នា​។​

    សូមបញ្ជាក់ថា ការប្រកួត​មិត្តភាព​ជាច្រើន​ប្រកួត​បែបនេះ គឺ​ដើម្បី​គោលដៅ​ចង់​បង្កើន​សមត្ថភាព​សម្រាប់ ការប្រកួត​វគ្គ​ជម្រុះ​កីឡាបាល់ទាត់​ដណ្តើម​ជើងឯក​អាស៊ាន​AFF Suzuki Cup 2016 នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១​ខែតុលា ខាងមុខ ដោយ​ក្រុម​ដែលមាន​ចំណាត់​ថ្នាក់ទាប កម្ពុជា ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ ត្រូវ​ប្រជែង​គ្នា​ដើម្បី​បំពេញ​មួយ​កៅអី​ក្នុង​ពូ​ល B នៅ​ជុំ​ចុងក្រោយ​។​ប្រសិនបើ​ក្រុម​ណា​មាន​ពិន្ទុ​ខ្ពស់​នឹង​ឡើងទៅ​ជួប​ជាមួយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី នៅ​ជុំ​បន្ទាប់​ក្នុង​ពូ​ល​B៕

adverise with khmeread

មតិយោបល់