adverise with khmeread Unnamed

Pisnoka FC ឈ្នះ Fuxin ៣-១ ព្រឹត្តិការណ៍ KMH Cup​ រដូវ​កាល​ថ្មី ២០១៦-២០១៧

    ភ្នំពេញ ៖ ក្រុម​ការពារ​ម្ចាស់​ដំណែង​ជើងឯក​រដូវ​កាល​ចាស់​២០១៥, Pisnoka FC​រកបាន​៣​ពិន្ទុ​បន្ថែមទៀត ដោយ ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា បន្ទាប់ពី​សប្តាហ៍​នេះ​បាន​យក ឈ្នះ​ក្រុម Fuxin ដោយ​លទ្ធផល ៣​ទល់​១ នៃ​ព្រឹត្តិការណ៍ KMH Cup រដូវ​កាល​ថ្មី ២០១៦ ២០១៧ កាលពី​ល្ងាច ម្សិលមិញ នៅ​ទីលាន KHM​។​

    នៅក្នុង​ការប្រកួត​សន្សំ​ពិន្ទុ​នេះ ក្រុម Fuxin បាន​នាំមុខ​១​គ្រាប់​មុន នៅ​នាទី​២៤ ដោយ​លទ្ធផល ១​ទល់​០ នេះ​រក្សាបាន​រហូតដល់​បញ្ចប់​ការប្រកួត​នៅ​វគ្គ​ទី​១ ប៉ុន្តែ​ចូលដល់​វគ្គ​ទី​២ Pisnoka FC ធ្វើ​សម្រេចបាន​៣​គ្រាប់​តែ ម្តង ដោយ​រកបាន​នៅ​នាទី​៥៩ នាទី​៧១ និង​នៅ​នាទី​៧២​។​

    លោក ​គួច សុ​កុម្ភៈ គ្រូបង្វឹក​ក្លឹប​បាល់ទាត់ Pisnoka FC និង​ជា​កីឡាករ​អាជីព​ឆ្នើម​របស់​កម្ពុជា​ផង​នោះ បាន​ឲ្យ​ដឹងថា ដើម្បី​ការពារ​ដំណែង​ជើង ឯក​នៅ​រដូវ​កាល​ថ្មី​នេះ កូនក្រុម​របស់លោក​បាន​រៀបចំ​កម្មវិធី​ហ្វឹកហាត់ ដ៏​ទៀងទាត់ និង​តែងតែបាន​ណាត់ជួប​ប្រកួត​ជាមួយ​បណ្តា​ក្រុមបាល់ទាត់​នានា ដើម្បី​រក្សា​ថាមពល​កម្លាំង និង ថែមទាំង​បាន​បច្ចេកទេស​កាន់តែ​សម្បូរបែប ប្រយោជន៍​លេង​ឲ្យ​ស៊ីសង្វាក់​គ្នា និង​ស្វែងរក​ជ័យជម្នះ​សម្រាប់​ការ ប្រកួត​ជា​ផ្លូវការ​ផងដែរ​។​

    ក្រៅពីនេះ​ក្រុម MV FC ឈ្នះ GCS United ដោយ​លទ្ធផល 3​ទល់​2 ។ ក្រុម Posenchy FC ឈ្នះ Dunh Penh FC 3​ទល់​2 ខណៈ​ក្រុម TN Kandal FC ប្រកួត​ចាញ់ CSSC-Rolling FC នៅក្នុង​លទ្ធផល ២​ទល់​៣​។​

    សូម​រំឭកថា ព្រឹត្តិការណ៍ KMH Cup នេះ​ធ្វើឡើង​បាន​៣​លើក​ហើយ បូករួម​ទាំង​រដូវ​កាល​ថ្មី​នេះ ដោយ​២ លើក កន្លងទៅ ព្រឹត្តិការណ៍​មួយ​នេះ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ដោយបាន​ស្វែងរក​ថវិកា​បានជា​ច្រើន​ម៉ឺន ដុល្លារ​បរិច្ចាគ​ទៅកាន់​កិច្ចការ​មនុស្សធម៌ ជាពិសេស​គឺ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​តែម្តង​។ 

    ក្រៅពី​គោលដៅ​មនុស្សធម៌ KMH Cup ក៏បានផ្តល់​ឱកាស​ដល់​យុវជន​នានា ដែល​មក​ចូលរួមបាន​លេង​កីឡាបាល់ទាត់​ដើម្បី​សុខមាលភាព ផ្ទាល់ខ្លួន រិត​ចំណង​សាមគ្គីភាព និង​មិត្តភាព​ជាមួយគ្នា​ឲ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ មិនតែប៉ុណ្ណោះ​ថែមទាំង បានរួម​ចំណែក​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​មួយ កម្រិត ទៀតផង​៕​

adverise with khmeread

មតិយោបល់