adverise with khmeread 14590134 1322542957778814 6275993720928656270 o

ព្យុះ​ទីហ្វុង Chaba ដ៏​ខ្លាំងក្លា នៅ​កូរ៉េ​ខាងត្បូងពុំមាន​ជនជាតិខ្មែរ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​

    កូ​រ៉េ​ខាងត្បូង៖ ព្យុះ​ Chaba ដ៏​ខ្លាំងក្លាដែលបង្កទឹកជំនន់ នៅ​សាធារណរដ្ឋ​កូរ៉េ​ពុំមាន​ជនជាតិខ្មែរ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ខណៈ​ពលរដ្ឋ​កូរ៉េ​បាត់​ខ្លួន​ចំនួន ៤​នាក់ និង​បាន​បំផ្លាញ​ផ្ទះ​ចំនួន ៥០០​ខ្នង ហាង​ចំនួន ១៥០ និង​រថយន្ដ​ចំនួន ១.០៤៦​គ្រឿង​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ចេញផ្សាយ​នៅថ្ងៃនេះ។​

    យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​បញ្ជាក់ថា "ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​នៅ​ប្រទេស​កម្ពុជា និង​កំពុង​រស់នៅ ធ្វើការ និង​ស​ក្សា នៅ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់ ឱ្យបាន​ជ្រាបថា មកទល់ពេលនេះ គឺ​ពុំមាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ដែល​កំពុង​រស់នៅ​លើទឹក​ដី​នៃ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់ រងគ្រោះ​ដោយសារ ព្យុះ​ទឹកជំនន់​ Typhoon Chaba ដ៏​ខ្លាំងក្លា ដែល​បាន​វាយប្រហារ តំបន់​ជាច្រើន នៅ​ភាគខាងត្បូង នៃ​ប្រទេស​កូរ៉េ កាលពី​ថ្ងៃ​ពុធ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦ នេះ​ទេ"​។​

    សេចក្តីជូនដំណឹង​បន្តថា "បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សុវត្ថិភាព​សាធារណៈ និង​សន្ដិសុខ របស់​សាធារណរដ្ឋ​កូរ៉េ បានប្រកាសថា​មាន​ពលរដ្ឋ​កូរ៉េ​បាត់​ខ្លួន​ចំនួន ៤​នាក់ និង​បាន​បំផ្លាញ​ផ្ទះ​ចំនួន ៥០០​ខ្នង ហាង​ចំនួន ១៥០ និង​រថយន្ដ​ចំនួន ១,០៤៦​គ្រឿង ក្នុង​គ្រោះ​ព្យុះ​ទឹកជំនន់ ​Typhoon Chaba នេះ​"៕

    ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​សូម​បន្ដ​អំពាវនាវ​ដល់ បណ្ដា​សមាគម និង​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស តាម​តំបន់​ទាំងអស់ ជួយ​តាមដាន​ព័ត៌មាន ថា​តើ ព្យុះ​ទឹកជំនន់​នេះ បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ដែរឬទេ​?៕


 

adverise with khmeread

មតិយោបល់