Kim Kardashian បានដកខ្លួនចេញពីក្រសែភ្នែកសាធារណជន ក្រោយពីហេតុការណ៍ប្លន់គ្រឿងអលង្ការតម្លៃ ១១ លានដុល្លារនៅផ្ទះជួលរបស់នាងក្នុងទីក្រុងប៉ារីសកាលពីយប់ថ្ងៃចន្ទកន្លងទៅនេះ។
ការថតកម្មវិធីរបស់នាងលើកញ្ចក់ទូរទស្សន៍ត្រូវបានផ្អាក ហើយនាងក៏មិនបានបង្ហោះអ្វីថ្មីចូលទៅបណ្តាញសង្គមរបស់នាងនោះដែរ ចំពេលដែលមានការលើកឡើងថា ការញៀនបង្អួតទ្រព្យសម្បត្តិរបស់នាងនៅលើ Instagram និង Snapchat បានធ្វើឱ្យនាងក្លាយជាគោលដៅរបស់ចោរ។
ប៉ុន្តែសម្រាប់មនុស្សដែលមានមុខរបរពឹងលើបណ្តាញសង្គម ដែលត្រូវបង្ហាញមុខជាសាធារណៈឥតឈប់ឈរនោះ ការសម្រេចចិត្តនៅស្ងាត់ពីសាធារណជននឹងធ្វើឱ្យ Kim Kardashian ខាតបង់យ៉ាងច្រើន។
អ្នកជំនាញព្យាករណ៍ថា នាងនឹងខាតបង់ ១ លានដុល្លារក្នុងមួយខែ។ ប្រាប់ទៅទស្សនាវដ្តី People ទីប្រឹក្សាហិរញ្ញវត្ថុសម្រាប់តារាៗ លោក Samuel Rad បានពន្យល់ថា រាល់ Post លើបណ្តាញសង្គមនីមួយៗមានតម្លៃ ២០០.០០០ ដុល្លារសម្រាប់តែម៉ាកយីហោផលិតផលរបស់នាងប៉ុណ្ណោះ មិនគិតផ្ទាំងផ្សាយពាណិជ្ជកម្មក្រុមហ៊ុនដទៃនោះទេ។
ប៉ុន្តែលោកបានបកស្រាយថា ប្រសិនបើដោះស្រាយបានត្រឹមត្រូវ Kim Kardashian អាចនឹងរកលុយបានយ៉ាងច្រើនក្នុងពេលដ៏ខ្លី៕
