Untitled 1

​កាសែត​រុស្ស៊ី​មួយ​ព្រមាន​អំពី​សង្គ្រាមលោកលើកទីបី​ជាមួយ​អាមេរិក​

    ​កាសែត​រុស្ស៊ី​មួយ​បាន​ព្រមាន​ថា លោក​ប្រធានាធិបតី​វ្ល៉ា​ឌឺ​មៀរ​ពូ​ទីន​កំពុង "​លេងល្បែង​ដ៏​គ្រោះថ្នាក់​មួយ​" នៅក្នុង​ជម្លោះ​ស៊ី​រី​ដែល​អាច​នាំឱ្យមាន​សង្គ្រាម​លោក​ទី​បី​កើតឡើង​។​

​    ​កាសែត​ដ៏​ពេញនិយម​នៅរ​ស្ស៊ី​គឺ Moskovsky Komsomolets បានចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​ដោយ​លើកឡើងថា អរិភាព​ក្នុងប្រទេស​ស៊ី​រី​អាច​បង្កឱ្យមាន​ការប្រឈមមុខ​យោធា​ផ្ទាល់​រវាង​ប្រជាជាតិ​ទាំងពីរ (​អាមេរិក និង​រុស្ស៊ី​) ដែល​ការប្រឈមមុខ​នេះ​មាន​ទំហំ​ប៉ុន​វិបត្តិ​នុយ​គ្លេ​អែរ​គុយបា​ក្នុង​ឆ្នាំ ១៩៦២​។​

​    ​ការព្រមាន​នេះ​បានកើត​ឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បញ្ឈប់​ការពិភាក្សា ហើយ​បាន​ហៅ​អ្នកចរចា​របស់ខ្លួន​ពី​ទីក្រុង Geneva មក​អាមេរិក​វិញ​។ ស្របពេល​នេះដែរ រុស្ស៊ី​បាន​ពន្យារ​កិច្ចព្រមព្រៀង​មួយ​ក្នុងការ​បំផ្លាញ​សារធាតុ​ផលិត​អាវុធ​នុយ​គ្លេ​អែរ Plutonium របស់ខ្លួន​។ ក្នុងចំណោម​កិច្ច​ព្រម​ព្រម​ដែល​ត្រូវ​ចរចា​នោះ​ក៏មាន​ការបញ្ចប់​ទណ្ឌកម្ម​លើ​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​    ​នៅក្នុង​អត្ថបទ​មួយ​ជាមួយ​ចំណងជើង "​ហានិភ័យ​មាន​ខ្ពស់​នៅ​ស៊ី​រី​" របស់​កាសែត​ឯកជន​ដែល​ធ្លាប់​ត្រូវបាន​គេ​រិះគន់​ចំពោះ​អត្ថបទ​រសើប បាន​ព្រមាន​ថា សង្គ្រាមលោកលើកទីបី​អាច​ផ្ទុះឡើង​។​

​    ​យោងតាម​ការ​ប្រែ​សម្រួល​ដោយ​កាសែត The Sun របស់​អង់គ្លេស អត្ថបទ​នេះ​បានសរសេរថា "​សាក​ស្រមៃ​មើលថា​សហរដ្ឋអាមេរិក​បានធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើជា​យូរណាស់​មកហើយ​នោះ ហើយ​វាយប្រហារ​មកលើ​លោក​អាសាដ មិនមែន​ដោយ​កំហុស​ទេ​តែ​ជា​ចេតនា និង​បើកចំហរ​បំផុត​"​។​

​    ​កាសែត Moskovsky Komsomolets បាន​បន្ថែមទៀតថា "​ប្រសិនបើ​រុស្ស៊ី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន (​ស៊ី​រី​) ឬក៏​ពិចារណា​វាយបក​មកលើ​អាមេរិក អ៊ីចឹង​រឿងនេះ​នឹង​នាំឱ្យមាន​សង្គ្រាមលោក​ទី​បី​កើតឡើង​។ រុស្ស៊ី​អាច​ជោគជ័យ​ធំ​សម្បើម​នៅ​ប្រទេស​ស៊ី​រី ប៉ុន្តែ​ក៏​បាត់បង់​ធំធេង​ដែរ​។ យើង​មិនត្រូវ​ភ្លេច​ថា នៅក្នុង​ប្រទេស​ស៊ី​រី យើង​កំពុង​លេងល្បែង​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​។ បើ​យោងតាម​អ្នកបើក​យន្តហោះ​ចម្បាំង​របស់​យើង រឿង​ដែល​យើង​អាចធ្វើ​បានល្អ​បំផុត​គឺ​បំផ្លាញ​កងកម្លាំង​ចម្រុះ​មួយចំនួន ប៉ុន្តែ​ការបាញ់​នេះ​មានន័យថា ជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​"​។​

​    ​កាសែត Moskovsky Komsomolets ចែកចាយ​មួយថ្ងៃ​ជិត ១ លាន​ច្បាប់ ដោយ​ធ្វើឱ្យ​កាសែត​នេះ​សម្បូរ​អ្នកអាន​បំផុត​មួយ​ក្នុងប្រទេស​រុស្ស៊ី​៕

ប្រភព៖ Independent

មតិយោបល់