2

អាវុធហត្ថឃាត់ជនសង្ស័យ ៤ នាក់ដកហូតម៉ាទឹកកក១៨កញ្ចប់តូច

     ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៦ នេះ​អាវុធហត្ថ​ខណ្ឌដង្កោ​បានបង្ហាញ​មុខ​ជនសង្ស័យ ៤ នាក់​ដែល​កម្លាំង​បាន​ឃាត់ខ្លួន ក្រោយពេល​ឆែកឆេរ​ឃើញ​មាន​ថ្នាំ​ញៀ​ម​ក្រាម​ស​ថ្លា​កាលពី​វេលា​ម៉ោង ១០​និង ៤០​នាទី​យប់​ថ្ងៃទី ១០​ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
    មន្ត្រី​អាវុធហត្ថ​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹងថា យប់​ម៊ិ​ញ​នេះ​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន ខណៈ​នោះបាន​ប្រទះឃើញ ជនសង្ស័យ ៣ នាក់ មាន​ម៉ូតូ ២ គ្រឿង​កំពុង​ឈរ​និយាយ​គ្នា​។​
    ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​អាវុធហត្ថ​បានធ្វើ​ការឆែកឆេរ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​រត់គេចខ្លួន តែ​ត្រូវ​កម្លាំង​ធ្វើការ​ឃាត់​ជាប់ បន្ទាប់ពី​ឆេ​ក​ឆេរ​រួចមក​ក៏​ឃើញ​មាន​សារធាតុ​ញៀន​ក្រាម​ស​ថ្លា ១​កញ្ចប់​តូច​ដែល​ជនសង្ស័យ​បោះចោល​នៅក្បែរ​ខ្លួន ។ ក្រោយពី​ធ្វើការ​ឆែក​ជនសង្ស័យ​ទាំង ៣​នាក់​រួម​ជាមួយនិង​ម៉ូតូ ២​គ្រឿង ត្រូវបាន​កម្លាំង​នាំមក​កាន់ អាវុធហត្ថ​ខណ្ឌដង្កោ​។​
    មន្ត្រី​ដដែល​បាន​បន្ដទៀតថា ជនសង្ស័យ​ទាំង​៣ នាក់ ទី​១-​ឈ្មោះ ជួន ឧត្ដម ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ បន្ទប់​ជួល​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ទី​២ -​ឈ្មោះ សេង យ៉េន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​មេជាង​ម្ដុំ​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​និង ទី ៣-​ឈ្មោះ ចក់ ជាតិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
    ក្រោយពី​ទទួលបាន​ចម្លើយសារភាព​ពី​ជនសង្ស័យ ឈ្មោះ ចក់ ជាតិ​រួច​ឈាន​មកដល់​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៦ ទើប​ធ្វើការ​ឃាត់ខ្លួន​នូវ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ អុង ផល្លិត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​ដកហូត​បាន​នូវ​សារធាតុ​ញៀន​ក្រាម​ស​ថ្លា ចំនួន ១៧ កញ្ចប់​តូច​បន្ថែមទៀត​, ទូរស័ព្ទ​ចំនួន ២​គ្រឿង និង​ថវិកា​មួយចំនួន​។​
    ក្រោយពី​ឃាត់ខ្លួន​រួចមក​ជនសង្ស័យ​ទាំង ៤ នាក់​រួមជាមួយ​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​បន្ដ​៕


មតិយោបល់