adverise with khmeread Pregnant

ហេតុផលអស្ចារ្យចំនួន ៧ ដែលត្រូវធ្វើលំហាត់ប្រាណពេលមានគភ៌

គួរឲ្យស្តាយ ស្ត្រីមានផ្ទៃពោះភាគច្រើនខ្លាចមិនហ៊ានហាត់ប្រាណទេព្រោះពួកគេគិតថាពួកគេអាចធ្វើឲ្យប៉ះពាល់ដល់គភ៌។ ការធ្វើលំហាត់ប្រាណនៅពេលអ្នកមានផ្ទៃពោះគឺពិតជាល្អណាស់សម្រាប់អ្នក និងទារកក្នុងផ្ទៃ ប៉ុន្តែអ្នកគួរយកចិត្តទុកដាក់ចំពោះប្រភេទនៃការហាត់ប្រាណដែលអ្នកនឹងត្រូវធ្វើ។ ការហាត់ប្រាណអាចកាត់បន្ថយការឡើងសម្ពាធឈាម កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គ្រប់គ្រងអ័រម៉ូន និងជួយអ្នកត្រៀមខ្លួនបានល្អសម្រាប់ការសម្រាលកូន។ ប៉ុន្តែមុននឹងចាប់ផ្តើមកម្មវិធីហាត់ប្រាណរបស់អ្នក អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកអំពីការហាត់ប្រាណអំឡុងពេលមានគភ៌ និងស្វែងរករាល់ព័ត៌មាន និងការណែនាំចាំបាច់ទាំងឡាយ។ ខាងក្រោមនេះគឺជាបញ្ជីនៃហេតុផលដ៏អស្ចារ្យមួយចំនួនដើម្បីធ្វើលំហាត់ប្រាណនៅពេលអ្នកមានគភ៌។

១- ពង្រឹងរាងកាយ និងស្មារតីរបស់អ្នក 
នៅពេលអ្នកហាត់ប្រាណអ្នកនឹងពង្រឹងស្មារតី និងរាងកាយរបស់អ្នក និងត្រៀមខ្លួនបានយ៉ាងល្អសម្រាប់សម្រាលកូន។ ការសិក្សាមួយចំនួនបានបង្ហាញថា ការធ្វើលំហាត់ប្រាណអំឡុងពេលមានគភ៌អាចជួយកាត់បន្ថយពេលវេលានៃការសម្រាលកូន។ អ្នកនឹងអាចសម្រាលកូនមកយ៉ាងលឿន និងថែមទាំងធូរស្បើយពីការសម្រាលយ៉ាងឆាប់រហ័សដោយសារតែការមានសុខភាពល្អអំឡុងពេលមានគភ៌។ ដូច្នេះប្រសិនបើវេជ្ជបណ្ឌិតអ្នកណែនាំអ្នកឲ្យធ្វើលំហាត់ប្រាណ តើអ្នកនៅរង់ចាំអ្វីទៀត? 

២- ជួយបង្កើនសកម្មភាពខួរក្បាលកូនរបស់អ្នក
ការសិក្សាមួយដែលរៀបចំដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Montreal​ ក្នុងឆ្នាំ ២០១៣ បានបង្ហាញថា ការហាត់ប្រាណល្មមៗរយៈពេល ២០នាទី និង ៣ ដងក្នុងមួយសប្តាហ៍ ជួយបង្កើនថាមពលខួរក្បាលកូនរបស់អ្នក។ មុនការសិក្សានេះ មនុស្សជាច្រើនបានដឹងត្រឹមតែថា ការធ្វើលំហាត់ប្រាណអាចបង្កើនសកម្មភាពខួរក្បាលកូនក្នុងផ្ទៃប៉ុណ្ណោះ មិនមែនបង្កើនថាមពលខួរក្បាលកូននោះទេ។ នេះគឺជាហេតុផលសំខាន់មួយក្នុងការធ្វើលំហាត់ប្រាណខណៈកំពុងមានគភ៌។ 

៣- គេងបានស្កប់ស្កល់
ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងអំឡុងពេលមានគភ៌ ជាពិសេសក្នុងរយៈពេល ៣ខែចុងក្រោយនៃការមានគភ៌ ការធ្វើលំហាត់ប្រាណនឹងអាចជួយអ្នកបានក្នុងរឿងនេះ។ កុំបារម្ភអី ស្ត្រីមានគភ៌ភាគច្រើនមានបញ្ហាគេងមិនលក់នៅត្រង់ដំណាក់កាលនេះ មិនមែនមានតែអ្នកនោះទេ។ ប្រសិនបើអ្នកយល់ឃើញថាខ្លួនឯងរសាប់រសល់ និងបែរខ្លួនចុះឡើងពេញមួយយប់ ត្រូវជជែកជាមួយវេជ្ជបណ្ឌិតរបស់អ្នក និងពិចារណាធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃ។ 

៤- ជួយសម្រាលការឈឺខ្នង
ការឈឺខ្នងអំឡុងពេលមានគភ៌គឺជាការរអ៊ូរទាំទូទៅរបស់ស្ត្រីមានគភ៌សឹងគ្រប់គ្នាទៅហើយ។ មានវិធីច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីព្យាបាលការឈឺខ្នង ហើយការហាត់ប្រាណគឺជាវិធីមួយក្នុងចំណោមនោះ។ តាមរយៈការហាត់ប្រាណអំឡុងពេលមានគភ៌ អ្នកអាចកាត់បន្ថយការឈឺខ្នង ឬថែមទាំងបំបាត់វាបានទាំងស្រុងទៀតផង។ កុំដេកត្រង់ខ្លួនឲ្យសោះពេលអ្នកធ្វើលំហាត់ប្រាណ ព្រោះធ្វើបែបនេះនឹងធ្វើឲ្យឈាមហូរទៅទារករបស់អ្នក។ 

៥- កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌
ការធ្វើលំហាត់ប្រាណអំឡុងពេលមានគភ៌ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានគភ៌ផងដែរ។ ជំងឺទឹកនោមផ្អែមពេលមានគភ៌កើតឡើងនៅពេលដែលអ្នកមានជាតិស្ករច្រើននៅក្នុងរាងកាយ។ ដើម្បីចៀសវាងរឿងនេះ ត្រូវធ្វើឲ្យប្រាកដថា អ្នកញ៉ាំតែអាហារដែលល្អដល់សុខភាព និងហាត់ប្រាណឲ្យបានទៀងទាត់។ ប្រាកដណាស់ គ្មានការធានាជាក់លាក់ណាមួយឡើយថាការហាត់ប្រាណពិតជាអាចទប់ស្កាត់ជំងឺទឹកនោមផ្អែមអំឡុងមានគភ៌ ដោយសារតែជំងឺជួនកាលអាចជាកត្តាដំណពូជ។ ទោះយ៉ាងណា អ្នកនៅតែអាចកាត់បន្ថយហានិភ័យនេះបានតាមរយៈការត្រួតត្រាឲ្យបាននូវទម្ងន់របស់អ្នក ធ្វើលំហាត់ប្រាណ និងទទួលទានអាហារដែលល្អដល់សុខភាព។ 

៦- ជួយឲ្យអ្នកឆាប់វិលត្រឡប់ទៅរករាងកាយមុនពេលមានគភ៌យ៉ាងរហ័ស
ជួនកាលវាអាចមានការលំបាកខ្លាំងណាស់ដើម្បីវិលទៅរករាងកាយមុនពេលមានគភ៌របស់អ្នក ប៉ុន្តែប្រសិនបើអ្នកហាត់ប្រាណជាទៀតទាត់ អ្នកអាចតាមដានចំនួនគីឡូដែលបានកើនឡើង ដើម្បីឲ្យវាស្ថិតក្នុងកម្រិតមួយដែលមានសុខភាពល្អ ពោលពី ៩ ទៅ ១៨ គីឡូក្រាមគឺជាកម្រិតឡើងទម្ងន់ដែលមានសុខភាពល្អហើយ។ ដូច្នេះប្រសិនបើអ្នកហាត់ប្រាណអំឡុងពេលមានគភ៌ អ្នកនឹងឆាប់វិលត្រឡប់មករកទម្ងន់មុនពេលមានគភ៌បានយ៉ាងរហ័ស។ 

៧- រក្សាតុល្យភាពអ័រម៉ូនរបស់អ្នក
ដោយសារអ័រម៉ូនរបស់អ្នកមានការប្រែប្រួលអំឡុងពេលមានគភ៌ ដូច្នេះសូមកុំឆ្ងល់អីថាហេតុអ្វីបានជាពេលខ្លះអ្នកអង្កេតឃើញខ្លួនឯងមានអារម្មណ៍មិនល្អ និងពេលខ្លះមានអារម្មណ៍រីករាយ។ ដើម្បីកាត់បន្ថយការប្រែប្រួលអារម្មណ៍ សូមព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់។ ការហាត់ប្រាណអាចជួយធ្វើឲ្យអ័រម៉ូនរបស់អ្នកមានតុល្យភាពក៏ដូចជាបង្កើនភាពជឿជាក់របស់អ្នកផងដែរ។ 

ដូចដែលអ្នកបានឃើញហើយ ការធ្វើលំហាត់ប្រាណមិនអាក្រក់ទេសម្រាប់ស្ត្រីមានផ្ទៃពោះ។ គ្រាន់តែធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក ស្តាប់រាងកាយរបស់អ្នក និងរីករាយជាមួយនឹងការហាត់ប្រាណល្មមៗ ហើយសូមកុំភ្លេចផឹកទឹកឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។ ប្រសិនបើអ្នកមានផ្ទៃពោះ តើអ្នកនឹងហាត់ប្រាណទេ?

adverise with khmeread

មតិយោបល់