adverise with khmeread  89923466 023909688 1

ការិយាល័យ​រាជវាំង​ថៃ​ប្រកាសថា សុខភាព​របស់​ព្រះមហាក្សត្រ​អាឌុលយ៉ាដេត "​មិន​នឹងន​" ទេ

    ​យោងតាម​ប្រភព​សារព័ត៌មាន Channelnewsasia រាជវាំង​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​៩ តុលា​ថា ក្រុម​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត បានដាក់​ឧបករណ៍​ជំនួយការ​ដកដង្ហើម Ventilator ថ្វាយ​ព្រះអង្គ​ក្នុង​សប្តាហ៍​នេះ ដោយ​បន្ថែមថា ព្រះរាជសុខភាព​របស់​ក្សត្រ​ព្រះជន្ម ៨៨ វស្សា​អង្គ​នេះ "​មិន​នឹងន​"​។ 

​    ​សេចក្តីថ្លែងការណ៍​ចុងក្រោយ​ដែល​ចេញ​ដោយ​ការិយាល័យ​រាជវាំង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​និយាយថា ឧបករណ៍​ជំនួយការ​ដកដង្ហើម​បានដាក់​ថ្វាយ​ទ្រង់ បន្ទាប់ពី​សម្ពាធ​ឈាម​របស់​ព្រះអង្គ​ធ្លាក់ចុះ បន្ទាប់ពី​ធ្វើការ​វះកាត់​ដើម្បី​ត្រៀម​លាង​ឈាម​ថ្វាយ​ទ្រង់ និង​ប្តូរ​បំពង់​បង្ហូរ ដែល​ជួយ​បង្ហូរទឹក​ចេញពី​ឆ្អឹងខ្នង​របស់​ទ្រង់​។​

​    ​សេចក្តីថ្លែងការណ៍​លើកឡើង​ទៀតថា "​ក្រុម​វេជ្ជសាស្ត្រ​កំពុង​ឃ្លាំមើល​រោគសញ្ញា​របស់​ទ្រង់ និង​ផ្តល់​ការព្យាបាល​យ៉ាង​ប្រយ័ត្នប្រយែង ព្រោះ​រោគសញ្ញា​ជារួម​នៃ​ព្រះរោគ​ទ្រង់​នៅ​មិនទាន់​នឹងន​ទេ​"​។​

​    ​ព្រះអង្គ​ភូមិបុល​គឺជា​ព្រះមហាក្សត្រ​គ្រងរាជ្យ​យូរ​បំផុត​របស់​ពិភពលោក និង​ជា​ក្សត្រ​ដែលមាន​ប្រជាជន​ស្រឡាញ់​ច្រើន​ក្នុងប្រទេស​ថៃ​។ ប៉ុន្តែ​ទ្រង់​ពុំបាន​បង្ហាញ​ព្រះភ័ក្ត្រ​ជា​សាធារណៈ​ជិត​មួយឆ្នាំ​មកហើយ ខណៈដែល​ទ្រង់​តស៊ូ​ជាមួយ​ជំងឺ​ជាច្រើន នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក​។ 

​    ​ជា​យូរ​មកហើយ រាជវាំង​តែង​គ្រប់​គ្រង់​ដំណឹង​ទាក់ទង​សុខភាព​របស់​ទ្រង់​យ៉ាង​តឹងរ៉ឹង ហើយ​វា​ពិតជា​ពិបាក​ក្នុងការ​អះអាង​ឱ្យ​ច្បាស់លាស់​អំពី​ស្ថានភាព​ទាំងស្រុង​របស់​ទ្រង់​។ ក្នុង​ប៉ុន្មាន​ខែ​មកនេះ រាជវាំង​បាន​បញ្ចេញ​ព័ត៌មាន​ថ្មីៗ​ច្រើន ដែល​បង្ហាញ​អំពី​បញ្ហា​សុខភាព​ធំៗ​របស់​ទ្រង់ រួមមាន ខ្សោយតម្រងនោម​ជាដើម​។​

​    ​អំឡុង​ពីរ​ឆ្នាំ​មកនេះ ទ្រង់​ក៏​ទទួល​ការព្យាបាល​ឆ្លង​មេរោគ​បង្កដោយ​បាក់តេរី អា​ការៈពិបាក​ដកដង្ហើម បញ្ហា​បេះដូង និង​ទឹក​ដក់​ក្នុង​ខួរក្បាល​៕ 

ប្រភព៖ Channelnewsasia

adverise with khmeread

មតិយោបល់