adverise with khmeread Image1

បើក​ម៉ូតូ​ស្រវឹង​បត់​ផ្លូវ ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​៤​នាក់​

    កណ្តាល ៖ មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយសារ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ហើយ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​ស្រាល​៤​នាក់​ទាំង​សងខាង​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៥៣​នាទី ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​០២ ស្ថិតក្នុង​ភូមិ​ព្រែ​ឬ​ស្សី សង្កាត់​ក្រពើ​ហារ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ លុយ វិ​ឆៀវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក, ​ទី​២-​ឈ្មោះ លុយ វិ​ឆ​យ័ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងដែក, ​ទី​៣-​ឈ្មោះ​ អា​រុណ រស្មី ភេទ​ស្រី អាយុ១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ អ្នក​ទាំង​០៣​នាក់ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច ឃុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ និង​ទី​៤-​ឈ្មោះ ស៊ាំ វ​ណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ​។​

    ប៉ូលិស​បន្តថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ ស៊ាំ វណ្ណៈ បាន​បើកបរ​ម៉ូតូ​ម៉ាក ស៊ី​ធី ផ្លាស់ ពណ៌​ក្រហម​គ្មាន ពាក់មួក​សុវត្ថិភាព គ្មាន​ដាក់​កញ្ចក់ (​ល្មើសច្បាប់​ចរាចរណ៍​) ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ ពី​ទិសដៅ​ពី​ត្បូង ទៅ​ទិស​ខាងជើង។​

    លុះដល់​ចំណុចកើតហេតុ​ខាងលើ បាន​បត់​ឆ្វេង ក៏ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-0789 ជិះ​គ្នា​០៣​នាក់ បើកបរ​បញ្ច្រាស​ទិស​គ្នា​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង បណ្តាលឱ្យ​ផ្លាត​ខ្ទាត​ទប់​ទៅនឹង​ផ្លូវថ្នល់ រងរបួស​បែកក្បាល​ហូរឈាម​សន្លប់​ម្នាក់ និង​០៣​នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល​។​

    ភ្លាមៗ​នោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ជំនាញ​ចរាចរណ៍​ក្រុង​តា​ខ្មៅ​មកដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំងពី​រគ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។​

    ប៉ូលិស​ចរាចរណ៍​បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​អ្នកបើក​ម៉ូតូ​ ស៊ី​ធី​ផ្លាស់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង គ្មាន​កញ្ចក់ គ្មាន​ពាក់មួក​សុវត្ថិភាព​ល្មើសច្បាប់​ចរាចរណ៍៕
 

adverise with khmeread

មតិយោបល់