ភ្នំពេញ ៖ រថយន្តបែនដឹកដី១គ្រឿងបានបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំងដាច់កាឡេកង់មុខជាប់គាំងទៅមុខលែងរួចនៅចំណុចស្តុបផ្សារសេនជូរីផ្លាហ្សាសង្ស័យអ្នកបើកបរងងុយដេក ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ១១មករា២០១៦ នៅលើមហាវិថីសហព័ន្ធរ៉ុស្សី ចំណុចស្តុបផ្សារសេនជូរីផ្លាហ្សា កែងនិងផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តប្រភេទ ដឹកដី ម៉ាក FUSO ពណ៌ខៀវបើកបរដោយបុរសម្នាក់ តាមផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច ។
ខណ:ពេលបើកមកជិតដល់ចំណុចកើតហេតុក៏ស្រាប់តែរថយន្តរេទៅបុកចំរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំងនិងបង្គោលផ្លាកចរាចរណ៍១ដើម។ ចំណែករថយន្តបង្ករងការខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង និងដាច់កាឡេកង់មុខផ្នែកខាងស្តាំទៅមុខលែងរួច។ភ្លាមនោះអ្នកបើកបររថយន្ត បានចុះរត់ចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកស្ទួចយករថយន្តបង្កទៅរកកសាទុកដើម្បីធ្វើការដោះស្រាយពេលក្រោយ ៕
