adverise with khmeread 1

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ក្រុម​ចោរលួច ប្លន់ ៤​នាក់​ទៅ​តុលាការ​

    ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ក្រុមចោរ​៤​នាក់​កាលពី​ព្រឹក​ថ្ងៃទី​១០ ​តុលា ​ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ប្លន់​លើ​៣​ករណី​ផ្សេងគ្នា​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ, ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​ខណ្ឌ​៧​មករា។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ករណី​ទី​១-​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ុយ​គី​និ​ច កាលពី​ថ្ងៃទី​០៧ ​តុលា ​២០១៦ នៅ​ម្តុំ​ស្ថានីយ៍​បូមទឹក តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ទួល​សំពៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។​

    បន្ទាប់មក​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ និង​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដុតដៃដុតជើង ស្រាវជ្រាវ​រកមុខ​សញ្ញា​អស់​រយៈពេល​មួយថ្ងៃ​មួយ​យប់ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​។​

    ការឃាត់ខ្លួន​ធ្វើឡើង នៅ​ថ្ងៃទី​០៨ ​តុលា ​២០១៦ ដោយបាន​ដកហូត​ម៉ូតូ​មួយគ្រឿង​ដែល​ពួកគេ​ប្លន់​បាន ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។ ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ឃាត់ខ្លួន​មានឈ្មោះ ម៉ើ ណា​សៀត និង រឿន វីរៈ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ នា​រសៀល​ថ្ងៃទី​១០​តុលា​២០១៦​។​

    ករណី​ទី​២-​មាន​ចោរ​ស្រី​ក្លាហាន ម្នាក់​មានឈ្មោះ ស៊ីម សុខលាភ អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ បាន​ចូលទៅ​ប្លន់​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​ដែលមាន​មុខរបរ​លក់​ដូរ​នៅក្នុង​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

    ពេលធ្វើ​សកម្មភាព​នោះ​ជនសង្ស័យ​បាន​យក​អង្រែបុកគ្រឿង​សំពង​ក្បាល​ជនរងគ្រោះ​ត្រូវចំ​៥​អង្រែ​ត្រង់​ក្បាល​បណ្តាល​ឱ្យ​រងរបួស​ជា​ទម្ងន់ ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ​កាលពី​ថ្ងៃទី០៨ ​តុលា ​២០១៦​កន្លងទៅនេះ។​

    ករណី​ទី​៣-​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អូន ម៉ៅ អាយុ​២៣​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​លួច​ម៉ូតូ​មួយគ្រឿង ម៉ាក ​ZOOMER-X ពី​ផ្ទះ​លេខ​១៩D ផ្លូវ​១៩៤ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​ឃាត់ខ្លួន​បាន​នៅ​ផ្លូវ​លេខ​២១៥ កែង​១៨២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា។ រី​ម៉ូតូ​ដែល​ជនសង្ស័យ​បាន​លួច ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​

    ដោយមាន​វត្ថុតាង​និង​ចំលើយសារភាព​រួចរាល់​ហើយ​នោះ​ទើប​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​ព្រឹ​ថ្ងៃទី​១០​ តុលា នេះ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់