adverise with khmeread 1

ប្រកាស​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន លើក​ទី​៤ រដូវ​កាល ២០១៦

​    ​ភ្នំពេញ​៖ ការប្រកួត​ពានរង្វាន់​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន លើក​ទី​៤ រដូវ​កាល ២០១៦ បាន ប្រកាស​បើក​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​ទីលាន Premium Sport Club ដោយមាន​២៩ ក្រុម បាន​ចូលរួម​។​

​    ​ថ្លែង​ក្នុងឱកាស​បើក​, លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​អន្តរក្រសួង​-​ស្ថាប័ន​បានបង្ហាញ​គោលបំណង​នៃ​ការរៀបចំ​ប្រកួត​នេះ គឺ​ដើម្បី​សាមគ្គីភាព ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​យុវជន​នៅតាម​បណ្តា​ក្រសួង និង​ស្ថាប័នរដ្ឋ​នានា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត​។ 

​    ​លោក​បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ការរៀបចំ​ដែល​បានកើត​ឡើង និង​កាន់តែ​ប្រសើរ​ជា​លំដាប់​។ ការប្រកួត​ឆ្នាំ​ដំបូង​គឺ​ក្នុង​ឆ្នាំ​២០១៣ ក្រុម​មានតែ​៩​ប៉ុណ្ណោះ​ចូលរួម​ការប្រកួត ប៉ុន្តែ​ឈានដល់​រដូវ​កាល​ទី​៤​ឆ្នាំ​២០១៦​នេះ​មាន​ក្រុម​រហូតដល់​២៩​ដែល​បាន​ចូលរួម​ការប្រកួត​។​

​    ​ទន្ទឹម​ជាមួយគ្នានេះ លោ​កស សុខា បាន​អំពាន​វាវ​ដល់​គណៈកម្មការ​រៀប​ចំការ​ប្រកួត អាជ្ញាកណ្តាល និង​ក្រុម​កីឡាករ​ទាំងអស់​ត្រូវ​គោរព និង​អនុវត្តតាម​លក្ខន្តិកៈ​ដែល​បានកំណត់​ដែល​ស្រប់តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC និង FIFA​។​

​    ​ព្រឹត្តិការណ៍​ពានរង្វាន់​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៤​នេះ​មាន​ក្រុម​ទាំងអស់​ចំនួន​២៩ ដែល​បាន​ចូលរួម​ប្រកួត​ហើយ​បាន​បែង​ចែកជា​៧​ពូ​ល ដែល​១​ពូ​ល​មាន​៤​ក្រុម ប៉ុន្តែ​ពូ​ល​G មាន​៥​ក្រុម​។ 

​    ​ការប្រកួត​ចាប់ពី​ថ្ងៃទី​៨ ខែតុលា ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦​ទើប​បញ្ចប់​ការប្រកួត​។ ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ក្រៅ​អាជីព​មួយ​នេះ កាន់តែ​ពេញនិយម​ខ្លាំង​ឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ទាក់ទាញ​បាន​ក្រុម​ចូលរួម​កាន់តែ​ច្រើនឡើង ក្រោម គំនិត​ផ្តួចផ្តើម​របស់លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​បច្ចេកទេស​ជាមួយ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC​។​

​    ​សូមបញ្ជាក់ថា ២​ប្រកួត​ថ្ងៃ​បើកឆាក​ដំបូង នៅក្នុង​ពូ​ល​A គឺ​ក្រុម​ការពារ​ម្ចាស់​តំណែង​ជើងឯក​ឆ្នាំ​រដូវ​កាល​ចាស់ ក្រសួងសុខាភិបាល​បាន​យកឈ្នះ​ក្រុម​ក្រសួងផែនការ​ដោយ​លទ្ធផល ៥​ទល់​១ ខណៈ​ក្រសួងកសិកម្ម​បាន​យកឈ្នះ​ក្រុម​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដោយ​លទ្ធផល ៤​ទល់​២៕​

adverise with khmeread

មតិយោបល់