adverise with khmeread Unnamed %281%29

ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ឈ្នះ​ក្រុម​ភ្ញៀវ ស្រីលង្កា ៤-០

    ភ្នំពេញ ៖ ក្រុម​ម្ចាស់ផ្ទះ​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ភ្ញៀវ ស្រីលង្ការ ដោយ​លទ្ធផល ៤​ទល់​០ នៅក្នុង​ការ ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ កាលពី​យប់មិញ នៅ​កីឡដ្ឋាន​ជាតិ ដោយ​គោលដៅ​នៃ​ជំនួប​មិត្តភាព​នេះ គឺ​ដើម្បី ប្រកួត​ដណ្តើម​កៅអី​មួយ នៅ​វគ្គ​ជម្រុះ​បឋម AFF Suzuki Cup នា​ថ្ងៃទី​១៥​តុលា​ខាងមុខនេះ​។​

    ក្រុម​កម្ពុជា​បាន​បង្កើត​ឱកាស​យ៉ាងច្រើន ខណៈ​កម្រិត​លេង​របស់​ក្រុម​ស្រីលង្ការ​ត្រូវបាន​គេ​មើលឃើញថា ហាក់​មិនសូវ​មុត​ស្រួច និង​ដាក់​សម្ពាធ​មកលើ​តំបន់​ការពារ​របស់​កម្ពុជា​នោះឡើយ​។​

    ៤​គ្រាប់​របស់​កម្ពុជា ធ្វើ​សម្រេច​ដោយ​កីឡាករ សឿ​យ វិសាល បន្ទាប់ពី​ទាត់​ចេញពី​ជ្រុង​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​យ៉ាង​ល្អ នៅ​នាទី​ទី​២​នោះ​។ 

    នៅ​នាទី​ទី​៤១ កីឡាករ ធា​រី ចន្ថា​ប៊ី​ន បា​នរក​គ្រាប់​បាល់​ទី​២​ឲ្យ​កម្ពុជា​ដោយ​ការប្រើ​ក្បាល​តែ​ត​បញ្ចូល​ទី​យ៉ាង​ស្អាត បន្ទាប់ពី​ការលើក​បាល់​ចេញពី​ជ្រុង​របស់ ចាន់ វឌ្ឍនាកា ជាថ្មី​ម្តងទៀត​។ 

    ចូលដល់​វគ្គ​ទី​២ ខ្សែប្រយុទ្ធ កែវ សុខ​ផេង ធ្វើ​សម្រេចបាន​២​គ្រាប់​បន្ថែមទៀត នៅ​នាទី​ទី​៦៩ និង​នាទី​ទី​៩០ ដើម្បី​ជួយ​ឲ្យ​ក្រុម​កម្ពុជា​ឈ្នះ​ក្រុម​ស្រីលង្កា ៤​ទល់​០​។​

    ជាមួយនឹង​លទ្ធផល​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានផ្តល់​ឲ្យ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​ដឹកនាំ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​សរុប​៣៤​នាក់ នូវ​ទឹកប្រាក់ ១​ពាន់​ដុល្លារ​ស្មើៗ​គ្នា ហើយ​ការផ្តល់​ទឹកប្រាក់​បន្ថែម​លើ​កម្លាំងចិត្ត​ដែល​ទទួលបាន​ពី​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នេះ​វា​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​មានការ​ជឿជាក់​កាន់តែខ្លាំង សម្រាប់​ការជួប​ក្រុម​ឡាវ ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត ក្នុងការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៅ​ចុង​សប្តាហ៍​ក្រោយនេះ​។​

    សូមបញ្ជាក់ថា ការប្រកួត​មិត្តភាព​ជាច្រើន​ប្រកួត​បែបនេះ គឺ​ដើម្បី​គោលដៅ​ចង់​បង្កើន​សមត្ថភាព​សម្រាប់ ការប្រកួត​វគ្គ​ជម្រុះ​កីឡាបាល់ទាត់​ដណ្តើម​ជើងឯក​អាស៊ាន​AFF Suzuki Cup 2016 នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១​ខែតុលា ខាងមុខ ដោយ​ក្រុម​ដែលមាន​ចំណាត់​ថ្នាក់ទាប កម្ពុជា ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ ត្រូវ​ប្រជែង​គ្នា​ដើម្បី​បំពេញ​មួយ​កៅអី​ក្នុង​ពូ​ល B នៅ​ជុំ​ចុងក្រោយ​។​

    ប្រសិនបើ​ក្រុម​ណា​មាន​ពិន្ទុ​ខ្ពស់​នឹង​ឡើងទៅ​ជួប​ជាមួយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី នៅ​ជុំ​បន្ទាប់​ក្នុង​ពូ​ល​B៕

adverise with khmeread

មតិយោបល់