14618906 1141849972568543 162620122 o

ឃាត់​បុរស​ម្នាក់​ឆបោក​លុយ​ប្រជាពលរដ្ឋ​ដោយ​សន្យា​ផ្តល់​ដី​សម្បទាន​

    កំពង់ធំ ៖ បុរស​ម្នាក់​តាំងខ្លួន​ជា​មន្ត្រី​ភ្នាក់ងារ​អង្គការ​ដើរ​បោក​យកលុយ​ពី​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ ២០ ​ម៉ឺ​ន​រៀល ដោយ​សន្យាថា​នឹង​ប្រគល់​ដី​សម្បទាន​សង្គមកិច្ច​,​ ផ្ទះថ្ម​មួយ​ល្វែង​និង​ដីចម្ការ​២​ហិកតា​ថែមទៀត​...​ទីបំផុត​សន្យា​ខ្យល់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១០​​​ តុលា​នេះ បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ក្រុង​ស្ទឹងសែន បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​៩​នាក់​កាលពី​ថ្ងៃទី​១០​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង ១០​ ព្រឹក មកពី​ស្រុក​ស្ទោង ខេត្តកំពង់ធំ ប្តឹង​ពី​ឈ្មោះ ប៊ុ​ន ធឿន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ អាសយដ្ឋាន​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ពីបទ​ឆបោក លុយ​ពី​ពួកគាត់​ក្នុង​ម្នាក់​ ២០​ ម៉ឺន​រៀល ដើម្បី បាន​ដី​សម្បទាន​សង្គមកិច្ច។​

    ប៉ូលិស​បន្តថា ដី​សម្បទាន​សង្គមកិច្ច​នោះ​មាន​ដីស​ង់​លំនៅដ្ឋាន​មួ​យក​ន្លែ​ទំហំ​៣០​ម៉ែត្រ​គុណ​ នឹង ៥០ ​ម៉ែត្រ និង​ផ្ទះថ្ម​១​ល្វែង រួម​នឹង​ដីចំការ​២​ហិច​តា​បន្ថែមទៀត ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

    ក្រោយពី​បានទទួល​បណ្តឹង កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ក្រុង​ស្ទឹងសែន បានធ្វើការ​ស្រាវជ្រាវ រកឃើញថា ឈ្មោះ​ ប៊ុ​ន ធឿន ដែល​តាំងខ្លួន​ជា​ភ្នាក់ងារ​អង្គការ​សហគមន៍​ព្រហ្ម​វិហារធម៌​៧​មករា អភិវឌ្ឍន៍ បាន​ឆបោក​លុយ​ពី​ជនរងគ្រោះ កាលពី​ថ្ងៃទី​៤ ខែតុលា​ ឆ្នាំ​២០១៦ រួមទាំង​បាន​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេងទៀត ដែល​មិនទាន់​មក​ដាក់​ពាក្យបណ្តឹង​។​

    ប៉ូលិស​បាន​ស្រាវជ្រាវ​ឃើញថា ដី​នៅ​ភូមិសាស្ត្រ​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ អាជ្ញាធរ នៅ​មិនទាន់​បានផ្តល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ឱ្យ​អង្គការ​នេះ​នៅឡើយ​ទេ​។ ​ពិនិត្យ​លើ​អង្គហេតុ និង​អង្គច្បាប់ នៅវេលា​ម៉ោង៣​ និង​២២​នាទី រសៀល​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ប៊ុ​ន ធឿន ដោយមាន​ការសម្របសម្រួល​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ នៅ​អធិការដ្ឋាន​ប៉ូ​លិស​ក្រុង​ស្ទឹងសែន និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​៕

មតិយោបល់