adverise with khmeread Feature image

អង្គុយ​យូរ​អាយុ​ខ្លី ទោះ​ខំ​ហាត់ប្រាណ​ក៏ដោយ​

​    ​ការសិក្សា​ថ្មី​រកឃើញថា មនុស្ស​ដែល​អង្គុយ​យូរពេក​រាល់ថ្ងៃ​ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺមហារីក និង​ចុងក្រោយ​គឺ​អាយុ​ខ្លី ទោះបីជា​ខំប្រឹង​ហាត់ប្រាណ​ក៏ដោយ​។

​    ​លោក​វេជ្ជបណ្ឌិត David Alter អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ University Health Network (UHN) ក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ ដែល​ធ្វើការ​សិក្សា​លើ​បញ្ហា​នេះ​បាន​មានប្រសាសន៍ថា "​មនុស្ស​ម្នាក់ៗ​បាន​ចំណាយពេល​ជាង​ពាក់កណ្តាល​នៃ​ថ្ងៃ​នីមួយៗ​អង្គុយ​យ៉ាងយូរ មើល​ទូរទស្សន៍ ឬ​អង្គុយ​ធ្វើការ​មុខ​កុំព្យូទ័រ​ជាដើម​។ ការសិក្សា​របស់​យើង​រកឃើញថា បើទោះបី​ជាមាន​ការហាត់​ប្រាណ​ក៏ដោយ ក៏​វា​នៅតែ​មិន​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បានឡើយ​"​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​បើក​មើល​ការសិក្សា​មុនៗ​ចំនួន ៤៧ ដែល​ធ្លាប់​ពិនិត្យមើល​អំពី​ទំនាក់ទំនង​រវាង​ការ​អង្គុយ និង​ការស្លាប់​។ ពួកគេ​បាន​រកឃើញថា មនុស្ស​ដែល​អង្គុយ​យូរ​មាន​ភាគរយ​ឆាប់​ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ​រហូតដល់​ទៅ ២៤ ភាគរយ​។

​    ​ការសិក្សា​ទាំង ៤៧ នោះ​មិន​កំណត់ថា​រយៈពេល​ប៉ុន្មាន​ជាការ​អង្គុយ​យូរ​នោះទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​អង្គុយ​ច្រើនជាង ៨ ម៉ោង​ក្នុង​មួយថ្ងៃ វា​ប្រហែល​ជាមាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ លីវ​សាយ​អែន

មតិយោបល់