adverise with khmeread Unnamed %282%29

ជនបរទេស​ស្រវឹងស្រា​បើករថយន្ដ​បុក​ម៉ូតូ​មួយគ្រឿង​របួសធ្ងន់​ម្នាក់​និង​ស្លាប់​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​ម៉ូតូ​ហុងដា​មួយគ្រឿង​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​បណ្ដាលឱ្យ​ប៉ើ​​ង​ប្រហែល​២០​ម៉ែត្រ​រងរបួស​ធ្ងន់​ម្នាក់​និង​ម្នាក់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ និង​២០​នាទី​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩២ ​កែង​ផ្លូវ​លេខ​៣១៧ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មានឈ្មោះ ប៉េង រ៉ាវុធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ស្លាប់​) មុខរបរ​នៅផ្ទះ និង​ម្នាក់ទៀត​ឈ្មោះ សិ លា ភេទ​ប្រុស អ្នក ទាំងពីរ​ស្នាក់នៅ​ជិត​មន្ទីរពេទ្យ​ IU សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៣ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ តាកែវ​ 1H-2202 ។

    ចំណែក​រថយន្ដ​បង្ក​ម៉ាក Land Rover ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ​2AC-1417 បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​ម្នាក់​មិនទាន់​ស្គាល់ឈ្មោះ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរ​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​៣១៧ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លងផ្លូវ​លេខ​៥៩២។​

    ខណៈពេលដែល​ឆ្លង​ជិត​ផ្លូវ​ទៅហើយ ក៏ត្រូវ​រថយន្ដ​បង្ក​បុក​ពេញទំហឹង​បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ​ប៉ើ​​ង​ផ្លោង​ជិត​២០​ម៉ែត្រ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ទាំងពីរ។​ ​ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

    ប្រភព​បាន​បន្តថា ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ តែ​ជា​អកុសល​ពេលទៅដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

    បើតាម​ការរៀបរាប់​ពី​អ្នករត់​ម៉ូតូ​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​តែងតែ​ឃើញ​រថយន្ដ​បង្ក​បើក​កាត់​ផ្លូវ​នេះ​ជា​រៀងរាល់ថ្ងៃ ហើយ​បើក​ក្នុង​ល្បឿន​លឿន​ទៀតផង​ដោយ​មិន​គិតពី​ការគ្រោះថ្នាក់​របស់​អ្នកដទៃ​ឡើយ​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​បុរស​ជនជាតិ​បរទេស​ដែលជា​ម្ចាស់​រថយន្ដ​យកទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​បឹងកក់​២។ ​ចំណែក​រថយន្ដ​និង​ម៉ូតូ​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និតិ​វី​ធី​ច្បាប់ រឺ​ឯ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread

មតិយោបល់