adverise with khmeread Breakfast

ហេតុផល ៧ យ៉ាងដែលត្រូវទទួលទានអាហារពេលព្រឹករៀងរាល់ថ្ងៃ

អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃ ហើយមានហេតុផលមិនអាចប្រកែកបានជាច្រើន ដែលថាហេតុអ្វីអ្នកមិនគួររំលងអាហារពេលព្រឹករបស់អ្នក មិនថាមានរឿងអ្វីកើតឡើងនោះឡើយ។ ហេតុផលសំខាន់បំផុតគឺថាវាជួយឲ្យសុខភាពរបស់អ្នកល្អប្រសើរ។ ទោះយ៉ាងណា អាហារពេលព្រឹករបស់អ្នកត្រូវតែមានសុខភាពល្អដាច់ខាត ហើយវាគួរតែផ្តល់ឲ្យអ្នកនូវថាមពល និង សារធាតុចិញ្ចឹម ដែលរាងកាយរបស់អ្នកត្រូវការប្រចាំថ្ងៃ។ យើងភាគច្រើនឧស្សាហ៍រំលងណាស់នូវអាហារដ៏សំខាន់នេះ ប៉ុន្តែខាងក្រោមនេះគឺជាហេតុផលទាំង ៧ យ៉ាង ដែលអ្នកគួរតែបញ្ឈប់ធ្វើបែបនេះតទៅទៀត។ 

១- ទទួលទានអាហារពេលព្រឹករាល់ថ្ងៃជួយធ្វើឲ្យសុខភាពរបស់អ្នកល្អប្រសើរ
ការទទួលទានអាហារពេលព្រឹកដែលមានសុខភាពល្អរៀងរាល់ថ្ងៃជួយធ្វើឲ្យសុខភាពរបស់អ្នកល្អប្រសើរឡើង ជួយសម្រួលដល់កម្រិតជាតិអាំងស៊ុយលីន កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងកាត់បន្ថយនូវហានិភ័យនៃជំងឺធាត់។ ការធ្វើឲ្យសុខភាពរបស់អ្នកក្លាយជាអាទិភាពគឺជារឿងចាំបាច់ត្រូវតែធ្វើ ដូច្នេះត្រូវធ្វើឲ្យប្រាកដថា អាហារពេលព្រឹករបស់អ្នកមានតែអាហារណាដែលល្អដល់សុខភាពតែប៉ុណ្ណោះ។ 

២- បង្កើនកម្រិតថាមពលរបស់អ្នក
ការទទួលទានអាហារពេលព្រឹករៀងរាល់ថ្ងៃជួយធ្វើឲ្យមានអារម្មណ៍ល្អ។ ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលទទួលទានអាហារពេលព្រឹកមានថាមពលច្រើនជាទៀងទាត់ និងមានអារម្មណ៍ល្អប្រសើរពេញមួយថ្ងៃ។ គ្រាន់តែធានាឲ្យបានថា អ្នកធ្វើការសម្រេចចិត្តជ្រើសអាហារដែលមានសុខភាពល្អ ដូចជា ស៊ុតសជាដើម ដើម្បីរក្សាកម្រិតថាមពលរបស់អ្នកឲ្យនៅខ្ពស់ល្អ។ 

៣- ជួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក
ហេតុផលសំខាន់មួយទៀតដែលត្រូវញ៉ាំអាហារពេលព្រឹករាល់ថ្ងៃគឺដោយសារវាជួយដល់ការរំលាយអាហាររបស់អ្នកបានល្អប្រសើរឡើង។ អាហារពេលព្រឹកមានសារៈសំខាន់ណាស់ប្រសិនបើអ្នកចង់មានប្រព័ន្ធរំលាយអាហារដ៏សកម្មមួយ។ ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលមិនញ៉ាំអាហារពេលព្រឹក ឧស្សហ៍ញ៉ាំជាតិកាល់ឡូរីបន្ថែមពេញមួយថ្ងៃ ហេតុនេះហើយទើបបានជាពួកគេឡើងទម្ងន់យ៉ាងឆាប់រហ័ស។ តើអ្នកពិតជាចង់បានវាណាស់មែនទេ? 

៤- ជួយបង្កើនការហាត់ប្រាណរបស់អ្នក
ផ្អែកតាមពេលវេលានៃការហាត់ប្រាណរបស់អ្នក និងកម្រិតនៃការហាត់ប្រាណរបស់អ្នក ការទទួលទានអាហារមុនពេលធ្វើលំហាត់ប្រាណពិតជាមានប្រយោជន៍ណាស់។ អ្នកគួរញ៉ាំអាហារពេលព្រឹកមុនពេលហាត់ប្រាណ ជាពិសេសប្រសិនបើវាជាការហាត់ប្រាណដែលប្រើកម្លាំងច្រើនដូចជា ការរត់ចម្ងាយ ឬការហ្វឹកហាត់រយៈពេលយូរជាដើម។ អ្នកអាចសាកល្បងហាត់ប្រាណដោយញ៉ាំ និងមិនញ៉ាំអាហារពេលព្រឹក ហើយពិនិត្យមើលភាពខុសគ្នា។ ពេលអ្នកក្រោកនៅម៉ោង ៥ និង ៣០ នាទីព្រឹករៀងរាល់ថ្ងៃ ហើយញ៉ាំអាហារពេលព្រឹករួចចេញទៅហាត់ប្រាណ នោះអ្នកនឹងអង្កេតឃើញមានភាពស្ទុះស្ទារខ្លាំងក្នុងការហាត់ប្រាណ។ ប៉ុន្តែពេលខ្លះបើអ្នកមិនចង់ញុំអាហារពេលព្រឹកពេកទេ អ្នកអាចញ៉ាំប៉ោមមួយផ្លែមុនពេលហាត់ប្រាណ ហើយវាក៏ជួយបង្កើនការហាត់ប្រាណរបស់អ្នកបានផងដែរ។ សាកល្បងវាមើលទៅ គឺដឹងហើយ!

៥- ជួយសម្រកទម្ងន់
ប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់ អ្នកមិនគួររំលងអាហារពេលព្រឹករបស់អ្នកនោះទេ។ ជាថ្មីម្តងទៀត ការសិក្សាជាច្រើនបានសបញ្ជាក់ថា អ្នកដែលញ៉ាំអាហារពេលព្រឹកដែលមានសុខភាពល្អរៀងរាល់ថ្ងៃបានស្រកទម្ងន់ឆាប់រហ័សជាង។ ទោះយ៉ាងណា អ្នកគួរចៀសវាងកុំញ៉ាំគ្រាប់ធុញ្ញជាតិដែលសម្បូរជាតិស្ករ ឬនំដូណាត់ផ្អែមៗសម្រាប់អាហារពេលព្រឹក។ ជ្រើសយកអាហារសម្បូរជាតិប្រូតេអ៊ីនជំនួសវិញ ដូចជាស៊ុតចៀន, ស៊ុតសៗ ឬស្រូវសាឡី។ 

៦- ជួយធ្វើឲ្យមុខងារខួរក្បាលល្អប្រសើរឡើង
អត្ថប្រយោជន៍សុខភាពអស្ចារ្យបំផុតមួយនៃការទទួលទានអាហារពេលព្រឹកគឺថា វាជួយធ្វើឲ្យមុខងារខួរក្បាលរបស់អ្នកល្អប្រសើរឡើង។ នេះមានន័យថាអ្នកមានការប្រុងប្រៀបខ្លួនច្រើនជាងមុន អ្នកគិតកាន់តែបានច្បាស់ ហើយអ្នកកាន់តែមានប្រសិទ្ធភាព។ អាហារពេលព្រឹកពិតជាងាយស្រួលធ្វើខ្លាំងណាស់ ហេតុអ្វីបានជាយើងរំលងវា? គ្រាន់តែភ្ញាក់ពីព្រលឹម ចៀនស៊ុតមួយគ្រាប់ ធ្វើទឹកបន្លែបៃតងក្រឡុកដែលមានសុខភាពល្អមួយកែវ ឬគ្រាន់តែស្ងោរស៊ុតក៏បាន បន្ទាប់មកអ្នកនឹងមានអារម្មណ៍កាន់តែប្រសើរឡើងពេញមួយថ្ងៃ។  

៧- ជួយអ្នកឲ្យញ៉ាំអាហារណាដែលមានសុខភាពល្អពេញមួយថ្ងៃ
នៅពេលអ្នកទទួលទានអាហារពេលព្រឹកដែលសម្បូរជាតិប្រូតេអ៊ីន វានឹងជួយឲ្យអ្នកឆ្អែតបានយូរ និងជួយឲ្យអ្នករីករាយ និងមានសុខភាពល្អពេញមួយថ្ងៃ។ មនុស្សជាច្រើនមានអារម្មណ៍ឃ្លានបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច ព្រោះអាហារពេលព្រឹករបស់ពួកគេពុំមានសុខភាពល្អ។ ប៉ុន្តែនៅពេលដែលអ្នកជ្រើសរើសអាហារពេលព្រឹកដែលមានសុខភាពល្អ ពីរម៉ោងក្រោយបន្ទាប់ពីអាហារពេលព្រឹក ផ្លែប៉ោមតែមួយផ្លែនឹងល្មមគ្រប់គ្រាន់ឲ្យអ្នកទទួលទានសម្រាប់ជារបស់កំដរមាត់ ហើយអ្នកច្បាស់ជាលែងគិតពីការញ៉ាំគ្រាប់ធុញ្ញជាតិដែលសម្បូរជាតិស្ករតទៅទៀតជាមិនខាន៕ 

adverise with khmeread

មតិយោបល់