1

Bauza ភ្ញាក់ផ្អើលចំពោះការយល់ដឹងច្រើនខាងបាល់ទាត់របស់ Messi និងបង្ហើបពីហេតុការណ៍មុនពេលគាត់យល់ព្រមចូលជម្រើសជាតិវិញ

    ​អ្នកចាត់ការ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លោក Edgardo Bauza ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ការយល់ដឹង​របស់ Lionel Messi អំពី​បាល់ទាត់​។​

​    ​ពេលដែល​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Sport អំពី​បាល់ទាត់​អន្តរជាតិ និង​តំណែង​អ្វីដែល Lionel Messi នឹង​កាន់កាប់ គាត់​បាន​បង្ហើប​ឱ្យដឹងថា ចំណេះដឹង​របស់ Messi អំពី​បាល់ទាត់​ពិតជា​អស្ចារ្យ​។​

​    ​Bauza ក៏បាន​និយាយ​ពីអ្វី​ដែល​បាន​កើតឡើង​ផងដែរ ពេលដែល​គាត់​បាន​ជួប​ជាមួយនឹង​ម្ចាស់​ពានរង្វាន់​តារា​ឆ្នើម​ពិភពលោក​ប្រាំ​សម័យកាល​ក្នុង​ទីក្រុង Barcelona ដែលជា​ការជួប​ចរចា​មួយ​ធ្វើឱ្យ​ខ្សែប្រយុទ្ធ​រូបនេះ សម្រេចចិត្ត​ចូលរួម​ជាមួយ​អា​ហ្ស​ង់​ទីន​ឡើងវិញ​។​

​    ​Bauza បាន​បញ្ជាក់ថា "​អ្វីដែល​បង្ក​ការភ្ញាក់ផ្អើល​ដល់​ខ្ញុំ​នោះ​គឺ ទំហំ​នៃ​ការយល់ដឹង​អំពី​បាល់ទាត់ ដោយសារតែ​គាត់​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង អំពី​មិត្ត​រួម​ក្រុម​របស់គាត់ យុទ្ធសាស្ត្រ​ក្រុម អំពី​បាល់ទាត់​ទាំងមូល​"​។​

​    ​"​គាត់​យល់ដឹង​ពីអ្វី​គ្រប់យ៉ាង​។ ខ្ញុំ​តែងតែ​គិតថា កីឡាករ​ម្នាក់​នៃ​ទីតាំង​ដែល​គាត់​កំពុង​ឈរ នឹង​ជា​កីឡាករ​ម្នាក់​ដែល​បានដឹង​ច្រើន​អំពី​បាល់ទាត់​។ ប៉ុន្តែ​គាត់​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ខ្ញុំ​ច្រើនជាង​អ្វីដែល​ខ្ញុំ​បានគិត​ទៅទៀត​។ Leo ដឹង​ពីអ្វីៗ​គ្រប់យ៉ាង​អំពី​បាល់ទាត់​។ គ្មាន​អ្វីដែល​គេចផុត​ពី​គាត់​ឡើយ​។ គាត់​គឺ​ពិតជា​មានការ​យល់ដឹង​ដ៏​មាន​សារៈសំខាន់ ហើយ​ប្រការនេះ​ជួយ​បាន​ច្រើនណាស់​នៅពេល​មនុស្ស​ត្រូវធ្វើ​ទំនាក់ទំនង​គំនិត​"​។​

​    ​Bauza បាន​បង្ហើប​ឱ្យដឹងពី​របៀប​ដែល​ទីបំផុត Lionel Messi បាន​ផ្លាស់ប្តូរ​គំនិត​របស់គាត់​អំពី​ការចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ ដោយ​គាត់​បន្ថែមទៀតថា "​ដំបូង​យើង​បាន​សួរ​ទៅ​គាត់​ថា​តើ​គាត់​នឹង​ទទួលយក​ពួកយើង​ឬ​អត់​។ ពេលដែល​គាត់​បាន​យល់ព្រម ខ្ញុំ​បានដឹងថា​រឿង​នោះ​នឹង​មិនមាន​បញ្ហា​អ្វី​ឡើយ​ជាមួយ​គាត់ ដោយសារតែ​វា​នឹង​ជាការ​ជជែក​គ្នា​អំពី​បាល់ទាត់​"

​    ​"​ខ្ញុំ​មិនបាន​ទៅ​បញ្ចុះបញ្ចូល Messi ឡើយ ព្រោះ​ខ្ញុំ​ជឿជាក់ថា ការពិភាក្សាគ្នា​បែបនេះ​នឹង​កើតឡើង​។ គាត់​បានទទួល​ខ្ញុំ​ជាមួយ Javier Mascherano នៅឯ​ជំរំ​ហ្វឹកហាត់ Ciutat Esportiva (Barcelona) ហើយ​បន្ទាប់ពី​ការជជែក​មួយ​នោះ មិនមាន​អ្វី​ច្រើន​នេះ​ទៀតឡើយ​ជាជាង​ការ​និយាយថា Messi ឯង​គឺ​ត្រូវបាន​កោះហៅ​សម្រាប់​ការប្រកួត​បន្ទាប់​ដែរ​"៕

ប្រភព៖ 101greatgoals

មតិយោបល់