adverise with khmeread 1

ក្រសួង​អប់រំ​ត្រួតពិនិត្យ​អនុគណៈកម្មការ​នានា​សម្រាប់​កីឡា​ជាតិ​លើក​ទី​១

​    ​ភ្នំពេញ ៖ លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អញ្ជើញ ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​របស់​អនុគណៈកម្មការ​នានា សម្រាប់​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ និង​តំណាង​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១៥​។​

​    ​កិច្ចប្រជុំ​នេះ​បាន​ស្តាប់​របាយការណ៍ និង​បាន​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា​សំដៅ​ស្វែងរក​ដំណោះស្រាយ ដែល​ល្អប្រសើរ​សម្រាប់​អនុវត្ត​ក្នុង​កិច្ចដំណើរការ​ប្រកួត​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​

​    ​លោក​រដ្ឋមន្ត្រី​បានប្រគល់​សិទ្ធិ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​១​នេះ ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ជាពិសេស​គឺ​ក្នុង​ពិធី​បើក និង​បិទ ដែលមាន​ប្រមុខ​រាជរដ្ឋាភិបាល​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​។​

​    ​លោក​រដ្ឋមន្ត្រី​ក៏បាន​ទទួលយក​នូវ​ការលើកឡើង​នូវ​បញ្ហា​នានា​របស់​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១៥ ដោយ​តំណាង​នៃ​សហព័ន្ធ​ទាំងនោះ​កំពុង​ជួប​នូវ​បញ្ហា​ប្រឈម ដើម្បី​រក​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​ផងដែរ​។​

​    ​បន្ទាប់ពី​មានការ​ខិតខំ និង​បានការ​ប្តេជ្ញា​ខ្ពស់​តាម​ការរៀបចំ​តាម​កម្មវិធី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​, លោក​ជឿថា ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១​នេះ នឹង​ទទួលបាន​នូវ​ជោគជ័យ​ជាក់​ជាមិនខាន​។​

​    ​ទោះ​យ៉ាងនេះ​ក្តី​ក៏​រដ្ឋមន្ត្រី​រូបនេះ​សុំឱ្យ​ក្រុមការងារ​ទាំងអស់​ត្រូវ​តែ​បន្ត​ខិតខំ​បន្ថែមទៀត ដើម្បីឱ្យ​ការប្រកួត​កីឡា​ជាតិ ដែល​គ្រោង​នឹង​បើក​នាពេល​ខាងមុខនេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​    ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ ឆ្នាំ​២០១៦​នេះ​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២៥​តុលា ដល់​ថ្ងៃទី​៥​វិច្ឆិកា​ក្រោម​ការចំណាយ​ថវិកាជាតិ ប្រមាណ​១​លាន​ដុល្លារ​អាមេរិក​៕​

adverise with khmeread

មតិយោបល់