adverise with khmeread Unnamed %281%29

ប្រកាស​បិទ​វគ្គ​បណ្តុះបណ្តាល​កីឡា​ហាប់​គី​ដូ​នៅ​ខេត្តបាត់ដំបង

    បាត់ដំបង ៖ សិក្ខាសាលា​ស្តីពី​ក្បាច់គុន ដែលមាន​ឈ្មោះថា Central Martial Arts ដែលមាន​ទីតាំងនៅ​ខេត្តបាត់ដំបង​នោះបាន​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​បាន​ដំណើរការ​អស់​រយៈពេល​២​ថ្ងៃ​កន្លងមក​។​

    លោក ហង់ ឈុន​ហេង គ្រូ​គុន​តេ​ក្វាន់​ដូ​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់​មកពី​សហរដ្ឋអាមេរិក និង​ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ និង​ជា​នាយក​សាលា​គុន Central Martial Arts បានឱ្យដឹងថា លោក​ពី​ដើម​ជា​សិស្ស​របស់លោក​សេង ប៊ុន​សុង​ដែល​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ ១៩៨១​។ 
    លោក​បន្ថែមថា ពេលនេះ​លោក​សប្បាយចិត្ត ដែល​លោកគ្រូ សេង ប៊ុន​សុង វិលត្រឡប់​មកពី​សហ​រដ្ឋ​អាមេរិក ហើយ​ធ្វើ​សិក្ខាសាលា​ស្វែងយល់​អំពី​ក្បាច់គុន និង​សុខភាព​។ 

    ឆ្លងតាម​បទពិសោធន៍ ដែល​លោក​ធ្លាប់បាន​ហ្វឹកហាត់​ក្បាច់គុន​ជាច្រើន​ឆ្នាំកន្លងមក​នៅ​សហរដ្ឋអាមេរិក និង​មាន​ជំនាញ​ជា​គ្រូបង្វឹក ព្រមទាំង​ផ្នែក​ទីផ្សារ​ផង​នោះ លោក​យល់ថា ស្ថានភាព​ជីវភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ការរីកចម្រើន​ខាង​វិស័យ​កីឡា​បច្ចុប្បន្ន​ល្មម​ដល់ពេល​យើង​រួមគ្នា​លើកស្ទួយ​កីឡា និង​ហាត់​កីឡា​ដោយ​ការបង្កើតឱ្យមាន​ព្រឹត្តិការណ៍​សិក្ខាសាលា​ក្បាច់គុន​បែបនេះ​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ហើយ​។​

    លោក សេង ប៊ុន​សុង បាន​បន្តថា ការសិក្សា​អំពី​ក្បាច់គុន គឺ​ដូចគ្នា​ទៅនឹង​ការសិក្សា​ផ្នែក​រាងកាយ និង​សុខភាព​ដែរ ។ តាម​វិទ្យាសាស្ត្រ អ្នកចេះ​គុន​និយម​ច្បាស់ គឺ​ចេះ​អត់ធ្មត់ ខន្តី និង​ចិត្ត​ទូលាយ ហើយ​មាន​អធ្យាស្រ័យ​ខ្ពស់ ពោលគឺ​មិនមែនជា​អ្នកលេង​កាប់​ចាក់​ទេ​។    
   
    លោក​អះអាងថា ក្បាច់គុន​គឺជា​ក្បួនច្បាប់​ប្រមូលផ្តុំ​មួយ​ចេញពី​កាយវិការ​សត្វ ឬ​មនុស្ស​ដែល​ផ្គុំ​ឡើង​ពី​ធាតុ ៤ យ៉ាង​គឺ​ដី ទឹក ភ្លើង និង​ខ្យល់ នៅក្នុង​ក្បាច់គុន​ធាតុដី សំដៅលើ​

​ជំហរ តាំងខ្លួន​ឱ្យ​រឹងមាំ ,​ធាតុទឹក​សំដៅលើ​កាយវិការ ឬ​ចលនា​របស់​រាងកាយ​ដូច​ទឹក​ហូរ ,​ខ្យល់​សំដៅ​នឹង​ល្បឿន​ដៃ​ចលនា ហើយ​និង​ភ្លើង​សំដៅលើ​ការប៉ះទង្គិច ឬ​កម្លាំង​វាយ​ប៉ះ​ខ្ទប់​គ្នា​ដើម្បី​ចេញ​ជា​កម្តៅ ឬ​ឋា​ម​ពល​។​

    លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​ខ្មែរ​ហាប់​គី​ដូ​បានឱ្យដឹងថា​លោក​នឹងដាក់​គ្រូបង្វឹក​កីឡា​ហាប់​គី​ដូ​ឲ្យ​ហាត់​ក្នុង​សាលា​គុន Central Martial Arts នេះដែរ ពីព្រោះ​ចំនួន​អ្នក​មក​ហាត់​មាន​សន្ទុះ​កើនឡើង និង​និយម​ចូលចិត្ត​ផ្នែក​កីឡា​នេះ​។ 
     
    សាលា​គុន Central Martial Arts បាន​បើក​ឱ្យមាន​យុវជន​ហាត់​កីឡា​ចម្រុះ​ទើបតែ​រយៈពេល​ជិត ១ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ មាន​សិស្ស​មក​ហ្វឹកហាត់ ពិសេស​ថ្ងៃ​សៅរ៍ និង​អាទិត្យ ចំនួន ១៩៧ នាក់​ហើយ​៕ 

adverise with khmeread

មតិយោបល់