adverise with khmeread Unnamed %281%29

បិទ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម​កីឡា​វាយ​សី​ត្រៀម​កីឡា​ជាតិ​លើក​ទី​១

    ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​បានរៀបចំ​វគ្គ​សិក្ខា​សាល​ស្តីពី​បច្ចេកទេស​អាជ្ញាកណ្តាល និង​ចៅក្រម​កីឡា​វាយ​សី ដោយ វគ្គ​នេះ​បានបញ្ចប់​កាលពី​ម្សិលមិញ បន្ទាប់ពី​ដំណើរការ​តាំងពី​ថ្ងៃទី​៨​តុលា មក​នោះ ក្នុង​គោល​ដី​រៀបចំ​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ដែល​នឹងត្រូវ​ចូលមក​ដល់​នា​ចុងខែ​តុលា​នេះ​។​

    វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម​បន្ថែម ទៀត ក្នុងការ​ត្រៀមខ្លួន​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​លោក​ឱ្យ​ដំណើរការ​តាម​ជំនាញ​រៀងៗ​ខ្លួន ប្រកបដោយ​ភាពជោគជ័យ​។ 

    គោលដៅ​នៃ​កីឡា​ជាតិ​នេះ គឺ​ដើម្បី​បង្កើន និង​បណ្តុះបណ្តាល​ធនធាន​អត្ត​ព​លិ​ក ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ខាងមុខ ដែល​កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​

    លោក​វេជ្ជបណ្ឌិត ស្តើង ជា អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​មានប្រសាសន៍ថា វគ្គ​បំប៉ន​បច្ចេកទេស​អាជ្ញាកណ្តាល ចៅក្រម​មាន​សារសំខាន់​ណាស់​សម្រាប់​អាជ្ញាកណ្តាល ចៅក្រម​របស់​សហព័ន្ធ ព្រោះ​ជួយ​ពង្រឹង​នូវ​ចំណេះដឹង​កាន់តែ​ល្អប្រសើរ​ថែមទៀត​។
 
    លោក​បាន​បន្តថា ដើម្បីឱ្យ​វគ្គ​នេះ​ទទួលបាន ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព ប្រធាន​វគ្គ​ត្រូវ​កត់ត្រា​វិន័យ វត្តមាន សិក្ខាកាម​ដូចជា សិក្ខាកាម​ទាំងអស់ ត្រូវ​មក​រៀន​ទ្រឹស្តី និង​អនុវត្ត​ជាក់ស្តែង​ឲ្យ​បាន​មុន​ម៉ោង​ចូល និង​ត្រូវគោរព​ច្បាប់​វគ្គ​ឲ្យ​បានល្អ​ប្រសើរ​។

    លោក ជាម សុភា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានឱ្យដឹង​ដែរ​ថា សិក្ខាកាម​ទាំង អស់​មាន​ចំនួន​២៣​នាក់​ក្នុងនោះ​មាន​នារី​ម្នាក់ ដែលមាន​មកពី​៥​ខេត្ត​-​ក្រុង គឺ​រាជធានី​ភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តក្រចេះ និង​បណ្តា​ក្លឹប​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​។ ចំណែក​លោកគ្រូ​ឧទ្ទេសនាម​២​រូប លោកគ្រូ ប៊ិច សុចិត្រ និង​លោកគ្រូ ក្រង សុ​ខាំង​។​

    សូមបញ្ជាក់ថា លទ្ធផល​នៃ​វគ្គ​បំប៉ន​នេះ គឺ​សិក្ខាកាម​ចំនួន​២០%​ទទួលបាន​និទ្ទេស​ល្អ​, ៥០% ល្អ​បង្គួរ និង ៣០% ទទួលបាន​លទ្ធផល​ម​ធ្យ​ម​៕

adverise with khmeread

មតិយោបល់