កណ្តាល ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួន ជាមួយនឹងវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៧កញ្ចប់ ត្រូវបានដកហូតកាលពី ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង៤និង ១០ នាទីល្ងាចនៅចំណុចភូមិកំពង់ថ្កុល ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ប៉ូលិសនិយាយថា ជនសង្ស័យមានគ្នា ៣នាក់ (គេចខ្លួន០១នាក់)រួមមានៈ១-ឈ្មោះ ងន ភារម្យ (ហៅ ហេវ) ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ២-ឈ្មោះ វ៉ យ៉ាំត្រាវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិយួនមានទីលំនៅភូមិ លេខ៣ ឃុំខាន់បិន ស្រុកអាងភូ ខេត្ត អាងយ៉ាង (ប្រទេសវៀតណាម) មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និង៣-ឈ្មោះ ង្វៀង យ៉ាំងគ្រឿង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិយួនមានទីលំនៅប្រទេសវៀតណាម ស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (រត់គេចខ្លួន) ។
ប្រតិបត្តិការនេះវត្ថុតាងដកហូត១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន ២៧ កញ្ចប់ (ធំ ០២ ,តូច ២៥) និង២/-ទូរស័ព្ទចល័តចំនួន ០៣ គ្រឿង ។
ប៉ូលិសបន្តថា ក្រោយទទួលព័ត៌មានពីប្រជាជនល្អថាមានជនសង្ស័យជាមុខសញ្ញាគ្រឿងញៀន កំពុងលក់គ្រឿងញៀន និងតាមការចុះស្រាវជ្រាវអស់រយៈពេល៥ ថ្ងៃរហូតដល់ថ្ងៃនិងវេលាកើតហេតុខាងលើ កម្លាំងប៉ូលិសស្រុកកោះធំ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំពៅពូនបានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនមុខសញ្ញាសង្ស័យដំបូងបានចំនួន១ នាក់ ឈ្មោះ ងន ភារម្យ (ហៅ ហេវ) ភេទប្រុស អាយុ ២៣ ឆ្នាំ រួមនិងថ្នាំញៀនមួយចំនួន ០២ កញ្ចប់នូវជាប់បឹងខ្លួនជនសង្ស័យ ។
ប៉ូលិសបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ងន ភារម្យ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀននេះគឺពិតជារបស់ខ្លួនទិញយកមកទុកលក់ប្រាកដមែន ហើយរូបខ្លួនទិញមកអោយឈ្មោះ ង្វៀង យ៉ាំងគ្រឿង ដែលស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយខ្លួន យកទៅលក់បន្តរាល់ថ្ងៃយ៉ាងសកម្មផងដែរ ។
ថ្នាំញៀនខាងលើឈ្មោះ ងន ភារម្យហៅហេវ បានសារភាពថាទិញពីភ្នំពេញម្តុំច្បារអំពៅ តែមិនស្គាល់ឈ្មោះអ្នកលក់ទេ ដឹងត្រឹមថាយកលុយវេរឱ្យគេ គេក៏ឱ្យយកនៅទីកន្លែងណាត់ ។
លុះនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃដដែលក្រោយពេលទទួលបានបទបញ្ជាពី ឯកលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការប៉ូលិសខេត្តកណ្តាល និងលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បញ្ជាឱ្យឆែកឆេរផ្ទះជួលដែលឈ្មោះ ង្វៀង យ៉ាំងគ្រឿង ស្នាក់នៅទើបសមត្ថកិច្ចបានចុះដល់បន្ទប់ផ្ទះជួលខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ វ៉ យ៉ាំងត្រាវ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិយួននៅក្នុងបន្ទប់ជួល និងឆែកឆេររកឃើញថ្នាំញៀនចំនួន ២៥ កញ្ចប់តូច នៅក្នុងបន្ទប់ ។ចំណែកជនសង្ស័យ ង្វៀង យ៉ាំងគ្រឿង បានរត់គេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចទៅដល់ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ រួមនិងវត្ថុតាងថ្នាំញៀនចំនួន ២៧ កញ្ចប់ ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
