adverise with khmeread Untitled 1

ពី​មិត្ត​ផឹកស៊ី​ជាមួយគ្នា ក្លាយជា​សត្រូវជាមួយគ្នាដោយសារ​ពាក្យសំដី​ កើតជាករណីឃាតកម្មកណ្ដាលវាលស្រែ

    ព្រៃវែង ៖ បុរស​ម្នាក់​ក្លាយខ្លួនជា​ឃាតករ​សម្លាប់​២​នាក់​ប្តី​ប្រពន្ធ នៅ​កណ្តាល​វាលស្រែ​ក្នុងស្រុក​កញ្ជ្រៀច ហើយ​ជនដៃដល់​ត្រូវបាន​ប៉ូលិស​តាម​ចាប់បាន​ហើយ ដោយ​មូលហេតុ​ផ្តើមចេញពី​ជនរងគ្រោះ​ជា​ប្តី​មើលងាយ​ខ្លួន​ពេល​ផឹកស៊ី​ជាមួយគ្នា​ម្តងៗ​។​

    អំពើ​ឃាត​កម្មនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ខាងលិច ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ចំងាយ​៨៥០​ម៉ែត្រ ខាងលិច​ផ្ទះ​ជនរងគ្រោះ​។ 

     លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង ជា ស្នងការ​ប៉ូលិស​ខេត្តព្រៃវែង បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១១ តុលា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​ឈ្មោះ ឆាយ ហេង​ហៅ​តឹង​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា តាម​ចម្លើយសារភាព នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​យប់ ស្ថិតនៅ​ចំណុចកើតហេតុ​នោះ ខ្លួន​ពិតជា​បានសម្លាប់​អ្នក​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ពិតប្រាកដ​មែន​។​

     ជនសង្ស័យ​បាន​និយាយថា មូលហេតុ ដោយសារ​ខឹង​នឹង​ជនរងគ្រោះ ស្រី​ជេរប្រមាថ​មាក់ងាយ​ខ្លួន ពេល​ខ្លួន​ហៅ​ជនរងគ្រោះ​ប្តី មក​ស៊ីផឹក​ម្តងៗ កកើត​មាន​គំនុំ​ក្នុង​ចិត្ត​ចាំ​សម្លាប់ ពេលដែល​ឱកាស​មាន​ពេល​ដើរទៅ​ស្រែ​ពេលយប់​ប្តី​ដើរទៅ​មុន​ឆ្ងាយ ហើយ​ប្រពន្ធ​នៅក្រោយ​ស្ទាក់​សម្លាប់​ប្រពន្ធ​ឮ​សម្រែក​ប្តី​មកជួយ​ក៏​បន្ត​សម្លាប់​ប្តី​ទៀត​។​

       ប៉ូលិស បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ ប្រពន្ធ​ឈ្មោះ កាក់ ប៊ុន​ថា​ន អាយុ​៤៨ ឆ្នាំ រងរបួស​៣​កន្លែង (​ស្នាមរបួស​ភ្នែក​ខាងស្ដាំ ជម្រៅ​បុក​ចូល​ជ្រៅ​ទៅក្នុង​សាច់​, របួស​ភ្នែក​ខាងឆ្វេង ជំរៅ​ជ្រៅ ទៅក្នុង​សាច់​, ស្នាម​បែក​ដាច់​បបូ​មាត់​ទាំង លើ​ទាំង​ក្រោម​)​និង ប្ដី​ឈ្មោះ មាន យ៉​ន អាយុ​៤៣​ឆ្នាំ រងរបួស​៤​កន្លែង (​ស្នាមរបួស​ក្រោម​ប្រឡង់ ភ្នែក​ឆ្វេង មុត​ជ្រៅ​ចូលក្នុង​សាច់​, ស្នាមរបួស​ដាច់ ត្រចៀក​ឆ្វេង​, របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្ដាំ​ចូល​ជ្រៅ​, របួស​ចំ​ក្រ​ចៀក​ស្ដាំ​)​។​

     ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​ចប់សព្វគ្រប់ សាកសព​ត្រូវបាន ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់