ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់នៅនិងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែពួកគេទាំង២នាក់ជិះម៉ូតូឌុបគ្នាកិនគំនរសំរាមដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ហើយមានរថយន្ត២គ្រឿងបើកក្នុងល្បឿនលឿនប្រជែងគ្នាកិនជនរងគ្រោះស្លាប់ និងរងរបួស ថែមទាំងបើកព្យាយាមគេចតែត្រូវសមត្ថកិច្ចដេញឃាត់បាន ។
គ្រោះថ្នាក់ដ៏គួរឱ្យរន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេ ត្រេត
សេនធ័រ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ ។
ប៉ូលិសនិយាយថា បុរសជាជនរងគ្រោះដែលស្លាប់ឈ្មោះ ជា ដែន អាយុ២៥ឆ្នាំ ជាមន្ត្រីយោធានៅកងយោធពលខេមរភូមិន្ទមានឋានន្តរស័ក្តិអនុសេនីយ៍ឯក មានស្រុកកំណើតនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ។ ចំណែកអ្នកបើករថយន្តបង្ក ទី១-ឈ្មោះតែម ចាន់ណា អាយុ២២ឆ្នាំ (តៃកុង)និង ទី២ឈ្មោះ ប្រាក់ ឌី អាយុ២៣ឆ្នាំ (ព្រូ) អ្នកទាំង២មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុបដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា ដំបូងជនរងគ្រោះខាងលើនិងស្ត្រីម្នាក់បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ ទិសដៅពីជើងទៅត្បូង។
ពេលមកដល់ចំណុចកើតហេតុកិនគំនរសម្រាមដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ។ពេលនោះមានរថយន្ត២គ្រឿងបានបើកប្រជែងគ្នាក្នុងល្បឿនយ៉ាងលឿន ដោយរថយន្តម៉ាកហ៊ីយ៉ានដាយធុនធំដឹកអុស កិនបុរសរងគ្រោះបណ្តាល
ឱ្យបែកក្បាលធ្លាយខួរបែកខ្ទាតពេញផ្លូវស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ។
សាក្សីដដែលបន្តថា ស្ត្រីជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ចំណែករថយន្តបង្កបានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចដេញឃាត់បាននៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ជាមួយនឹងអ្នកបើករថយន្តទាំង២នាក់។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកវាស់វែង យករថយន្តនិងម៉ូតូជាមួយនឹងអ្នកបើករថយន្តបង្កទាំង២នាក់ ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រជាពលរដ្ឋបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះផ្ទាល់នឹងភ្នែក បាននាំគ្នាលាន់មាត់ថា មិនគួរណាដែលអាជ្ញាធរខណ្ឌមានជ័យ បណ្តែតបណ្តោយឱ្យមានការបោះសម្រាមគដូចភ្នំលើចិញ្ចើមផ្លូវដូច្នេះសោះ ហើយគេតែងសង្កេតឃើញកើតមានគ្រោះថ្នាក់ចរាចណ៍ជាញឹកញាប់ដែលបណ្តាលមកពី គំនសម្រាមដាក់ហូរហារចូលមកផ្លូវ ប៉ុន្តែមិនមានអាជ្ញាណាអើពើនោះទេ ៕
