adverise with khmeread 1

ប៉ូឡូញ​កំពុង​ភ័យ​ខ្លាំង ពេល​រុស្ស៊ី​រំកិល​ជើង​ទម្រ​កាំជ្រួច​ឆ្លង​ទ្វីប​ចល័ត​មក​ជាប់​ព្រំដែន​ខ្លួន​

    ​ប្រទេស​ប៉ូឡូញ និង​អេ​ស្តូ​នី​បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​បន្ទាប់ពី​រុស្ស៊ី​បាន​បញ្ជាក់ថា ខ្លួន​បានចាប់ផ្តើម​ចល័ត​កាំជ្រួច​ដែលមាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ Iskander-M មកកាន់​ទីក្រុង Kaliningrad ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ប៉ូឡូញ លី​ទុយ​អា​នី និង​សមុទ្រ​បាល់​ទិ​ក​។​

​    ​អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​មួយរូប​បាន​និយាយថា ការ​ចល័ត​កាំជ្រួច​នេះ​មក​ទីក្រុង Kaliningrad ដែលជា​ដែនដី​របស់​រុស្ស៊ី​មួយ​នៅ​សមុទ្រ​បាល់​ទិ​ក និង​មាន​ចម្ងាយ​ពី​រុស្ស៊ី​ដីគោក​ប្រហែល ៧០០ គីឡូម៉ែត្រ ហើយក៏​ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់លោក​ខាងលិច គឺជា​ផ្នែក​មួយ​នៃ​ការធ្វើ​សមយុទ្ធ​តាម​ទម្លាប់​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍ Igor Konashenkov បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​មួយ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ថា "​ប្រព័ន្ធ​កាំជ្រួច​ឆ្លង​ទ្វីប Iskander គឺអាច​ចល័ត​បាន ហើយ​ការ​ចល័ត​មី​ស៊ី​ល​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​សមយុទ្ធ ជាមួយ​កងទ័ព​កាំជ្រួច​បាន​ចូលរួម​ហ្វឹកហាត់​ប្រចាំឆ្នាំ​ដែល​គ្របដណ្តប់​ពាសពេញ​ដែនដី​រុស្ស៊ី​ទាំង​ផ្លូវអាកាស សមុទ្រ​"​។​

​    ​លោក​ក៏បាន​បន្ថែមថា រុស្ស៊ី​បាន​ប្រើការ​ដាក់ពង្រាយ​កាំជ្រួច​នេះ​ដើម្បី​ពិនិត្យ​មើលថា​តើ​រយៈ​ចម្ងាយ​ផ្កាយរណប​ស៊ើបការណ៍​របស់​អាមេរិក​ដែល​អាច​ចាប់បាន​កម្រិតណា​។​

​    ​រីឯ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប៉ូឡូញ​គឺ​លោក Antoni Macierewicz បាន​ប្រតិកម្ម​ចំពោះ​ការដាក់​ពង្រាយ​នេះ​ដោយ​និយាយថា ប៉ូឡូញ​ចាត់ទុក​បញ្ហា​នេះ​ថា​ជា "​ការព្រួយបារម្ភ​ខ្លាំង​"​ហើយ​កំពុង​តាមដាន​ស្ថានការណ៍​នេះ ចំពេល​កំពុងមាន​ភាព​តានតឹង​រវាង​រុស្ស៊ី និង​លោកខាងលិច​ជុំវិញ​បញ្ហា​នៅ​ស៊ី​រី​។​

​    ​ប្រធាន​កងកម្លាំង​ការពារ​អេ​ស្តូ​នី​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Riho Terras ក៏បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ស្តូ​នីថា គាត់​មើលឃើញ​ការ​ចល័ត​នេះ​គឺជា​ផ្នែក​មួយ​នៃ​បំណង​គ្របដណ្តប់​ឥទ្ធិពល​របស់​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិ​ក​។​

​    ​ប្រព័ន្ធ​មី​ស៊ី​ល Iskander អាច​បំពាក់​ក្បាល​គ្រាប់​ធម្មតា ឬក៏​នុយក្លេអ៊ែរ ហើយ​មាន​រយៈ​ចម្ងាយ​បាញ់​ដល់​ទៅជិត ៥០០ គីឡូម៉ែត្រ​៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់