ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញធ្វើការឆែកឆេរនិងសួរនាំ បន្ទាប់ពីផឹកស៊ីស្រវឹងបានដកកាំភ្លើងខ្លីសំញ៉ែងនៅក្នុងហាងផឹកស៊ី បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចភោជនីយដ្ឋានយីហោ ផែថ្ម តាមបណ្តោយផ្លូវលេខ៣៩កែងផ្លូវលេខ៨២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺបុរសខាងលើមានគ្នា៣នាក់ ក្នុងនោះមានស្រីម្នាក់ផងនោះ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខាងលើ។
ខណ:ពេលកំពុងអង្គុយផឹកស៊ីស្រាប់តែក្មេងស្ទាវមួយក្រុមដែលអង្គុយក្បែរនោះ មិនដឹងជាមានរឿងអីទេបានទាញដបស្រាបោកបែកខ្ទាតពេញក្រោមជើង ។ឃើញដូច្នេះម្ចាស់ហាងក៏ដូចជាសន្តិសុខបានចូលទៅសម្របសម្រួល។ពេលនោះបុរសរូបនោះក៏បានដកកាំភ្លើងសំញ៉ែងដាក់នៅលើតុ ដើម្បីអួតអាងថា"គាត់មានខ្លួនមានកាំភ្លើង "។
មួយសន្ទុះក្រោយមកបុរសខាងលើបានចេញទៅក្រៅដើម្បីយកម៉ូតូជិះចេញ ពេលនោះអ្នកយាមម៉ូតូក៏បានសុំសំបុត្រ តែបែរជាបុរសម្នាក់នោះបានដកកាំភ្លើងចេញពីចង្កេះបង្ហាញ អ្នកយាមម៉ូតូទៅវិញ ។ធ្វើឱ្យពួគគេភ័យស្លន់ស្លោរនិងបានទំនាក់ទំនងទៅកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ឱ្យចុះមកអន្តរាគមន៍ផងដែរ ។
ភ្លាមៗនោះកម្លាំងអាវុធហត្ថខណ្ឌបានចុះមកដល់កន្លែង និងបានហៅបុរសខាងលើដើម្បីធ្វើការឆែកឆេរ និងបាននាំខ្លួនយកទៅសួរនាំនៅទីបញ្ជាការកងរាជអាវុហត្ថខណ្ឌដូនពេញ ។
ប៉ុន្តែក្រោយពីធ្វើការសួរនាំនិងពិនិត្យរួចមកកម្លាំងកងរាជអាវុធហត្ថខណ្ឌ មិនបានធ្វើការឃាត់ខ្លួនបុរសដែលត្រូវបានគេស្គាល់ថាជាកម្លាំងតម្រួតបទបញ្ជា ដែលដកកាំភ្លើងខ្លីនោះទេ ។ដោយសារតែមានឯកសារគ្រប់គ្រាន់ក្នុងការកាន់កាប់អាវុធស្របច្បាប់ ហើយក៏មិនទាន់បានប្រព្រឹត្តអ្វីឱ្យខុសធ្ងន់ធ្ងរនោះដែរ គ្រាន់តែដកហូតកាំភ្លើងខ្លីជាបណ្តោះអាសន្ន ព្រោះបុរសរូបនោះកំពុងតែស្រវឹងស្រា ខ្លាចបង្កការបាញ់បោះនៅតាមដងផ្លូវ ឬបង្ករបួសស្នាមដល់អ្នកដទៃ ៕
