ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងអត់មានពាក់ពួកនិងកញ្ចក់ ពេលឃើញសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅមុខផ្សារស៊ិនជូរីផ្លាហ្សាបានជិះម៉ូតូបត់ក្រោយគេច ទៅប៉ះជាមួយម៉ូតូរបស់បុរសម្នាក់បណ្តាលឲ្យដួលកាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី ១១ មករា ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមុខការ៉ាស់សាំងតូតាល់ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ប្រភពព័ត៍មាន បានឲ្យដឹងថា ដំបូងមានកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ខណៈពេលដែលសមត្ថកិច្ចកំពុងធ្វើការ គេឃើញបុរសម្នាក់ជិះម៉ូតូ គុបជ្រុងពណ៌ទឹកប៊ិច ជិះតាមផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត ។
លុះមកដល់ចំណុចកើតហេតុ ដោយគាត់ខ្លាចប៉ូលិសចាប់និងផាកពិន័យ ទើបគាត់ជិះបត់ត្រឡប់ក្រោយបម្រុងរត់គេចពីសមត្ថកិច្ច ក៏ជ្រុលទៅបុកបុរសម្នាក់ទៀត ដែលជិះមកស្របគ្នាពីក្រោយ បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ បែកក្បាល ហូរឈាម និងប៉ោងភ្នែកខាងស្តាំ ។
ភ្លាមនោះសមត្ថកិច្ចដែលនៅទីនោះបានជួយឃាត់ម៉ូតូបង្កនិងជួយលើកជនរងគ្រោះមកចិញ្ចើមផ្លូវ ព្រមទាំងបានហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ។ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមកទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌ ដើម្បីរងចាំការដោះស្រាយគ្នាព្រឹកនេះ៕
