adverise with khmeread Unnamed %281%29

ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដឹក​ទឹកកក​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ និង​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទី​ពេទ្យ​ភ្លាមៗ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ផ្លូវបំបែក​ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ត​កូ​រេ​ដឹក​ទឹកកក​ដែល​ធ្វើដំណើរ​កាត់​ខ្វែងគ្នា។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ព្រលឹម​ម៉ោង៤ ​និង​៣០ នាទី​ថ្ងៃទី​១២​ តុលា ​ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្លូវ​នរោត្តម​កែង​ផ្លូវ​លេខ​១៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។​

    បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​យុវជន ​៣ នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់​រេ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CM-8785 ជិះ​ឌុប​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    ពេលមកដល់​កន្លែងកើតហេតុ​ដែលជា​ផ្លូវបំបែក​ក៏​ជ្រុល​ទៅបុក​ចំ​គូទ​រថយន្ត​កូរ៉េ​ដឹក​ទឹ​ក​កក​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2P-4485 ជិះ​គ្នា​២​ នាក់ បណ្តាលឱ្យ​ម៉ូតូ​រួញ​មួយ​កំណាត់​ខាងមុខ រីឯ​មនុស្ស​ដួល​បោក​រដូករណែល​ទៅ​ហ្នឹង​ថ្នល់​របួសធ្ងន់​២​នាក់ ស្លាប់​ម្នាក់។ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ។​

    ភ្លាមៗ​នោះ​រថយន្ត​ដឹក​ទឹកកក មិនបាន​ឈប់​នៅ​ហ្នឹង​កន្លែង​ទេ គឺ​បាន​បន្ត​បើក​ទៅមុខ​ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង តែ​ត្រូវ​បងប្អូន​អ្នករត់​ម៉ូតូ​តាម​ចាប់​មក​កន្លែងកើតហេតុ​ដើម្បី​ដោះស្រាយ​គ្នា។

    ប្រភព​ដដែល​បាន​បន្តទៀតថា មូល​ហេតុដែល​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​ព្រោះតែ​ភាគី​ទាំង ​២ ​បើកបរ​ខ្វះ​ការយោគយល់​គ្នា ត្រង់ចំណុច​ផ្លូវបំបែក។ ចំណែក​អ្នកបើករ​ថយ​ន្តទឹកកក​បានឱ្យដឹងថា រូបគេ​គ្មាន​បំណង​បើក​រត់​ទេ តែ​ករណីនេះ​ម៉ូតូ​មក​បុក​រថយន្ត​ខ្លួនឯង ហេតុអ្វី​មកឃាត់​រូបគេ​ទៅវិញ​?។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់ ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ។ ​ចំណែក​សាកសព​ត្រូវបាន​គេ​ទាក់ទង​រក​ក្រុមគ្រួសារ ដើម្បី​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕

adverise with khmeread

មតិយោបល់