adverise with khmeread Liverpool unveil new signing sadio mane

Sadio Mane និយាយថា លោក Roger Schmidt ជា​អ្នកមានគុណ​ធំ​ធេ​ញ​បំផុត​របស់ខ្លួន​

    ​Sadio Mane បានបង្ហាញ​ទម្រង់​លេង​ដើមរដូវ​កាល​ថ្មី​ដ៏​អស្ចារ្យ​មួយ​នៅឯ​ហង្ស​ក្រហម Liverpool និង​កាន់តែ​មាន​ភាព​រីកចម្រើន​ក្រោម​ការដឹកនាំ​របស់លោក Jurgen Klopp ។ ហើយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​បានផ្តល់​តម្លៃ​ពី​ភាពជោគជ័យ​របស់ខ្លួន​ទៅដល់​អ្នកចាត់ការ​ទូទៅ​ស​ញ្ជ​តិ​អាល្លឺម៉ង់​មួយរូប​ផ្សេងទៀត ជាមួយនឹង​ទម្រង់​ដ៏​ល្អ​របស់គាត់​។​

​    ​Mane ត្រូវបាន​ដឹក​ដៃ​ចូលរួម​ក្នុង​ទឹកដី Anfield  ​ពី​ក្លឹប Southampton អំឡុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅ​ក្នុងតម្លៃ ៣៤​លាន​ផោន ដោយ​គាត់​បាន​ចុះហត្ថលេខា​លើក​កិច្ចព្រមព្រៀង​រយៈ​ប្រាំ​ឆ្នាំ​ជាមួយនឹង​ហង្ស​ក្រហម​។​

​    ​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​បី​គ្រាប់ និង​បញ្ជូន​បាល់​ស៊ុត​បញ្ចូល​ទី​ទៅដល់​មិត្ត​រួម​ក្រុម​ចំនួន​បី​ដង​ផ្សេងទៀត​ក្នុងការ​ប្រកួត​ចំនួន​ប្រាំពីរ​លើកដំបូង​របស់​គាត់ ហើយ​គាត់​ក៏​ហាក់ដូចជា​កីឡាករ​ដ៏​ឆ្នើម​របស់​ហង្ស​ក្រហម​ជាស្រេច​ផងដែរ​។​

​    ​Mane បាន​លើកសរសើរ​អំពី​គុណបំណាច់​របស់លោក Roger Schmidt អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ម្នាក់​ដែល​បាន​ចុះហត្ថលេខា​ទិញ​គាត់​ចូល​លេង​ក្នុង​ក្រុម Red Bulls Salzburg កាលពី​ឆ្នាំ ២០១២​។​

​    ​Mane បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Liverpool Echo ថា "​គាត់​នៅ Bayer Leverkusen នាពេល​បច្ចុប្បន្ននេះ​។ គាត់​គឺជា​ឥទ្ធិពល​ដ៏​ធំ​មួយ​នៅលើ​អាជីព​របស់ខ្ញុំ អរគុណ​សម្រាប់​អ្វី​គ្រប់យ៉ាង​ដែល​គាត់​បាន​ជឿជាក់​លើ​ខ្ញុំ និង​បាន​ជួយ​ខ្ញុំ​ជាច្រើន​។ 

​    ​ខ្ញុំ​ពិតជា​នៅ​ក្មេង​នៅឡើយ ពេលដែល​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ Salzburg ហើយ​ធ្វើការ​ក្រោម​ការដឹកនាំ​របស់គាត់ ដែល​ពិតជា​បាន​ជួយ​ឱ្យ​ខ្ញុំ​ធំធាត់ និង​កាន់តែ​ធំធាត់​ឡើង​ក្នុងនាម​ជា​កីឡាករ​ម្នាក់​។ ខ្ញុំ​បាន​រៀន​អំពី​យុទ្ធសាស្ត្រ និង​វិធី​ផ្សេងៗ​គ្នា​ដើម្បី​លេង​ក្នុង​ការប្រកួត​"​។​

​    ​Mane បាន​ជួយ​ឱ្យ Salzburg ធ្វើការ​គាបសង្កត់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​លី​ក​កំពូល​ប្រទេស​អូទ្រីស ដែល​ពួកគេ​ក្លាយទៅជា​ម្ចាស់​ជើងឯក​ពីរលើក​ជាប់​គ្នា​ក្នុងការ​ចំណាយពេល​ចំនួន​ពី​រដូវ​កាល​របស់គាត់​ជាមួយ​ក្លឹប​មួយ​នេះ ដោយ​គាត់​អា​ចរក​គ្រាប់​បាល់​បាន​ចំនួន ៤៥​គ្រាប់​ផងដែរ ក្នុងការ​បង្ហាញខ្លួន​ចំនួន ៨៧​លើក​សម្រាប់ Salzburg ។ 

​    ​កីឡាករ​រូបនេះ ក៏បាន​បង្ហើប​ឱ្យដឹង​ផងដែរ​ថា លោក Roger Schmidt ជា​គំរូ​នៃ​ការប្រកួត​របស់គាត់ បន្ទាប់ពី​និមិត្តរូប​ប្រទេស​ប្រេ​ស៊ី​ល Ronaldinho ហើយ​ថែមទាំង​ព្យាយាម​ចម្លង​ពី​ស្នាមញញឹម​ពី​គាត់​ទៀតផង​។​

​    ​គាត់​បាន​បន្តថា "​មនុស្ស​មួយចំនួន​និយាយថា ខ្ញុំ​ញញឹម​មិន​គ្រប់គ្រាន់​នោះឡើយ​។ ខ្ញុំ​គិតថា​រឿង​ទាំងនោះ​ពិតជា​ខុស​។ ខ្ញុំ​តែងតែ​ញញឹម និង​សើច​ក្នុង​ជំរំ​ហ្វឹកហាត់ ដោយសារតែ​ខ្ញុំ​រីករាយ​ជាមួយ​បាល់ទាត់​។ Ronaldinho តែងតែ​ធ្វើ​រឿង​ទាំងនោះ ហើយ​ខ្ញុំ​តែងតែ​ព្យាយាម​ចម្លង​ស្ទីល​តាម​គាត់​។ ខ្ញុំ​គិតថា​កីឡាករ​បាល់ទាត់​មាន​ហេតុផល​ជាច្រើន​ក្នុងការ​ញញឹម​។ យើង​មាន​ការងារ​ដ៏​អស្ចារ្យ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​នឹង​ចង់​មាន​វា​"៕

adverise with khmeread

មតិយោបល់