adverise with khmeread Unnamed %281%29

អ្នកជំនាញ​កីឡា​ហាប់​គី​ដូ​បង្ហាញ​ក្បាច់គុន​ជូន​ដល់​ថ្នាលយុវជន​​

    ភ្នំពេញ ៖ អ្នកជំនាញ​ខាង​កីឡា​ហាប់​គី​ដូ​បានបង្ហាញ​ក្បាច់គុន​ជូន​ដល់​ថ្នាល​យុវជន​នានា នៅក្នុង​សិក្ខាសាលា​មួយ កាលពី​ព្រឹក​មិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​ពេញ មួយ​ព្រឹក​រួចមក​។​

    លោក សេង ប៊ុន​សុង គ្រូបង្វឹក​ហាប់​គី​ដូ​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់ និង​លោក ហុង​ស៊ីន​ហេង គ្រូបង្វឹក ហាប់​គី​ដូ​មកពី ខេត្តបាត់ដំបង​បាន​ចូលរួម​បង្ហាញ នូវ​ក្បាច់​ពិសេសៗ​របស់​ហាប់​គី​ដូ​ដល់​អ្នក​ស្រករ​ក្រោយ ដើម្បី បណ្តុះបណ្តាល​ឲ្យ​ពួកគេ​ទទួលយក​នូវ​បទពិសោធន៍ និង​បច្ចេកទេស​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។​

    លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​អះអាងថា សិក្ខាសាលា​នេះ មាន​សិស្ស​គុន​ហាប់​គី​ដូ​៧០​នាក់ មកពី​ក្លឹប​ធំៗ​ចំនួន​៥ នៅក្នុង​រាជធានី​ភ្នំពេញ​។​

    លោក សេង ប៊ុន​សុង មានប្រសាសន៍ថា អ្នក​ក្បាច់គុន​ត្រូវតែមាន​គុណធម៌ សីលធម៌ និង​គោរព គ្នា​ទៅវិញទៅមក​។ 

    លោក​គ្រូធំ​រូបនេះ​បាន​ក្លាយជា​គ្រូបង្វឹក​ហាប់​គី​ដូ​នៅ​សហរដ្ឋអាមេរិក​ជាង​៣០ ឆ្នាំ​មកហើយៗ លោក​ក៏​ជា​អ្នកស្រាវជ្រាវ​ក្បាច់គុន​មួយរូប​ប្រកបដោយ​បទពិសោធន៍​ខ្ពស់​ក្នុងការ​បង្ហាត់​សិស្ស​។​

    លោក​បាន​ពន្យល់​ពី​ក្បាច់គុន​ហាប់​គី​ដូ ថា Hap មានន័យថា​បញ្ចូល​គ្នា​, Ki មានន័យថា​ឋា​ម​ពល និង Do មានន័យថា​មធ្យោបាយ​។ 
    ចំពោះ​លោក ហុង ស៊ីន​ហេង​បាន​បញ្ជាក់ថា ក្បាច់គុន​គ្មាន​ទីបញ្ចប់​ឡើយ​។ ក្បាច់គុន ជា​កីឡា ជា​ស្ពាន ចងមិត្តភាព និង​កែលម្អ​អត្ត​ចរិច​មនុស្ស​ផងដែរ​។​

    លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា មានប្រសាសន៍​ដែរ​ថា តាមរយៈ​ការបង្ហាញ​ក្បាច់គុន​ហាប់​គី​ដូ​ពី​លោក​គ្រូធំ​ទាំងនេះ នឹង​ផ្តល់​ជា​ប្រយោជន៍​ថ្មី​មួយ​បន្ថែមទៀត សម្រាប់ ថ្នាល​យុវជន​។ 

    អ្វីដែល​សំខាន់​នោះ គឺ​លោក​សូម​ឲ្យ​កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវ​បន្ត​ការខិតខំ​ហ្វឹកហាត់ បន្ថែមទៀត និង​ត្រូវ​ថែរក្សា​កេរ្តិ៍ដំណែល​ក្បាច់គុន​មួយ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត នៅក្នុង​ប្រទេស កម្ពុជា​។​

    លោក​ក៏​សុំ​ឲ្យ​អ្នក​ក្បាច់គុន​វ័យក្មេង​នានា​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​ប្រកួត ហ្វឹកហាត់ របស់​សហ ព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដែល​ទើបនឹង​កែទម្រង់ និង​ទើបតែ​ផ្លាស់ប្តូរ​សមាសភាព​សមា​ជិ​ក​ប្រតិបត្តិ​ថ្មី សម្រាប់ អាណត្តិ​ថ្មី​នេះ​។ 

    លោក​អគ្គលេខាធិការ​រូបនេះ​មានប្រសាសន៍ថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន គាំទ្រ និង​សម្រួល​ដល់​ការងារ​មួយចំនួនធំ ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​៕

adverise with khmeread

មតិយោបល់