adverise with khmeread Unnamed %284%29

​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​រ​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប...សល់​ពេល​ជាង​ ១​ ខែ​ទៀត សម្រាប់​ការចុះឈ្មោះ​ចូលរួម​

    សៀមរាប ៖ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី​២១ នៅមុខ​ប្រាសាទ អង្គរវត្ត​ខេត្តសៀមរាប ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​៤ ខែធ្នូ ចុងឆ្នាំ​២០១៦​នេះ កាន់តែ​ខិតជិត​ចូលមក​ដល់​ហើយ ពោលគឺ​នៅសល់​ពេល​តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ សម្រាប់​ការចុះឈ្មោះ​ចូលរួម​ប្រកួត​របស់​អត្ត​ព​លិ​ក​ជាតិ និង អន្តរជាតិ។​

    ដូច្នេះហើយ​គណៈកម្មការ​បច្ចេកទេស​ស្នើសុំ​ឱ្យ​មហាជន​ចុះឈ្មោះ​ឱ្យបាន​ទាន់ពេលវេលា និង​ច្រើន កុះករ​បន្ថែមទៀត ប្រយោជន៍​ធ្វើ​ឲ្យ​ទិវា​រត់ប្រណាំង​សប្បុរសធម៌​មួយ​នេះ​រក​ថវិកា​បាន​កាន់តែច្រើន ក្នុងការ​បរិច្ចាគ​ទៅកាន់​កិច្ចការ​សង្គម​។​

    ថ្លែងប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ពុធ​នេះ​, លោក សែម ផល្លា ប្រធាន​ក្រុមហ៊ុន Cambodia Events Organizer ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​រៀប ចំ​ព្រឹត្តិការណ៍ ម៉ា​រ៉ាង​តុង​នៅ​កម្ពុជា​ជាមួយ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃនេះ តួលេខ​នៃ​អ្នក​ចុះឈ្មោះ​ចូលរួមបាន ជិត​៥​ពាន់​នាក់​ហើយ ប៉ុន្តែ​ចំនួន​នេះ​ភាគច្រើន​គឺជា​ជនជាតិ​បរទេស​។ ចំណែកឯ​កីឡាករ កីឡាការិនី​ខ្មែរ ទើបនឹង មាន​ចំនួន​តិចតួច​នៅឡើយ ដូច្នេះហើយ​លោក​ស្នើសុំ​ដល់​មហាជន​នានា​ចុះឈ្មោះ​ឲ្យ​បាន​ច្រើន​កុះករ​បន្ថែម ទៀត ដោយនៅ​ឆ្នាំ​២០១៦​នេះ។ ​លោក​រំពឹងថា​អ្នកចូលរួម​អាច​នឹង​កើន​ឡើងដល់​ប្រមាណ​៩​ពាន់​នាក់​។ 

    ប្រធាន ក្រុមហ៊ុន​រូបនេះ​បញ្ជាក់ថា កាលណា​ចំនួន​នៃ​អ្នកចូលរួម​កាន់តែ​កើនឡើង​ច្រើន នោះ​គណៈកម្មការ​នឹង​រកបាន ថវិកា​កាន់តែច្រើន​សម្រាប់​ជួយ​ដល់​កិច្ចការ​សង្គម មនុស្សធម៌ តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល ដែល​កំពុង បំពេញ​បេស​កក​កម្ម​ជួយសង្គ្រោះ​ដល់​កុមារ​នៅ​មន្ទីរពេទ្យ ជនរងគ្រោះ​នានា​ជាច្រើន​រៀងរាល់ឆ្នាំ ជាពិសេស​គឺ បណ្តា​ក្រុមហ៊ុន​នានា​ជា​ដៃគូ​ជួយឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​នេះ​។ 

    កាលពី​ឆ្នាំមុន គណៈកម្មការ​បានផ្តល់​ប្រាក់​ឧ​ប ត្ថ​ម្ភ​ជាង​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​ជាង​១០​អង្គការ​។ 

    ទិវា​រត់ប្រណាំង​នេះ មាន​វិញ្ញាសា​ចំនួន​៣ គឺ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ចម្ងាយ​២១​គីឡូម៉ែត្រ ដែលជា​ចម្ងាយ ស្តង់ដារ​អន្តរជាតិ ដោយ​ការចុះឈ្មោះ​បង់ថ្លៃ គឺ​៤៥​ដុល្លារ សម្រាប់​ជនបរទេស និង​ខ្មែរ ១៥​ដុល្លារ​, រត់​១០​គីឡូ ម៉ែត្រ ត្រូវ​បង់ថ្លៃ​៤០​ដុល្លារ សម្រាប់​ជនបរទេស និង​១២​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​វិញ្ញាសា​រត់ កម្សាន្ត​លក្ខណៈ​គ្រួសារ ៣​គីឡូម៉ែត្រ គឺ​បរទេស​២០​ដុល្លារ និង​ខ្មែរ​តម្រូវ​ឲ្យ​បង់ប្រាក់​ត្រឹម​៥​ដុល្លារ​ប៉ុណ្ណោះ​។
 
    សម្រាប់​ការចុះឈ្មោះ​អាច​ចុះឈ្មោះ​នៅ​ការិយាល័យ​ផ្ទះ​លេខ​៧៩C ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប នៅ​សណ្ឋាគារ Angkor Century​។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា មានប្រសាសន៍​ដែរ​ថា ចំពោះ គោលបំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​រ​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​,​មន្ទីរពេទ្យ​គន្ធបុប្ផា និង​រត់​ដើម្បី​បំផុសស្មារតី​ដល់​មនុស្សជាតិ​ជួយ​ការពារ​បរិស្ថាន​តំបន់​អង្គរ​ផងដែរ​៕ (​រូបភាព​ឯកសារ​)


 

adverise with khmeread

មតិយោបល់