adverise with khmeread Untitled 1

បវរកញ្ញាហ្វីលីពីននេះហ៊ានម៉្លេះ! រិះគន់ Duterte ថាជាហ៊ីត្លែរ

    អ្នកចូលរួមប្រកួតបវរកញ្ញាអន្តរជាតិមកពីហ្វីលីពីនម្នាក់បានបង្កឱ្យមានរឿងដ៏ចម្រូងចម្រាស់មួយនៅប្រទេសរបស់នាងដោយប្រៀបធៀបលោក Rodrigo Duterte ទៅនឹងមេដឹកនាំផ្តាច់ការហ៊ីត្លែរ។

    កញ្ញា Imelda Bautista Schweighart ដែលកំពុងចូលរួមប្រកួតប្រជែងបវរកញ្ញា Miss Earth 2016 បានបង្កឱ្យមានកំហឹងកើតឡើងនៅក្នុងប្រទេសហ្វីលីពីនដោយរិះគន់ប្រធានាធិបតីថ្មីរបស់ខ្លួន។

    កញ្ញាដែលជានិស្សិតវ័យ ២១ ឆ្នាំរូបនេះបាននិយាយនៅលើវីដេអូផ្សាយផ្ទាល់តាមរយៈ Facebook ថា "ឱព្រះអើយ ប្រធានាធិបតីរបស់យើងកំពុងធ្វើរឿងដូចហ៊ីត្លែរក្នុងប្រទេសហ្វីលីពីន"។

    បវរកញ្ញា Miss Philippines Earth 2016​ បានចាប់ផ្តើមរឿងដ៏ចម្រូងចម្រាស់នេះដោយការឆ្លើយឆ្លងជាមួយដៃគូរបស់នាងគឺកញ្ញា Kimberly Budinsky ដោយសួរនាងអំពីអធិការបតីណាស៊ីអាល្លឺម៉ង់។

    នាងបានសួរថា "តើហ៊ីត្លែរមកពីអូទ្រីសមែនទេ?"។ កញ្ញា Budinsky បានឆ្លើយតបទាំងទឹកមុខមិនរីករាយថា "នេះគឺជាសំណួរមិនល្អមួយព្រោះជាធម្មតា យើងមិននិយាយអំពីហ៊ីត្លែរទេ ប៉ុន្តែមែនហើយ គាត់មកពីអូទ្រីស"។

    បន្ទាប់មក Schweighart ក៏និយាយភ្ជាប់លោកប្រធានាធិបតី Duterte ទៅនឹងមេដឹកនាំបក្សណាស៊ីរូបនេះ ដែលបានរៀបចំគម្រោងការសម្លាប់រង្គាលជនជាតិ​ជ្វី​ហ្វចំនួន ៦ លាននាក់។

    ក្រោយការប្រៀបធៀបនេះ មានប្រតិកម្មជាច្រើនពីប្រទេសហ្វីលីពីនដោយអ្នកខ្លះបានសរសេរនៅលើបណ្តាញសង្គមថា "តើនេះជាការពិតមែនឬ? នាងឯងមិនសមធ្វើជាអ្នកតំណាងឱ្យប្រទេសយើងទេ។ នាងគួរឱ្យតែចេះអៀនខ្មាស់ផងចំពោះអ្វីដែលនាងបាននិយាយ"។

    យ៉ាងណាក្តីក្រោយការលើកឡើងបែបនេះ Schweighart បានចេញមុខពន្យល់ពីមូលហេតុដែលនាងប្រៀបធៀបបែបនេះ ហើយនាងក៏បានសុំទោសប្រជាជនហ្វីលីពីន និងអ្នកគាំទ្រលោក Duterte ផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់