adverise with khmeread 7

លក្ខណៈពិសេស ១០ ចំណុច​នៃ​ប្រព័ន្ធ​អប់រំ​ជប៉ុន ដែល​ធ្វើឱ្យ​ពិភពលោក​ច្រណែន​

    ​ប្រជាជន​ជប៉ុន​ត្រូវបាន​គេ​ដឹងឮ​ចំពោះ​សមត្ថភាព សុខភាព​រឹងមាំ ភាពរួស​រាយ​រាក់ទាក់​របស់​ពួកគេ ប៉ុន្តែ​ហេតុអ្វី​បានជា​ប្រទេសមួយ​នេះ​មាន​លក្ខណៈ​ខុសពី​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​? នោះ​គឺ​ព្រោះតែ​ប្រទេស​នេះ​មាន​ប្រព័ន្ធ​អប់រំ​ដ៏​អស្ចារ្យ​។ ដូច្នេះ ខាងក្រោម​នេះ​គឺជា​លក្ខណៈពិសេស​នៃ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ជប៉ុន​។​

​    ​១. ឥរិយាបថ​ដើរ​ពីមុខ​ចំណេះដឹង​ជានិច្ច​
​    ​នៅ​សាលា​ក្នុងប្រទេស​ជប៉ុន សិស្ស​មិន​ប្រឡង​ឡើយ​រហូតដល់​ពួកគេ​ឡើងដល់​ថ្នាក់​ទី​បួន (​ខ្ទង់​អាយុ ១០ ឆ្នាំ​)​។ សិស្ស​គ្រាន់តែ​ធ្វើ​លំ​ហាត់​តូចៗ​ប៉ុណ្ណោះ​។ អំឡុង​បី​ឆ្នាំ​ដំបូង សិស្ស​ត្រូវបាន​បង្រៀន​ឱ្យ​ចេះ​គោរព​គ្នា​ទៅវិញទៅមក និង​ឱ្យ​ចេះ​ពី​របៀប​ទន់ភ្លន់​ជាមួយ​សត្វ និង​ធម្មជាតិ​។ ពួកគេ​ក៏​រៀន​អំពី​របៀប​ធ្វើ​ចិត្ត​ទូលាយ ចិត្តមេត្តា និង​ចេះ​យល់ចិត្ត​គ្នា​ទៅវិញទៅមក​។ ក្រៅពីនេះ ក្មេងៗ​ក៏ត្រូវ​បាន​បង្រៀន​ពី​លក្ខណៈ​សម្បត្ដិ​ដូចជា ក្លាហាន​និង​មោះមុត ចេះ​គ្រប់គ្រង​ខ្លួន និង​ស្គាល់​តម្លៃ​យុត្តិធម៌​។​

​    ​២. ឆ្នាំ​សិក្សា​ចាប់ផ្តើម​នៅ​ថ្ងៃទី ០១ ខែមេសា​
​    ​ជារឿយៗ ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​ឆ្នាំ​សិក្សា​របស់​ជប៉ុន​គឺ​ចំ​បាតុភូតធម្មជាតិ​ដ៏​ស្រស់ស្អាត គឺ​ពេលវេលា​របស់​ដើម Cherry រីក​ដ៏​ស្រស់បំព្រង​។ ឆ្នាំ​សិក្សា​ជប៉ុន​ចែកចេញជា​បី​ត្រីមាស​។ ត្រីមាស​ទីមួយ​ពីថ្ងៃ​ទី ១ មេសា រហូតដល់​ថ្ងៃទី ២០ ខែកក្កដា ត្រីមាស​ទី​ពីរ​ចាប់ផ្តើម​ពីថ្ងៃ​ទី ០១ ខែកញ្ញា រហូតដល់​ថ្ងៃទី ២៦ ខែធ្នូ និង​ត្រីមាស​ទី​បី​ចាប់ផ្តើម​ពី​ទី ៧ ខែមករា​ដល់​ថ្ងៃទី ២៥ ខែមីនា​។ សិស្ស​ជប៉ុន​ទទួលបាន​ថ្ងៃ​ឈប់សម្រាក​ចំនួន ៦ សប្តាហ៍​អំឡុង​រដូវក្តៅ​។ ពួកគេ​ក៏​ទទួលបាន​ថ្ងៃ​ឈប់សម្រាក​ចំនួន​ពី​សប្តាហ៍​ផងដែរ​ក្នុង​រដូវរងា និង​និ​ទាឃ​រដូវ​។​

​    ​៣. សិស្ស​ជប៉ុន​សម្អាត​សាលា​ដោយ​ខ្លួនឯង​
​    ​សិស្ស​ជប៉ុន​ត្រូវតែ​សម្អាត​ថ្នាក់រៀន កង់​ទីន និង​បង្គន់​ដោយ​ខ្លួនឯង​ដោយ​ប្តូរ​វេណ​គ្នា​សម្អាត​ពេញ​មួយឆ្នាំ​សិក្សា​។ ការធ្វើ​បែបនេះ​គឺ​ដើម្បីឱ្យ​សិស្ស​ចេះ​ធ្វើការ​ជា​ក្រុម ចេះ​ជួយ​គ្នា និង​ចេះ​គោរព​ការងារ​ខ្លួនឯង និង​អ្នកដទៃ​។​

​    ​៤. សាលា​ជប៉ុន​ផ្តល់ជូន​អាហារ​ថ្ងៃត្រង់​តាម​ស្តង់ដារ មាន​រសជាតិ​ឆ្ងាញ់ និង​អាច​ទទួលទាន​ក្នុង​ថ្នាក់រៀន​បាន​
​    ​ប្រព័ន្ធ​អប់រំ​ជប៉ុន​ប្រឹងប្រែង​គ្រប់យ៉ាង​ដើម្បី​ធានាថា សិស្ស​ទទួលទាន​អាហារ​មាន​សុភាព​ល្អ និង​មាន​តុល្យភាព​។ នៅ​សាលា​រដ្ឋ​ថ្នាក់​បឋម និង​វិទ្យាល័យ អាហារ​ថ្ងៃត្រង់​ត្រូវបាន​ចម្អិន​តាម​លក្ខណៈ​ស្តង់ដារ ដែល​ចម្អិន​ឡើង​មិនមែន​ត្រឹមតែ​ពី​សំណាក់​មេ​ចុងភៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចម្អិន​ដោយ​ក្រុម​សាស្ត្រាចារ្យ​ខាង​ការថែទាំ​សុខភាព​ទៀតផង​។ មិត្ត​រួម​ថ្នាក់ និង​គ្រូបង្រៀន​ទទួល​អាហារ​ជុំគ្នា ដែល​នេះ​គឺ​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​សិស្ស និង​គ្រូ​។​

​    ​៥. សិក្ខាសាលា បន្ទាប់ពី​ចេញពី​រៀន​គឺ​ពេញនិយម​នៅ​ជប៉ុន​
​    ​ដើម្បី​បាន​ចូលរៀន​វិទ្យាល័យ​ល្អ សិស្ស​ជប៉ុន​ជាច្រើន​ចូលរួម​សាលា​ឯកជន​មួយ ឬក៏​ចូលរួម​សិក្ខា​សិលា​ឯកជន​ក្រោយ​ចេញពី​រៀន​។ ថ្នាក់​សិក្ខា​សិលា​នេះ​ប្រព្រឹត្តិ​ឡើង​នៅពេល​ល្ងាច​។ សិស្ស​តូចៗ​ចេញពី​ថ្នាក់​ក្រៅ​ម៉ោង​នៅពេល​ល្ងាច​ក្លាយ​គឺជា​រឿង​ធម្មតា​ទៅហើយ​នៅ​ជប៉ុន​។ សិស្ស​ជប៉ុន​មាន​ម៉ោង​នៅ​សាលា​ចំនួន ៨ ម៉ោង ហើយ​ពួកគេ​ថែមទាំង​សិក្សា​អំឡុង​ថ្ងៃ​វិស្សមកាល និង​ចុង​សប្តាហ៍​។ ដូច្នេះហើយ​ទើប​សិស្ស​ជប៉ុន​មិនដែល​រៀន​ត្រួតថ្នាក់​។​

​    ​៦. ក្រៅពី​មុខវិជ្ជា​ប្រពៃណី សិស្ស​ជប៉ុន​ក៏​រៀនអក្សរ​ផ្ចង់​ជប៉ុន និង​កំណាព្យ​ផងដែរ​
​    ​អក្សរ​ផ្ចង់​ជប៉ុន ឬក៏ Shodo មានការ​ប្រើ​ជក់​ឫស្សី​ជាមួយ​ទឹក​ថ្នាំ និង​ប្រើ​វា​ដើម្បី​សរសេរ​អក្សរ​ផ្ចង់​លើ​ក្រដាស​។ សម្រាប់​ប្រជាជន​ជប៉ុន Shodo គឺជា​សិល្បៈ​ដែល​មិន​ចាញ់​នឹង​ការ​គូរគំនូរ​ប្រពៃណី​ដែរ​។ ម្យ៉ាងវិញទៀត Haiku គឺជា​ទម្រង់​កំណាព្យ​ដែល​ប្រើ​កន្សោម​សាមញ្ញ​ដើម្បី​បញ្ជូន​សារ​ដ៏​ជ្រាលជ្រៅ​ទៅដល់​អ្នកអាន​។ ថ្នាក់​ទាំងពីរ​បង្រៀន​សិស្ស​ឱ្យ​ចេះ​គោរព​វប្បធម៌​ខ្លួនឯង​ដែលមាន​អាយុកាល​រាប់​សតវត្សរ៍​។​

​    ​៧. សិស្ស​ភាគច្រើន​ស្លៀកពាក់​ឯកសណ្ឋាន​សាលា​
​    ​សិស្ស​វិទ្យាល័យ​ទាំងអស់​ត្រូវ​ពាក់​ឯកសណ្ឋាន​សាលា ខណៈ​សាលា​ខ្លះ​មាន​ឯកសណ្ឋាន​ផ្ទាល់ខ្លួន​ដោយ​សិស្ស​ប្រុស​ត្រូវ​ស្លៀកពាក់​បែប​យោធា និង​សិស្សស្រី​បែប​នាវិក​។ ការ​ស្លៀកពាក់​ឯកសណ្ឋាន​នេះ​គឺ​ដើម្បី​កម្ចាត់​ចោល​ឧបសគ្គ​សង្គម​ក្នុងចំណោម​សិស្ស និង​នាំឱ្យ​ពួកគេ​មាន​អារម្មណ៍​សិក្សា​។​

​    ​៨. វត្តមាន​សិស្ស​នៅ​ជប៉ុន​គឺមាន​អាត្រា ៩៩,៩៩ ភាគរយ​
​    ​សិស្ស​នៅ​ជប៉ុន​មិនចេះ​គេច​សាលា ឬក៏​មក​សាលា​យឺត​ទេ ហើយ​លើសពីនេះ សិស្ស​ចំនួន ៩១ ភាគរយ​នៅ​ប្រទេស​ជប៉ុន ត្រូវបាន​រាយការណ៍​ថា មិនដែល​បដិសេធ​នូវ​អ្វីដែល​គ្រូ​បាន​បង្រៀន​ឡើយ​។​

​    ​៩. តេស្ត​តែមួយ​សម្រេច​ពី​អនាគត​សិស្ស​
​    ​នៅ​ថ្នាក់​បញ្ចប់​វិទ្យាល័យ សិស្ស​ជប៉ុន​ត្រូវតែ​ធ្វើការ​ប្រឡង​ដ៏​សំខាន់​មួយ​ដែល​នឹង​សម្រេច​ពី​អនាគត​របស់​ពួកគេ​។ សិស្ស​ម្នាក់​អាច​ជ្រើស​មហាវិទ្យាល័យ​មួយ​ដែល​ពួកគេ​ចង់​បន្ត ហើយ​មហាវិទ្យាល័យ​នោះ​មាន​តម្រូវការ​ពិន្ទុ​ដ៏​ច្បាស់លាស់​របស់ខ្លួន​។ ប្រសិនបើ​សិស្ស​ម្នាក់​មិនអាច​បាន​ពិន្ទុ​តាម​តម្រូវការ នោះ​ពួកគេ​ប្រហែលជា​មិនបាន​រៀន​នៅ​មហាវិទ្យាល័យ​ឡើយ​។ ការប្រកួតប្រជែង​នេះ​ពិតជា​ទាមទារ​ខ្ពស់​ណាស់ ហើយ​មាន​សិស្ស​ត្រឹមតែ ៧៦ ភាគរយ​ប៉ុណ្ណោះ​ដែល​បន្ត​ការសិក្សា​របស់ខ្លួន​បន្ទា​ប់​ពី​ថ្នាក់​វិទ្យាល័យ​។ អំឡុង​ការត្រៀមខ្លួន​សម្រាប់​ការសិក្សា​ថ្នាក់ខ្ពស់​នោះ​ត្រូវបាន​គេ​ឱ្យ​រហស្សនាម​ថា "Examination Hell" (​ឋាននរក​នៃ​ការប្រឡង​)​។​

​    ​១០. ថ្នាក់​មហាវិទ្យាល័យ​គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ជិវិត​របស់​មនុស្ស​ម្នាក់​
​    ​បន្ទាប់ពី​ឆ្លងកាត់​ការប្រឡង​ដ៏​លំបាក សិស្ស​ជប៉ុន​ជាទូទៅ​តែង​ឈប់សម្រាក​។ នៅ​ជប៉ុន ថ្នាក់​មហាវិទ្យាល័យ​ត្រូវបាន​ចាត់ទុកថា ជា​ឆ្នាំ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ជីវិត​មនុស្ស​ម្នាក់​។ ជួនកាល ប្រជាជន​ជប៉ុន​ចាត់ទុកថា វា​ជា​ពេលវេលា​សម្រាក​មុននឹង​ចាប់ផ្តើម​ការងារ​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់