1

អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​ "យាយ ​ព្រឿង" មេក្លោង​ឈ្មួញ​ឈើ​ដ៏​ធំ ប្រចាំ​ភូមិភាគ​ឦ​សាន្ត

    ស្ទឹងត្រែង ៖ "យាយ​ ព្រឿង" ជនជាតិ​យួន​ដែលជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦ​សាន្ត និង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រប​ស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​៤​ ទៀបភ្លឺ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង។



    ការចាប់ខ្លួន​មេក្លោង​ខាងលើនេះ បន្ទាប់ពី​មេ​ឈ្មួញ​ដ៏​ធំ​រូបនេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់ មក​រំដោះ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំយកមក​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និង​បង្ក្រាប​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ រកឃើញ​គំនរ​ឈើ​ដ៏​ច្រើន ត្រូវបាន​គេ​យកទៅ​លាក់ទុក​នៅក្នុង​ដីចម្ការ ស្ថិត​ក្នុងភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ឈើ​ទាំងនោះ ជា​ប្រភេទ​ឈើ​ប្រណីត ដែលមាន​ចំនួន​ដ៏​ច្រើន ត្រូវបាន​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដឹកជញ្ជូន​ឈើ​ទាំងនោះ យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​តាំងពី​រសៀល​ថ្ងៃទី​១២ ខែតុលា រហូតដល់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ទើប​រួចរាល់ ដែល​ឈើ​ទាំងនោះ មាន​ចំនួន​៦​ឡាន​សាំង​យ៉ុង និង​៦​ឡាន​បែន។

    បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ស្រាប់តែ​នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក៏មាន​វត្តមាន​យាយ​ព្រឿង ថៅកែ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ជាមួយ​កម្មករ​៧​នាក់ និង​រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក​បា​ឡែ​ន ពណ៌​ស និង​មួយគ្រឿង​ទៀត​ម៉ាក​សាំង​យ៉ុង ថ្លើមធំ​ចូលមក​រំដោះ​ឈើ និង​ឡោមព័ទ្ធ​មកលើ​កងកម្លាំង ដែល​កំពុង​យាម​ឈើ​នៅក្នុង​ទីតាំង​នោះ​ថែមទៀត។



    ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន "យាយ ព្រឿង" ក្នុង​បទល្មើស​ជាក់ស្តែង ដែល​មក​រំដោះ​ឈើ​នៅក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់។ ដោយឡែក កម្មករ​៧​នាក់ ត្រូវបាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ។

    ពាក់ព័ន្ធ​ទៅនឹង​ករណី​ "យាយ ព្រឿង" ចូលមក​រំដោះ​ឈើ សង្ស័យ​មាន​អំពើ​ឃុបឃិត​គ្នា​ណាមួយ រវាង​រដ្ឋបាល​ព្រៃឈើ ជាមួយនឹង​ យាយ​ព្រឿង ខណៈ​ឈើ​ត្រូវបាន​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រួចរាល់ រួមទាំង​ចាក់សោ។ ​តែមាន​វត្តមាន ​យាយ ព្រឿង ចូលទៅក្នុង​បរិវេណ​ជាមួយនឹង​កម្មករ​៧​នាក់ ដើម្បី​រំដោះ​ឈើ ចំណុច​នេះ មានន័យថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​ទីនោះ អាច​ចាក់សោ​ឱ្យក្រុម​ យាយ​ព្រឿង​ ចូល រួចខ្លួន​បែរជា​ទៅសម្ងំ​ដេក ដើម្បី​បំភ័ន្ត​សមត្ថកិច្ច។



    មួយរយៈ​កន្លងទៅនេះ ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រប​ស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បំពេញការងារ​ដ៏​សស្រាក់សស្រាំ ចុះ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូចជា​ករណី ឈើ​ជាច្រើន​កំណាត់​នៅក្នុង​ដីចម្ការ ស្ថិតនៅ​ក្នុងភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក គឺ​ឈ្មួញ​ យាយ ព្រឿង នេះ​តែម្តង បាន​យកទៅ​លាក់ទុក​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការរុករក។

    ពាក់ព័ន្ធ​ទៅនឹង​ករណី ដែល ​យាយ​ ព្រឿង នាំ​កម្មករ​ទៅ​រំដោះ​ឈើ​នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ មិន​ត្រឹមតែ​សង្ស័យថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក ឆៀង តុលា មាន​ករណី​ឃុបឃិត​គ្នា​ជាមួយ​ យាយ ​ព្រឿង ប៉ុណ្ណោះ​ទេ សូម្បីតែ​ករណី រដ្ឋបាល​ព្រៃឈើ ប្រើប្រាស់​រថយន្ត និង​កម្មករ មក​ដឹកជញ្ជូន​ឈើ​នៅក្នុង​ដីចម្ការ​ខាងលើ ដែល​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រគល់ឱ្យ ក៏ត្រូវ​បាន​គេ​ដឹងថា ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​យក​រថយន្ត និង​កម្មករ​របស់​ យា​យ ​ព្រឿង មក​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំងនេះ យកទៅ​រក្សាទុក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ទៀតផង។​

    ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ឈានដល់​ឃាត់ខ្លួន​ យាយ ព្រឿង ដែលជា​ឈ្មួញ​ល្មើសច្បាប់​ដ៏​ធំ​នៅ​ភូមិភាគ​ឦ​សាន្ត ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មានការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ខិតខំ​បំពេញការងារ​របស់ខ្លួន ទទួលបាន​លទ្ធផល​ជោគជ័យ។​

    ទន្ទឹមនឹង​ករណីនេះ​ផងដែរ សមត្ថកិច្ច​ក៏​បន្ត​នីតិវិធី បើក​ការស្រាវជ្រាវ​ពី​បញ្ហា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហេតុអ្វី​ក៏មាន​ការពាក់ព័ន្ធ​ជាមួយនឹង​ យាយ​ព្រឿង ឈានដល់​ការឃុបឃិត រំដោះ​ឈើ​នៅក្នុង​បរិវេណ​ដែល​ខ្លួន​គ្រប់គ្រង​ថែមទៀត​?៕
 

មតិយោបល់