សៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉កស្របទិសគ្នាបណ្ដាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ និងស្រាលកាលពីវេលាម៉ោង ១៨ និង២៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងកើតស្ពានតាមេងចំងាយ ២៥០ម៉ែត្រនៅលើផ្លូវជាតិលេខ៦ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ជី បេងជន អធិការស្តីទីស្រុកក្រឡាញ់បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីរថយន្តម៉ាក ប៊ីសុយមីស៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខភំពេញ 2T-3693 បើកបរដោយ មនុស្សមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយបានទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កចំពីក្រោយពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅជួយសង្គ្រោះ និងព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្កែកស្រុកក្រឡាញ់។ ចំពោះអ្នកបើកបររថយន្តក្រោយពេលបង្កហេតុបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
លោកអធិការស្តីទីស្រុកក្រឡាញ់បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ប្រាក់ លាង ភេទប្រុស អាយុ៥៤ឆ្នាំ ជាអ្នកបើកបរម៉ូតូ សណ្ដោយរ៉ឺម៉ក និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ខាំ សំបូរ ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ។
បន្ទាប់ពីកើតហេតុកម្លាំងប៉ូលិសស្រុកបានចុះទៅធ្វើការត្រួតពិនិត្យវាស់វែងរួច បានយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់។ ចំពោះអ្នកបើកបរសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយកមកផ្តន្ទាទោសតាមច្បាប់៕
