adverise with khmeread Unnamed %282%29

ប៉ង​លួច​កាំភ្លើង​មេ​ប៉ុស្តិ៍​ទុក​សម្រាប់​ប្លន់​....​ប៉ូលិស​វ៉ៃខ្នោះ​២​នាក់​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់ ប៉ុនប៉ង​លួច​កាំភ្លើង​មេ​ប៉ុស្តិ៍​កំពង់​សំណាញ់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ និង​១០​នាទី អា​ធ្រា​ត្រ​នៅ​ចំណុច​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​សំណាញ់ ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សំរិទ្ធ សន​សុជា ភេទ​ប្រុស អាយុ​ ៣៦​ ឆ្នាំ ​ទីលំនៅ​ភូមិ​ខ្ពប​វែង​ សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខ​​របរ នាយប៉ូលិស​ប៉ុស្តិ៍​កំពង់​សំណាញ់​។​

    ចំណែក​ជនល្មើស ០២ ​នាក់​១-​ឈ្មោះ​ អុន រី ភេទ​ប្រុស អាយុ​ ៣២​ ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត​ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​មុខរបរ​មិន​ពិត​​ប្រាកដ​ (​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ​ចក់ សុផល ភេទ​ប្រុស ​អាយុ​ ៣១ ​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​) ​។​

    វត្ថុតាង​ចាប់យក កាំភ្លើងខ្លី​ជ័រ​ពណ៌​ខ្មៅ​០១​ដើម​,​ កាំបិត​សាំង​គីម ០១, ​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​NOKIA ចុច​ពិល​ពណ៌​ស, ​ឈើ​ជ្រុង​ទំហំ​៧​ស​.​ម គុណ ៤​ស​.​ម​០១​ដើម​ប្រវែង​១៤៥​ស​.​ម, ​ម៉ូតូ​០១​គ្រឿង​ម៉ាក ​SUZKI smashV ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1BA-2442 (​មាន​បំពាក់​ប្រដាប់​សំរាប់​សណ្តោង​រ៉ឺម៉ក​)​។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​សំណាញ់ បានចេញ​ល្បាត​ស្រាប់តែ​ឃើញ​ជនល្មើស​ទាំង​ ០២ នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មកដល់​ខាង​​ក្រោយ​ប៉ុស្តិ៍​ដោយ​បិទ​ភ្លើង​ម៉ូតូ ហើយ​ជនល្មើស​ឈ្មោះ ​ចក់ សុផល បាន​ចុះ​ពីលើ​​ម៉ូតូ​ដោយ​កាន់​ឈើ​ជ្រុង​ដើរ​សំដៅទៅ​ផ្នែក​ខាងក្រោយ​ប៉ុស្តិ៍​បំ​រ៉ុង​ធ្វើ​សកម្មភាព​។​

    ភ្លាមនោះ​កម្លាំង​ប៉ូ​លិ​ប៉ុស្តិ៍​ក៏បាន​ធ្វើការ​ឡោមព័ទ្ធ​ស្ទាក់​ចាប់ខ្លួន​ជនល្មើស​បាន​ទាំង​ ០២​ នាក់​បាន​រួមទាំង​វត្ថុតាង​ដូចខាងលើ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​ឈ្មោះ​ អុន រី បាន​សារភាពថា​ខ្លួន ​និង​បក្ខពួក​ពិតជា​មានបំណង​លួច​គាស់​ប៉ុស្តិ៍​កំពង់​សំណាញ់​ដើម្បី​លួច​យក​កាំភ្លើង​ទុក​សម្រាប់ធ្វើ​សកម្មភាព​ប្លន់​នៅ​ថ្ងៃក្រោយ​។​

    ចំណែកឯ​ជនល្មើស​ឈ្មោះ ​ចក់ សុផល ​បាន​សារភាពថា ខ្លួន​មិនមាន​បំណង​លួច​គាស់​ប៉ុស្តិ៍​យក​កាំភ្លើង​ទេ គឺ​គ្រាន់តែ​មានបំណង​ចូល​លួច​ឈើ​ដែល​ទុក​នៅក្រោយ​ប៉ុស្តិ៍​ទុក​ធ្វើ​ជ​ន្ទុ​ល​រ៉ឺម៉ក​កង់​បី​របស់ខ្លួន​ប៉ុណ្ណោះ រីឯ​កាំភ្លើង​ជ័រ និង​កាំបិត​សាំង​គីម​វិញ​ខ្លួន​ទុក​សំរាប់​ភ្ជង់​គំរាម​គេ​ដើម្បី​យកលុយ និង​ទូរស័ព្ទ​ពេលយប់ តែ​មិនទាន់បាន​ប្រព្រឹត្ត​ទេ​៕


 

adverise with khmeread

មតិយោបល់