adverise with khmeread Unnamed %283%29

៣​ប្រភេទ​កីឡា ក្នុងចំណោម​១៥​ប្រភេទ​កីឡា​ត្រៀមខ្លួន​ ​រួចរាល់​សម្រាប់​កីឡា​ជាតិ​លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​

    ភ្នំពេញ ៖ ៣​ប្រភេទ​កីឡា​កាយសម្ព័ន្ធ ហែល​ទឹក និង​ចំបាប់ ក្នុងចំណោម​១៥​ប្រភេទ​កីឡា​បាន​ត្រៀមខ្លួន​រួចរាល់ ហើយ​សម្រាប់​ការប្រកួត​កីឡា​ជាតិ លើក​ទី​១ ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​នឹងត្រូវ​ដំណើរការ​ពីថ្ងៃ ទី​២៥ តុលា ដល់​៥​វិច្ឆិកា ២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ថ្លែងថា ដើម្បី​ត្រៀមខ្លួន សម្រាប់​កីឡា​ជាតិ​ឲ្យ​ទទួលបាន​ជោគជ័យ​នោះ សហព័ន្ធ​ជំនាញ​មួយ​នេះ​បានរៀបចំ​ការប្រកួត ដោយ​បែងចែក ចេញ ជា​២​ប្រភេទ​វិញ្ញាសា​ធំៗ គឺ​កីឡា​កាយសម្ព័ន្ធ​បែប Aerobic និង​កីឡា​កាយសម្ព័ន្ធ Artistic​។ អា​អេ​រ៉ូ​ប៊ិច (Aerobic)​មាន​៥​វិញ្ញាសា គឺ​វិញ្ញាសា​ឯកត្តជន​បុរស​, វិញ្ញាសា​ឯកត្តជន​នារី​, វិញ្ញាសា​គូ​,​វិញ្ញាសា​៣​នាក់ និង វិញ្ញាសា​ជា​ក្រុម ហើយ អា​ទី​ស្ទីក (Artistic) ក៏មាន​៥​វិញ្ញាសា​ដែរ​គឺ​វិញ្ញាសា​ឯកត្តជន​បុរស សរុប​ឧបករណ៍ ឯក​ត្ត ជន​បុរស​ជំនាញ​លើ​កម្រាល​, ឯកត្តជន​បុរស​ជំនាញ​សេះ​លោត​, ឯកត្តជន​បុរស​ជំនាញ​កង និង​ក្រុម​៦​នាក់​សរុប ឧបករណ៍​ទាំងអស់​។ 

    អគ្គលេខាធិការ​បន្តថា សព្វថ្ងៃនេះ​សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​មានតែ​៤​រាជធានី​-​ខេត្ត រាជធានី​ភ្នំពេញ ក្រចេះ តាកែវ និង ខេត្តកំពង់ឆ្នាំង សរុប​មាន​កីឡាករ កីឡាការិនី​ចំនួន​៥១​រូប ក្នុងនោះ​កីឡា ការិនី​១៥​នាក់ និង​មន្ត្រី​បច្ចេកទេស​២១​នាក់​។​

    អគ្គលេខាធិការ កាយសម្ព័ន្ធ​បាន​អះអាងថា ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ​ផង និង​ស៊ី​ហ្គេម នាពេលខាងមុខ​ផង សហព័ន្ធ​របស់លោក​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​ដល់​ថ្នាល​យុវជន​នានា ដើម្បី​ធ្វើ​ឲ្យ​កាន់ តែ​ប្រសើរឡើង​បន្ថែមទៀត​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​បង្កើន​កម្រិត​បច្ចេកទេស សមត្ថភាព​របស់​ពួកគេ​ផង ដែរ​។​

    ចំណែកឯ​ប្រភេទ​កីឡាហែលទឹក ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ទាំង​ការសម្រិតសម្រាំង​អត្ត​ព​លិ​ក និង​មន្ត្រី​បច្ចេកទេស សម្រាប់​ចូលរួម​ការប្រកួត​កីឡា​ជាតិ លើក​ទី​១​ឆ្នាំ​២០១៦​ដែរ ដែល​នឹង​ត្រូវធ្វើ​នៅ​អាង​ដែល​ទឹក​លំដាប់​ស្តង់ដារ​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ខេត្តកំពង់ចាម គឺ​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​។​

    លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បញ្ជាក់ថា ការប្រកួត​កីឡាហែលទឹក​ត្រូវធ្វើឡើង​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ហើយ​គិត​មកដល់ពេលនេះ ទាំង​គណៈកម្មការ មន្ត្រី​បច្ចេកទេស​ប្រកួត និង​កីឡាករ កីឡាការិនី ដែល​ត្រូវ​ប្រកួត​បាន​ត្រៀម​រួចរាល់​អស់ហើយ គឺ​គ្មានអ្វី​ត្រូវ​បារម្ភ​ទៀត​នោះទេ​។ 

    ហែល​ទឹកជា​ប្រភេទ​កីឡា​មួយ ក្នុងចំណោម​ប្រភេទ​កីឡា​ទាំង​១៥ ដែល​ត្រូវ បានអនុញ្ញាត​ឲ្យ​ចូលរួម​ការប្រកួត​កីឡា​ជាតិ លើក​ទី​១​នេះ ដែល​គោលដៅ​នៃ​កីឡា​ជាតិ​នេះ​ត្រូវបាន​បង្កើត ឡើង ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្នុងការ​ឈានទៅរក​មេ​ដាយ​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​ថ្នាក់​តំបន់ ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​។ ការប្រកួត​ដ៏​សំខាន់​នេះ មាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន​៤២​នាក់ មកពី​ខេត្តកោះកុង​, ខេត្តកំពង់ចាម​, ក្លឹប​ក្រសួងមហាផ្ទៃ និង​រាជធានី​ភ្នំពេញ​។​

    អត្ត​ព​លិ​ក​ទាំង​៤២​នាក់​នេះ ត្រូវបាន​សម្រិតសម្រាំង​យកមក​ប្រកួត​ដោយ​ផ្នែក​ទៅលើ​លទ្ធផល និង​កម្រិត​បច្ចេកទេស​របស់​ពួកគេ ក្នុងការ​ប្រកួត ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ នាពេល​កន្លងមក​។ វិញ្ញាសារ ដែល​ដាក់​ឲ្យ​ប្រកួត​មាន​១៨​វិញ្ញាសា​។​

    រីឯ​ប្រភេទ​កីឡា​ចំបាប់​ត្រូវបាន​អគ្គលេខាធិការ​សហព័ន្ធ​ជំនាញ​មួយ​នេះ លោក ធិ​ន វិចិត្រ បញ្ជាក់ដែរថា សហព័ន្ធ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ សម្រាប់​កីឡាករ កីឡាការិនី មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញា កណ្តាល​ជាដើម​។​

    សូមបញ្ជាក់ថា ប្រភេទ​កីឡា ដែល​ដាក់​ឲ្យ​ប្រកួត​ត្រូវបាន​សម្រេច​ដោយ​ផ្លូវការ​ចំនួន​១៥ រួមមាន​៖ អត្ត ពលកម្ម​, ហែល​ទឹក​, វាយ​សី​, បាល់បោះ​, ប្រដាល់​, បាល់ទាត់​, ចំបាប់​, វាយ​កូនឃ្លី​លើ​តុ​, តេ​ក្វាន់​ដូ WTF, វាយ​កូន​បាល់​, បាល់ទះ​, ប៉េតង់​, ល្បុក្កតោ​, កាយសម្ព័ន្ធ និង​សូ​រិ​ន​ហ្សិ​កាំ​ប៉ូ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាតិប្រមាណ ១​លាន​ដុល្លារ​អាមេរិក​៕ (​រូបភាព​ឯកសារ​)​

adverise with khmeread

មតិយោបល់