14724089 1145256332227907 1884432659 o

ក្មេងប្រុស​ស្រី ៣​ នាក់​លង់ទឹក​ស្លាប់​នៅ​ស្រុក​ស្រីស្នំ​

    សៀមរាប ៖ ក្មេងប្រុស​ស្រី​ចំនួន ៣ ​នាក់​ដែលជា​សិស្សសាលា បាននាំគ្នា​ទៅលេង​ទឹក​បណ្ដាលឱ្យ​លង់​ស្លាប់​ទាំង ៣ ​នាក់ ក្នុងនោះ​មាន ០២​ នាក់​ជា​បងប្អូន​បង្កើត បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាណាព្យាបាល​របស់​ក្មេងប្រុស​ស្រី​។​

    គ្រោះថ្នាក់​លង់ទឹក​ស្លាប់​នេះ កើតឡើង​នៅ​អាង​មួយកន្លែង​ខាងកើត​វត្ត​ជ្រោយ​នាង​ងួន ស្ថិតនៅ​ខាងលិច​ភូមិ​អំពៅ​ដៀប ចម្ងាយ​ប្រហែល ១៥០ម៉ែត្រ ក្នុង​ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប កាលពី​វេលា​ម៉ោង១១ ​និង​៣៥​នាទី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​។​

    លោក​វរសេនីយ៍ត្រី អ៊ុន ស្រស់ អធិការ​ប៉ូលិស​ស្រុក​ស្រីស្នំ​បានឱ្យដឹងថា ក្មេង​ទាំង ៣ ​នាក់ បាននាំគ្នា​ទៅលេង​ទឹក នៅ​ទីតាំង​ខាងលើ។​ បន្ទាប់មក​មាន​ក្មេងប្រុស​ម្នាក់ទៀត​បាន​ដើរទៅ​ក្រោយ ពេលទៅដល់​កន្លែងកើតហេតុ ក៏​មិនឃើញ​ក្មេង​ទាំង ៣ ​នាក់​នោះ ហើយ​បាន​រត់​មក​ប្រាប់​អាណាព្យាបាល​ក្មេង​ទាំងបី​នាក់​ហើយ​បាននាំគ្នា​ទៅរក​ភ្លាមៗ តែ​អកុសល​ក្មេង​ទាំង​នោះបាន​ស្លាប់​ទៅហើយ​។​

    លោក​អធិការ​ប៉ូលិស​ស្រុក​បាន​បន្តថា ក្មេងរងគ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ ឆុន ស្រី​កុ​ត ភេទ​ស្រី អាយុ ០៨ ​ឆ្នាំ, ​២-​ឈ្មោះ ឆុន សៀង​ហៃ ភេទ​ប្រុស អាយុ ០៦ ​ឆ្នាំ ​និង​៣-​ឈ្មោះ ហួ លី​ហៀ​ង ភេទ​ប្រុស អាយុ ០៥​ឆ្នាំ​។​ ក្មេង​ទាំង​៣​នាក់ រស់នៅក្នុង​ភូមិ​ជ្រោយ​នាង​ងួន ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

    បច្ចុប្បន្ន​ក្មេង​ទាំង ០៣​ នាក់ ក្រោយពី​បានធ្វើ​ការពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ​រួចរាល់​មក​ប៉ូលិស​ស្រុក​ស្រីស្នំ បានប្រគល់​សព​ជួន​ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​។​

    លោក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប បាន​សំណូមពរ​ដល់​អាណាព្យាបាល មាតាបិតា ក្មេងប្រុស​ស្រី​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​កូនចៅ​គ្រាប់​ពេលវេលា ដោយសារ​រដូវ​នេះ​ជា​រដូវវស្សា ដែលមាន​ទឹកជំនន់​ជន់​លិច​ដែល​ធ្វើឱ្យ​ក្មេងៗ​នាំគ្នា​ទៅលេង​ទឹក បណ្ដាលឱ្យ​លង់​ស្លាប់​ដូច​ករណី​ខាងលើនេះ៕

មតិយោបល់