adverise with khmeread Messi icardi

ទូរទស្សន៍​អា​ហ្ស​ង់​ទីន​មួយ​អះអាងថា Messi មានអំណាច​ខ្លាំង​រហូតដល់​ថ្នាក់​អាច​ចុច​ឱ្យ Icardi ចូល​លេង​ឬ​មិន​លេង ស្រេច​ចិត្ត​

    ​អំណាច​បាល់ទាត់​អាមេរិក​ខាងត្បូង​របស់​អា​ហ្ស​ង់​ទីន គឺ​ផុង​ក្នុង​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ​ក្នុងការ​ប្រកួត​ជម្រុះ​ដើម្បី​ឆ្ពោះទៅកាន់​ដំណើរ​ប្រជែង​ពានរង្វាន់​ពិភពលោក 2018 World Cup ដោយ​ពួកគេ​អាច​ទទួល​បានតែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ជម្រុះ​បី​លើកចុងក្រោយ​របស់ខ្លួន​។​

​    ​ដោយ​គ្មាន​ប្រធាន​ក្រុម​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​របួស Lionel Messi ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​បាន​ជួបប្រទះ​ភាព​ខកចិត្ត​ម្តងទៀត​ដោយ​បរាជ័យ​ក្នុង​លទ្ធផល ១-០ ក្រោយ​ដៃ​ប៉ា​រ៉ា​ហ្គា​យ​ក្នុង​សប្តាហ៍​នេះ​។​

​    ​បច្ចុប្បន្ន​ពួកគេ​កំពុងស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​ទី​ប្រាំ ដែលមាន​ត្រឹម​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ពីលើ​ប៉ា​រ៉ា​ហ្គា​យ និង​ពីរ​ពិន្ទុ​ពីលើ​ឈី​លី​។ មានតែ​បួន​កៅអី​ប៉ុណ្ណោះ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​ដែលមាន​សិទ្ធិ​ស្វ័យប្រវត្តិ​ឆ្លងទៅ​កាន់ World Cup ។​

​    ​ដោយឡែក​យោងតាម កម្មវិធី Final Debate របស់​ទូរទស្សន៍​អា​ហ្ស​ង់​ទីន Argentine TV បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដែល​ហ៊ាន​អះអាង​រឿង​មួយ​ក្រោយពី​ការបង្ហាញ​ទម្រង់​ដ៏​យ៉ាប់យ៉ឺន​ក្នុង​សប្តាហ៍​នេះ​របស់​ពួកគេ​ក្នុងជំនួប​ជាមួយ​ប៉ា​រ៉ា​ហ្គា​យ​។​

​    ​ខ្សែប្រយុទ្ធ Inter Milan កីឡាករ Mauro Icardi បាន​លេង​ត្រឹមតែ​ប្រាំបី​នាទី​ប៉ុណ្ណោះ​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ហើយ​ម្រាមដៃ​ចង្អុល​ទម្លាក់កំហុស គឺ​មិនមាន​នរណា​ផ្សេង​ក្រៅពី Leo Messi ឡើយ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​កម្មវិធី Final Debate បានឱ្យដឹងថា Messi គឺ​នៅតែ​ជា​មិត្ត​ល្អ​ជាមួយនឹង​មិត្ត​រួម​ក្រុម Barcelona របស់ខ្លួន Maxi Lopez ។ បច្ចុប្បន្ន​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ Mauro Icardi បាន​ដណ្តើមយក​ភរិយា​របស់ Lopez គឺ នាង Wanda Nara ខណៈដែល​អ្នក​ទាំងពីរ​ធ្លាប់​លេង​នៅឯ​ក្រុម Sampdoria ជាមួយគ្នា​។​

​    ​ទូរទស្សន៍​អា​ហ្ស​ង់​ទីន​បាន​សន្និដ្ឋាន​ឆៅៗ​ថា Messi ជា​អ្នក​ចេញមុខ​កំណត់ថា​តើ​គួរ​ការកោះហៅ Icardi ចូល​លេង​ជម្រើសជាតិ​ឬក៏​អត់​។ អ្នក​អាច​សន្និដ្ឋានបានថា Messi មានអំណាច​ខ្លាំង​ក្នុង​ជម្រើសជាតិ ប៉ុន្តែ​ការអះអាង​របស់​ទូរទស្សន៍​នេះ​ដូចជា​ពន្លើស​ពេក​ហើយ​មែន​ទេ​?៕

adverise with khmeread

មតិយោបល់