adverise with khmeread Se7en 1

Se7en ចេញ​អាល់​ប៊ុ​ម​ថ្មី បន្ទាប់ពី​មានរឿង​អាស្រូវ​នៅ​ហាង​ម៉ាស្សា​ “វ៉ៃ​សិច​”

    ​បន្ទាប់ពី​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ហាង​ម៉ាស្សា​ “វ៉ៃ​សិច​” ការចែក​ផ្លូវ​គ្នា​ពី​មិត្តស្រី​និង​ការបង្កើត​ទំនាក់ទំនង​ស្នេហា​ថ្មី​មក តារាចម្រៀង​កូរ៉េ Se7en ដែលមាន​ឈ្មោះ​ដើម Choi Dong Wook បាន​វិល​ត្រឡប់មក​បង្ហាញមុខ​ជាថ្មី​ជាមួយនឹង​អាល់​ប៊ុ​ម​ដែល​ផលិត​ដោយ​ខ្លួនឯង បន្ទាប់ពី​បាត់​មុខ​ជិត​៥​ឆ្នាំ​។​

​    ​អាល់​ប៊ុ​ម​ដែលមាន​ចំណងជើង​ថា “I AM Se7en” នឹង​បង្ហាញថា Se7en គឺជា​នរណា​នៅពេលនេះ នេះ​បើតាម​ការអះអាង​របស់​តារាចម្រៀង​វ័យ​៣១​ឆ្នាំ​រូបនេះ ដែល​បាន​ប្រាប់​អ្នកកាសែត​ក្នុង​បទ​សម្ភាស​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​Se7en បាន​និយាយថា “​ខ្ញុំ​ពិតជា​ពេញចិត្ត​នឹង​អាល់​ប៊ុ​ម​នេះ ពីព្រោះ​ខ្ញុំ​បាន​ចូលរួម​បង្កើត​ម៉េ​ឡូ​ឌី សរសេរ​ទំនុកច្រៀង​និង​ការផលិត​គ្រប់​បទ​ចម្រៀង​ទាំងអស់​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​បាន​ត្រឡប់មក​បង្ហាញមុខ​នៅលើ​វេទិកា ច្រៀង​ចម្រៀង​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកគាំទ្រ​របស់ខ្ញុំ​”​។ 

​    ​តារាចម្រៀង​រូបនេះ ដែល​បាន​បង្ហាញមុខ​លើកដំបូង​កាលពី​ឆ្នាំ​២០០៣ ជាមួយនឹង​បទ​ល្បី “Come Back to Me” អាប់មុខអាប់មាត់​ដោយសារតែ​រឿងអាស្រូវ​កាលពី​ឆ្នាំ​២០១៣ នៅពេល Se7en និង​តារាចម្រៀង​រែ​ប Sangchu ត្រូវគេ​ប្រទះឃើញ​ចូលទៅ​ហាង​ម៉ាស្សា “វ៉ៃ​សិច​” ខណៈពេល​កំពុង​បំពេញ​កាតព្វកិច្ច​យោធា​របស់ខ្លួន​។​

​    ​Se7en បាន​ចែកផ្លូវ​ពី​មិត្តស្រី​យូរអង្វែង​គឺ​តារា​ស្រី Park Han-byul ហើយ​កាលពី​ខែ​មុន មាន​ព័ត៌មាន​ថា តារាចម្រៀង​រូបនេះ​មាន​ទំនាក់ទំនង​ជាមួយ​តារា​ស្រី​ម្នាក់ទៀត Lee Da-hae ។​

    Se7en បាន​និយាយថា ខ្លួន​ដឹង​អំពី​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​សាធារណជន និង​ការអត្ថាធិប្បាយ​អវិជ្ជមាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។​

​    ​Se7en បាន​បន្ថែមថា “​ខ្ញុំ​ដឹងថា អ្នកខ្លះ​មិន​សប្បាយចិត្ត​ទេ​នៅពេល​ឃើញ​ខ្ញុំ​វិលត្រឡប់​មកវិញ​។ ខ្ញុំ​ដឹងថា ខ្ញុំ​មិនអាច​ទាក់ទាញ​ពួកគេ​ត្រឡប់មកវិញ​ត្រឹមតែ​អាល់​ប៊ុ​ម​មួយ​នោះទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ប្រសិនបើ​ខ្ញុំ​បន្ត​បង្ហាញ​ការសម្តែង​ដ៏​ល្អ ខ្ញុំ​នឹង​អាចធ្វើ​ឲ្យ​ពួកគេ​ប្តូរ​ចិត្ត​វិញ​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់