Unnamed %281%29

ការប្រណាំង​សេះ​ប្រចាំ​ខែតុលា​របស់​ក្រុមហ៊ុន 7NG ធ្វើ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ស្អែក​នេះ ដើម្បី​សម្រាំង​រក​សេះ​ខ្លាំងៗ​នៅ​ចុងឆ្នាំ​

    កណ្តាល ៖ ការប្រកួត​កីឡា​ប្រណាំងសេះ​ដណ្តើមពាន​រង្វាន់ SCT Sport Complex ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន 7NG ដែល​បាន​ធ្វើឡើងជាប្រចាំ នៅ​តំបន់​អភិវឌ្ឍន៍ 7NG ឃុំ​វិហាររ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​នោះ នឹង ត្រូវធ្វើឡើង នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៥ តុលា ស្អែក​នេះ ដើម្បី
​សម្រាំង​រក​សេះ​ខ្លាំងៗ​ប្រចាំខែ​នីមួយៗ​ឈានទៅ ដណ្តើមពាន​រង្វាន់​អមដោយ​ប្រាក់រង្វាន់ ចំនួន​១​ម៉ឺន​៥​ពាន់​ដុល្លារ​សហរដ្ឋ​អា​មេ​រិ នា​អំឡុង​ខែធ្នូ  ឆ្នាំ​២០១៦​។​

    លោក ស្រី ច​ន្ធូ ម្ចាស់​ទីលាន SCT Sport Complex និង​ជា​ប្រធាន​ក្រុមហ៊ុន ​7NG មានប្រសាសន៍ថា គោលបំណង​នៃ​ព្រឹត្តិការណ៍​ប្រកួតកីឡា​ប្រណាំងសេះ​នេះ គឺ​ដើម្បី​ផ្តល់ជូន​នូវ​សប្បាយរីករាយ​ការ ទស្សនា កម្សាន្ត​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​តំបន់​អភិវឌ្ឍន៍​របស់លោក ហើយ​ក៏បានផ្តល់ឱកាស​ដល់​កីឡាករ ដែល​ចូលរួមបាន​បង្កើន​បច្ចេក​ទេស និង​កម្រិត​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ហើយ​តាម រយៈ​ព្រឹត្តិការណ៍ប្រចាំខែ​នីមួយៗ​នេះ ក៏បាន​រួមចំណែក​ជាមួយ​វិស័យ​កីឡា​ជាតិ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ឲ្យ កាន់តែ​រីកចម្រើន​ផងដែរ​។ 

    លោក​ជឿជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​ប្រចាំខែ និង​ជុំ​ផ្តាច់ព្រ័ត្រ ដែលមាន​ប្រាក់ រង្វាន់​ដ៏​ធំ​សម្បើម​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋ​ភិ​បាល​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ អាស៊ាន ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​នៅ​កម្ពុជា ដែល​ទទួលបាន
​សិទ្ធិជា​ម្ចាស់ផ្ទះ​នោះ​ផងដែរ​។​

    ការប្រកួត​នេះ​មានការ​ចូលរួម​សេះ​អាជីព ដែល​នាំ​ចូលរួម​ពី​ប្រទេស​ថៃ ឬ​វៀតណាម​មក​ប្រណាំង ដើម្បី បង្ហាញ​សមត្ថភាព ដើម្បី​បង្កើនភាពសប្បាយ​រីករាយ​និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​ចំពោះ​វិស័យ កីឡា ប្រណាំងសេះ ក៏ដូចជា​ជំរុញ​ឲ្យ​អ្នក​ជិះសេះ​ខ្មែរ មាន​ឆន្ទៈ​ខិតខំកាន់តែខ្លាំង​។​

    អ្វីដែល​សំខាន់​គឺ ដើម្បី​រួមចំណែក​អភិវឌ្ឍ វិស័យ​កីឡា​ជិះសេះ​ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ក្លាយជា​កីឡាករ​អាជីព ឬ​សេះ​អាជីពដែលមាន​សមត្ថភាព អាច​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ​នា​ថ្ងៃ​អនាគត​ផងដែរ​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា SCT Sport Complex នេះ​មាន​ច្រើន​ប្រភេទ​កីឡា ដូចជា​បាល់ទាត់ ប្រណាំង​ម៉ូតូ​ហោះ​, ប្រណាំងសេះ និងរត់ប្រណាំង ប្រណាំង​រថយន្ត​ជាដើម ប៉ុន្តែ​សម្រាប់​ខែតុលា​នេះ​គណៈ​កម្ម ការ​បាន​ផ្អាក​ប្រភេទ​កីឡា​យានយន្ត​មួយ ដោយ​ស្ថានភាព​ទីលាន​កំពុងតែ​អភិវឌ្ឍ​ឲ្យកាន់តែ​ល្អប្រសើរ​៕

មតិយោបល់